កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ ស្តីពីការអនុវត្តស្តង់ដាសាលាមធ្យមសិក្សាចំណេះដឹងទូទៅសាធារណៈគំរូ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោក លោកស្រី មន្ត្រីពាក់ព័ន្ធក្រោមឱវាទ និងបុគ្គលិកអប់រំ នៃមន្ទីរអប់រំមកពីខេត្ត កំពង់ឆ្នាំង បាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ ប៉ៃលិន និងឧត្តរមានជ័យ សរុបចំនួនប្រមាណ ១២០នាក់នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីបំប៉ន និងពង្រឹងសមត្ថភាពបន្ថែមដល់ថ្នាក់មន្ទីរអប់រំ ការិយាល័យអប់រំ នាយកសាលាគោលដៅនៅក្នុងតំបន់ទី១ ឱ្យទទួលបាននូវចំណេះដឹង និងការយល់ដឹងកាន់តែស៊ីជម្រៅលើស្តង់ដា សាលាមធ្យមសិក្សាគំរូ និងយន្តការចុះជួយគាំទ្រសាលារៀន ដើម្បីធានាបាននូវការអនុវត្តប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។
ដើម្បីជំរុញនូវការអនុវត្តផែនការសកម្មភាពកំណែទម្រង់វិស័យអប់រំឱ្យកាន់តែល្អប្រសើរ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានផ្តល់អនុសាសន៍មួយចំនួនដូចជា ៖
- ដើម្បីពង្រឹងគុណភាពអប់រំ ត្រូវផ្អែកលើការពង្រឹងកត្តាសំខាន់ ៤ រួមមាន៖ (ទី១). កត្តាសាលារៀន (ទី២). កត្តាសិស្ស (ទី៣). កត្តាគ្រូបង្រៀន និង (ទី៤). កត្តាឪពុកម្តាយ អ្នកអាណាព្យាបាល។
- ទី១. កត្តាសាលារៀន៖ ត្រូវតែមានអគារហេដ្ឋារចនាសម្ព័ន្ធសមប្រកប បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ រៀបចំបរិស្ថានសាលារៀនស្អាត ដើម្បីទាក់ទាញសិស្សឱ្យចង់ទៅរៀន គឺទាមទារទាំងការវិនិយោគ និងការចេះថែទាំ និងជាពិសេសការដឹកនាំគ្រប់គ្រងបានល្អ ពីសំណាក់នាយក នាយិកាសាលារៀន ដែលជំរុញបាននូវអភិបាលកិច្ចសាលារៀនប្រកបដោយប្រសិទ្ធភាពខ្ពស់
- ទី២. កត្តាសិស្ស៖ សិស្សត្រូវមានសុខភាពរឹងមាំល្អ ខួរឆ្លាតវៃ ទើបរៀនបានពូកែ ដែលនេះទាមទារការយកចិត្តទុកដាក់ដល់ការលូតលាស់របស់កូន ពីសំណាក់ក្រុមគ្រួសារ ឪពុកម្តាយ និងអ្នកអាណាព្យាបាល តាំងពីវ័យកុមារ (១០០០ថ្ងៃដំបូង) ក៏ដូចជាការបញ្ជូនកូនឱ្យចូលរៀនថ្នាក់មត្តេយ្យដើម្បីរៀបចំពួកគេសម្រាប់ការចូលរៀនថ្នាក់បឋមសិក្សា និងកម្រិតសិក្សាបន្តបន្ទាប់ទៀត។
- ក្រសួង នឹងបន្តផ្តល់ជូនសៀវភៅគោលបន្ថែមទៀតដល់សាលារៀន ក៏ដូចជាបន្តកែលម្អសៀវភៅគោល ដោយផ្សារភ្ជាប់នឹងវិធីសាស្ត្របង្រៀនថ្មីៗឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។
