បន្ទាយមានជ័យ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលព័ត៌មានពីសន្តិសុខថា មានករណីលក់ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចម្តុំមាត់អូរ ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ភ្លាមៗ ក្រោយពីទទួលបានព័ត៌មាន លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានដឹកនាំកម្លាំងចុះទៅដល់ចំណុចកើតហេតុខាងលើ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ទេពផន ប៊ុនគុណ ហៅប៊ីន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិថៃ ដកហូតវត្ថុតាង គ្រឿងញៀនប្រភេទ WY ចំនួន ០១ថង់កិប ស្មើនឹង ១០គ្រាប់ ទម្ងន់ ១,១១ក្រាម, ម៉ូតូ ចំនួន០១គ្រឿង ម៉ាកហុងដា SCOOPY ពណ៌ផ្កាឈូកលាយសគ្មានផ្លាកលេខ, ទូរសព្ទ ចំនួន ០១គ្រឿង (ម៉ាកIphone SE ០១គ្រឿង ពណ៌ស) រួមនឹងវត្ថុតាងមួយចំនួនទៀត។
បន្ទាប់មក កម្លាំងបាននាំខ្លួនជនសង្ស័យខាងលើ និងវត្ថុតាងដកហូត មកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីចាត់ការតាមនីតិវិធី ។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀន មកលក់ផង និងប្រើប្រាស់ដោយខ្លួនឯងផង ។ ដោយផ្អែកតាមចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្ត ។
ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី




