Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្រ្ដី នេត្រ ភក្ត្រា ប្រកាសដាក់ឱ្យប្រើប្រាស់ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានប្រកាសដាក់ឱ្យប្រើប្រាស់ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា ។ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយនៃមូលដ្ឋានគ្រឹះរួមនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងយ៉ាងដូច្នេះក្នុងសន្នីសីទសារព័ត៌មាន ស្ដីពីការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា នារសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួង។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការដែលក្រសួងព័ត៌មាន សម្របសម្រួលរៀបចំបង្កើតអោយមាន ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា គឺជាផ្នែកមួយចាំបាច់ដើម្បីធ្វើអោយមានសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន លើកតម្លៃវិជ្ជាជីវៈ និងការពារសិទ្ធិរបស់អ្នកសារព័ត៌មាន ដើម្បីអោយមានមូលដ្ឋានរួមមួយសម្រាប់អនុវត្តន៍ប្រកបដោយទំនុកចិត្ត ប្រសិទ្ធភាព គុណភាព និងទំនួលខុសត្រូវវិជ្ជាជីវៈ ដែលជាផ្នែកមួយ សម្រាប់ការលើកកម្ពស់សេរីភាពខាងសារព័ត៌មាន និងសេរីភាពខាងការបញ្ចេញមតិ និងការពារ សុវត្ថិភាពអ្នកសារព័ត៌មាន ។

ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា ដែលអ្នកសារព័ត៌មាន និងសមាគមសារព័ត៌មាន រួមគ្នារៀបចំមកនេះ គឺមិនមែនសម្រាប់បិទសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មាននោះទេ ហើយក៏មិនមែនជាឧបករណ៍សម្រាប់រឹតបន្តឹងកិច្ចការងារដែលអ្នកសារព័ត៌មានកំពុងអនុវត្តន៍នោះដែរ ប៉ុន្តែជាការតម្រង់ទិសនៅក្នុងក្របខណ្ឌនៃវិជ្ជាជីវៈមួយដែលស្របតាមគោលការណ៍ដែលបានចែងក្នុងច្បាប់ ។

នៅក្នុងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះមិនមានទោសបញ្ញត្តិនោះទេ ព្រោះជាគោលការណ៍ណែនាំរួមទៅលើក្រមសីលធម៍វិជ្ជាជីវៈសារព័ត៌មាន ។ ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា អ្នកសារព័ត៌មានតំណាងឱ្យសមាគម អង្គភាពសារព័ត៌មាន និងភាគីពាក់ពន្ធ័ក្នុងវិស័យព័ត៌មាន បានបញ្ជាក់ពីភាពចាំបាច់ដែលត្រូវមាន “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន” ដើម្បីពង្រឹងការអនុវត្តក្រមសីលធម៍វិជ្ជាជីវៈ និងលើកតម្លៃនិងជំនឿទុកចិត្តលើវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ។

ឯកឧត្តមបានបញ្ជាក់ថា មូលហេតុដែលចាំបាច់ សម្រាប់ការដាក់ឱ្យប្រើប្រាស់ធម្មនុញ្ញសារព័ត៌មាននៅកម្ពុជានេះ ក៏ដោយសារតែនៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើននៃបច្ចេកវិទ្យាសារព័ត៌មាន ក្នុងនោះក៏មានការផ្លាស់ប្តូរទម្រង់នៃការផ្សព្វផ្សាយបែបបុរាណដែលសំដៅលើការផ្សាយតាមទូរទស្សន៍ ការសែត រោងពុម្ភជាដើម។ ផ្ទុយទៅវិញនៅពេលបច្ចុប្បន្ននេះការផ្សព្វផ្សាយតាមបែបទំនើបដែលសំដៅលើការផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត ដូចជាគេហទំព័រ ហ្វេសប៊ុក តិកតុក ឬក៏បណ្តាញទំនាក់ទំនងសង្គមផ្សេងៗទៀត។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា អ្វីដែលកំពុងតែប្រឈមនឹងធ្វើឱ្យគុណតម្លៃវិជ្ជាជីវៈសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជាគឺការបាត់បង់ជំនឿទុកចិត្តពីសាធារណជនចំពោះសារព័ត៌មាន គឺនៅពេលដែល កំណើនការផ្សព្វផ្សាយទំនើបកើនឡើង ហើយប្រព័ន្ធផ្សព្វផ្សាយនេះកើតចេញដំបូងផ្សាយបានបណ្តាញសង្គមហ្វេសប៊ុក តិកតុក រហូតដល់យកជាមូលដ្ឋាននៃការផ្សព្វផ្សាយព័ត៌មាន។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា នៅពេលបច្ចុប្បន្ននេះ ប្រព័ន្ធផ្សព្វផ្សាយដែលទទួលបានចុះបញ្ជីនៅក្រសួងព័ត៌មាន មានប្រមាណ២ពាន់ស្ថាប័ន។ ក្នុងនោះមានគេហទំព័រ ធីវីអនឡាញ ដែលជាប្រភេទព័ត៌មានទំនើបថ្មីមានចំនួនជាង១ពាន់អង្គភាព កំពុងប្រតិបត្តិការផ្សាយ។ ប៉ុន្តែក៏មានសារព័ត៌មានអនឡាញមួយចំនួនដែលកំពុងប្រតិបត្តិការក៏មិនទាន់បានចុះបញ្ជីត្រឹមត្រូវនោះទេ ដែលក្រសួងព័ត៌មានកំពុងតែអំពាវនាវថែមទៀត ឱ្យពួកគេមកចុះបញ្ជីស្របច្បាប់ដើម្បីប្រតិបត្តិការលើការងារផ្សព្វផ្សាយព័ត៌មាន។

ឯកឧត្តម នេត្រ ភក្រ្ដា បានគូសបញ្ជាក់ទៀតថា អាជ្ញាបណ្ណដែលក្រសួងអនុញ្ញាតកន្លងមក គឺបង្កើតគេហទំព័រ តែគាត់មិនបានបង្កើតគេទំព័រទេ បែរជាបង្កើតត្រឹមតែហ្វេសប៊ុក ឬធីវីអនឡាញ ឬគណនីហ្វេសប៊ុកជាសារព័ត៌មានតែប៉ុណ្ណោះ។ ការធ្វើបែបនេះមិនស្របតាមច្បាប់ ដោយសារក្រសួងអនុញ្ញាតឱ្យបើកគេហទំព័រ តែគេបែរជាបើកហ្វេសប៊ុក ដែលចំណុចនេះគេមិនទាន់បានបំពេញលក្ខខណ្ឌពេញលេញក្នុងច្បាប់ ដូចដែលការផ្តល់អាជ្ញាបណ្ណនោះទេ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×