- ទី៣. កត្តាគ្រូបង្រៀន៖ ក្រសួងបាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការបណ្ដុះបណ្តាលគ្រូបង្រៀនឱ្យមានគុណភាព ដោយផ្តោតលើស្តង់ដាវិជ្ជាជីវៈគ្រូ និងបន្តពង្រឹងគុណវុឌ្ឍិគ្រូបង្រៀន ដោយពង្រឹងការប្រឡងចូលគ្រូ ការដាក់បញ្ចូលវិធីសាស្ត្របង្រៀនថ្មីៗ ដែលជាផ្នែកមួយនៃកំណែទម្រង់សាលាគរុកោសល្យ និងបន្តលើកកម្ពស់តួនាទី កិត្តិយស និងជីវភាព គ្រូបង្រៀន ឱ្យកាន់តែមានតម្លៃក្នុងសង្គម។
- ទី៤. កត្តាឪពុកម្តាយ អ្នកអាណាព្យាបាល៖ ត្រូវចូលរួមជំរុញកូនឱ្យទៅរៀន និងប្រឹងប្រែងសិក្សា។ ការអប់រំពិតជាអាចផ្លាស់ប្តូរវាសនារបស់មនុស្សបាន ទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់សិស្សផ្ទាល់ ក៏ត្រូវមានការគាំទ្រទាំងផ្នែកស្មារតី និងធនធានពីសំណាក់ក្រុមគ្រួសារ ឪពុកម្តាយ អ្នកអាណាព្យាបាល និងសហគមន៍។
- គណនេយ្យភាពសាលារៀន៖ ដើម្បីកែលម្អសាលារៀន ឱ្យទទួលបានជោគជ័យ ត្រូវចាប់ផ្តើមពីការធ្វើតេស្តស្តង់ដា ដើម្បីវាស់ពីចំណេះដឹងពិតប្រាកដរបស់សិស្ស ដឹងពីចំណុចខ្លាំង និងខ្សោយត្រូវបំពេញបន្ថែម ការរៀបចំជាគណៈកម្មាការគ្រប់គ្រងសាលារៀន រៀបចំថ្នាក់រៀន ជួយពិនិត្យតាមដានការដឹកនាំគ្រប់គ្រងសាលារៀន។
- កត្តាគន្លឹះនៃគណនេយ្យភាពសាលារៀន គឺដើម្បីបង្រៀនសិស្សឱ្យចេះ ដើម្បីទទួលបានការគោរព និងផ្តល់តម្លៃពីឪពុកម្តាយ អ្នកអាណាព្យាបាល និងសហគមន៍ ហើយជាផ្នែកមួយនៃយុទ្ធសាស្ត្របង្រៀនឱ្យចេះ គឺត្រូវបង្រៀនឱ្យបានពេញមួយថ្ងៃ ទន្ទឹមនឹងការមានវិធីសាស្ត្របង្រៀនត្រឹមត្រូវ។
- គន្លឹះនៃការកែលម្អ គឺត្រូវតែខំប្រឹងបន្តសហការ ជួយគាំទ្រគ្នា និងរៀនសូត្រពីគ្នាទៅវិញទៅមក រវាងនាយកសាលា និងនាយកសាលា ក៏ដូចជាលោកគ្រូអ្នកគ្រូ ហើយគ្រូដែលជួយគ្រូផ្សេងទៀតឱ្យរីកចម្រើន និងក្លាយជាគ្រូឈានមុន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់បំផុតលើការអភិវឌ្ឍធនធានមនុស្សដែលជាសសរទ្រូង នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឆ្ពោះទៅសម្រេចបានចក្ខុវិស័យអភិវឌ្ឍកម្ពុជាឆ្នាំ២០៥០។
ឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា នឹងជំរុញសាលារៀនរដ្ឋ ចាប់ពីកម្រិតមត្តេយ្យសិក្សារហូតដល់មធ្យមសិក្សាទុតិយភូមិ យ៉ាងតិចចំនួន៥០០ ទៅ ១០០០សាលាឱ្យក្លាយជាសាលារៀនគំរូនៅក្នុងរយៈពេល២ឆ្នាំខាងមុខ ដែលអនុលោមតាមស្តង់ដាចំនួន ៥ រួមមាន ៖ ១) លទ្ធផលសិក្សារបស់សិស្ស ២) ការបង្រៀននិងរៀន ៣) ការចូលរួមរបស់សហគមន៍ ៤) ដំណើរប្រតិបត្តិការនិងរដ្ឋបាលសាលារៀន និង ៥) គណនេយ្យភាពរបស់សាលារៀន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី








