ភ្នំពេញ ៖ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារ និងជម្រាបលាជាមួយ ឯកឧត្តម Mohamad Saeed Shafi Al-Hajri ឯកអគ្គរាជទូតនៃរដ្ឋគុយវ៉ែត ប្រចាំនៅកម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការ ជុំ សុន្ទរី បានសម្តែងការកោតសរសើរចំពោះការរួមចំណែករបស់ ឯកឧត្តម ឯកអគ្គរាជទូត Mohamad Saeed Shafi Al-Hajri ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូវ៉ែត។
ឯកឧត្តមរដ្ឋលេខាធិការ និងឯកឧត្តមឯកអគ្គរាជទូត បានសម្តែងការពេញចិត្តចំពោះការវិវត្តនៃកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតជាផ្លូវការក្នុងឆ្នាំ ១៩៩៤ មក។ ភាគីទាំងពីរ ក៏បានពិភាក្សាពីលទ្ធភាពក្នុងការរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីបន្ទាប់ រវាងក្រសួងការបរទេសទាំងពីរ នៅឆ្នាំក្រោយ ដើម្បីរិះរកមធ្យោបាយ និងវិធីសាស្ត្រ ក្នុងការពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
បន្ថែមពីលើកិច្ចសហប្រតិបត្តិការទ្វេភាគី ឯកឧត្តមរដ្ឋលេខាធិការ និងឯកឧត្តមឯកអគ្គរាជទូត ក៏បានធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើការវិវត្តក្នុងតំបន់ និងអន្តរជាតិនាពេលបច្ចុប្បន្ន ផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី





