ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពពិធីសម្ពោធដាក់ឱ្យដំណើរការបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត (DE MONTFORT) នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ២០២៤។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងលើកទឹកចិត្តឲ្យសាកលវិទ្យាល័យសហការជាមួយធុរកិច្ចអង់គ្លេស និងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីទទួលបានការគាំទ្រនានាបណ្ដុះបណ្ដាលសហគ្រិនភាព ដើម្បីចូលរួមបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា ជាមួយនឹងគំនិតនវានុវត្តន៍របស់និស្សិតដែលទទួលបានពីសាកលវិទ្យាល័យ។
សាកលវិទ្យាល័យ ឌឹ ម៉ុងហ្វត ខេមបូឌា (DE MONTFORT UNIVERSITY CAMBODIA) គឺជាសាកលវិទ្យាល័យដំបូងគេរបស់ចក្រភពអង់គ្លេសនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៧០ និងមានប្រវត្តិនៃការបង្រៀនជាង ១៥០ ឆ្នាំ មាននិស្សិតប្រមាណ ៣៥,០០០ នាក់កំពុងសិក្សានៅចក្រភពអង់គ្លេស និងក្រៅប្រទេស មានកម្រិតស្តង់ដារអន្តរជាតិ ដោយមានសាខានៅចក្រភពអង់គ្លេស មជ្ឈិមបូព៌ា (ឌុយបៃ) អាស៊ីបូព៌ា (កាហ្សាក់ស្ថាន) និងបច្ចុប្បន្ននៅអាស៊ីអាគ្នេយ៍ (កម្ពុជា) ។ សាកលវិទ្យាល័យ មានបុគ្គលិក និងនិស្សិតមកពីជាង ១៤០ ប្រទេស និងមានកិច្ចព្រមព្រៀងសហការដៃគូ (Progression and Articulation Agreements) ជាមួយនឹងស្ថាប័នជាង ១០០ នៅទូទាំងពិភពលោក។
រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា បានយកចិត្តទុកដាក់លើការអប់រំ និង ការបណ្តុះបណ្តាលដើម្បីបង្កើនធនធានមនុស្ស ដែលជាមូលដ្ឋាននៃការអភិវឌ្ឍប្រទេស ដោយបានបន្តខិតខំកែទម្រង់វិស័យអប់រំគ្រប់កម្រិត រួមទាំងការដាក់ចេញគោលនយោបាយ និងវិធានគន្លឹះនានា ឱ្យអនុវត្តដើម្បីបង្កើនគុណភាពអប់រំ ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងតម្លាភាព ឈានឆ្ពោះទៅសម្រេចបាននូវគោលដៅប្រែក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាមាន ចំណូលខ្ពស់ឆ្នាំ២០៥០។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះកត្តា «មនុស្ស» នៅក្នុងការអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅកាន់ប្រទេសចំណូលខ្ពស់ ស្របតាមចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តទៀតថា ប្រទេសនីមួយៗមិនអាចមានភាពរីកចម្រើនទៅមុខបានទេ ប្រសិនបើខ្វះនូវធនធានមនុស្ស និងខ្សោយនូវវិស័យអប់រំនោះ ដូច្នេះវត្តមានសាកលវិទ្យាល័យ DE MONTFORT គឺនឹងផ្តល់តម្លៃជាច្រើនដល់និស្សិតកម្ពុជា និងផ្តល់តម្លៃទៅវិញទៅមករវាងកម្ពុជា និងអង់គ្លេសផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា វត្តមានសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត ក៏ជាការរួមចំណែកមួយដ៏សំខាន់លើវិថីអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ឱ្យក្លាយទៅមូលធនមនុស្សដ៏ពិតប្រាកដ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ចំពោះវត្តមាននៃសាកលវិទ្យាល័យ De Montfort សម្តេចមើលឃើញនូវអត្ថន័យបួនយ៉ាង ពីការចាប់បដិសណ្ឋារកិច្ច នៃសាកលវិទ្យាល័យរបស់អង់គ្លេសនៅកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា វត្តមាននៃសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត (De Montfort) គឺជាការផ្តល់តម្លៃបន្ថែមដល់គ្រឹះស្ថានអប់រំឧត្តមសិក្សា ដោយហេតុថា សាកលវិទ្យាល័យនេះត្រូវបានជ្រើសរើសជាមជ្ឈមណ្ឌលជាសកលមួយរបស់អង្គការសហប្រជាជាតិ និងដៃគូផ្សេងទៀត ដើម្បីឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការស្រាវជ្រាវ ការងារសហគមន៍ និងឧត្តមភាពសិក្សា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា វត្តមានរបស់សាកលវិទ្យាល័យ De Montfort នឹងក្លាយជាកាតាលីករជំរុញការប្រកួតប្រជែង គុណភាពអប់រំកម្រិតឧត្តមសិក្សានៅកម្ពុជា និង ជាការបង្កើនជម្រើសកាន់តែសំបូរបែប ដល់ទីផ្សារអប់រំ និងនិស្សិតកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វត្តមាននៃសាកលវិទ្យាល័យ De Montfort គឺជាការផ្តល់តម្លៃបន្ថែមដល់គ្រឹះស្ថានអប់រំឧត្តមសិក្សា ដោយហេតុថា សាកលវិទ្យាល័យនេះ ត្រូវបានជ្រើសរើសជាមជ្ឈមណ្ឌលជាសកលមួយរបស់អង្គការសហប្រជាជាតិ ជាដៃគូសហការជាមួយនឹងមជ្ឈមណ្ឌលអប់រំនានារបស់អង្គការសហប្រជាជាតិ និងជាដៃគូផ្សេងទៀត ដើម្បីឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការស្រាវជ្រាវ ការងារសហគមន៍ និងឧត្តមភាពសិក្សា។
សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តថា សាកលវិទ្យាល័យ De Montfort អាចជួយកម្ពុជា ក្នុងការការពាររំហូរចេញនៃធនធានខួរក្បាល តាមរយៈការផ្ដល់នូវការអប់រំ និងការបង្កើតការងារនៅនឹងកន្លែងពោល គឺនៅក្នុងប្រទេសកម្ពុជាផ្ទាល់តែម្ដង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញជឿជាក់ថា នេះគឺជាកាលានុវត្តភាពថ្មី សម្រាប់និស្សិតយើង ក្នុងការ ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ពីប្រព័ន្ធអប់រំរបស់ចក្រភពអង់គ្លេស នៅក្នុងប្រទេសកំណើតរបស់ខ្លួន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សាកលវិទ្យាល័យ De Montfort ក៏នឹងផ្ដល់ឱកាសដល់និស្សិតខ្មែរ ដែលមានបំណងចង់ទទួលបានបទពិសោធសិក្សាថ្នាក់ឧត្តមសិក្សាទាំងរយៈពេលខ្លី និងវែង នៅចក្រភពអង់គ្លេស ឬនៅប្រទេសផ្សេងទៀត, ប៉ុន្តែយ៉ាងណាក្តី តាមរយៈការផ្សារភ្ជាប់វត្តមានផ្ទាល់ នៅលើទឹកដីរបស់កម្ពុជា សាកលវិទ្យាល័យនេះក៏នឹងរួមចំណែកបណ្ដុះវប្បធម៌ និងការយល់ដឹងពីបរិការណ៍អន្តរជាតិ ទន្ទឹមគ្នានឹងបរិការណ៍ដោយឡែកនៃគុណតម្លៃ និងការវិវឌ្ឍនៃសង្គមកម្ពុជាផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះកត្តា មនុស្ស នៅក្នុងការអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅកាន់ប្រទេសចំណូលខ្ពស់ស្របតាមចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី






























