ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មវិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់សាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាព្រឹកថ្ងៃទី៦ខែសីហាឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ៖ “ក្នុងពេលខ្លីខាងមុខនេះ រាជរដ្ឋាភិបាលនឹងដាក់ចេញនូវគោលនយោបាយដីធ្លី ដើម្បីទប់ស្កាត់ការរំលោភដីធ្លីរបស់រដ្ឋ និងដោះស្រាយបញ្ហាដែលប្រជាពលរដ្ឋអត់ដីប្រើប្រាស់”។
សាកលវិទ្យាល័យពុទ្ធិសាស្ត្រ មានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក គ្រូ និង សាស្ដ្រាចារ្យខែ្មរ-បរទេស សរុបចំនួន ៤៧៧នាក់ (នារី១៨៤នាក់) ហើយនិស្សិតដែលកំពុងសិក្សាមានចំនួន ២,៧០៧ នាក់ (នារី ១,៦៧៦នាក់) និងចាប់ពីឆ្នាំសិក្សា ២០០៦-២០០៧ មកដល់ឆ្នាំសិក្សា ២០២៣-២០២៤ និស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យមានចំនួន ៤,៦០៧ នាក់ ( នារី ២,៦៥៧ នាក់ ) គិតទាំងនិស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រក្នុងថ្ងៃនេះផងដែរ។ យោងតាមរបាយការណ៍ស្ទង់មតិរបស់សាកលវិទ្យាល័យពុទ្ធិសាស្រ្ត ក្នុងចំណោមនិស្សិតជ័យលាភី សរុបចំនួន៥៦១នាក់នេះ អ្នកមានការងារធ្វើមានចំនួន ៥៥៥នាក់ ស្មើនឹង ៩៩%។
សម្តេចបានថ្លែងថា ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ បានកំណត់យ៉ាងច្បាស់ ធនធានមនុស្សជាកត្តាកំណត់ដ៏សំខាន់សម្រាប់និរន្តភាព និងចីរភាពរបស់ប្រទេសជាតិ ព្រោះថាធនធានមនុស្សអាចជួយឱ្យប្រទេសជាតិមានភាពរស់រវើក មានលទ្ធភាពប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងសកលលោក អាចចាប់យកបាននូវឱកាស និងបន្ថយនូវគម្លាតនានា ជាពិសេសគម្លាតខួក្បាលនិងជួយឱ្យមានឯករាជ្យភាពក្នុងការវិវត្តរីកចម្រើនដោយខ្លួនឯង។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា ៖ ធនធានមនុស្សនៅតែជាកត្តាស្នូលនៃគោល នយោបាយរបស់រាជរដ្ឋាភិបាល ខណៈរាជរដ្ឋាភិបាលបានចាត់ទុកថា ស្ថាប័នឧត្តមសិក្សាជាដៃគូដ៏សំខាន់ដើម្បី លើកកម្ពស់វិស័យអប់រំនៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតនោះ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ៖ ផែនការអភិវឌ្ឍនៅតំបន់ព្រំដែននៃខេត្តទាំងបួនរបស់កម្ពុជាជាមួយប្រទេសជិតខាង(CLV-DTA) គឺជាផែនការអភិវឌ្ឍដែលមានការកសាងរៀបចំដោយខ្មែរខ្លួនឯង និងមានការជួយជ្រោមជ្រែងពីប្រទេសជាច្រើន ក្នុងនោះមានដូចជា អាល្លឺម៉ង់ និងជប៉ុន ជាដើម ដើម្បីអភិវឌ្ឍន៍នៅតំបន់ទាំងនោះ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងថា ៖ “ក្នុងពេលខ្លីខាងមុខនេះ រាជរដ្ឋាភិបាលនឹងដាក់ចេញនូវគោលនយោបាយដីធ្លី ដើម្បីទប់ស្កាត់ការរំលោភដីធ្លីរបស់រដ្ឋ និងដោះស្រាយបញ្ហាដែលប្រជាពលរដ្ឋអត់ដីប្រើប្រាស់”។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពេលសម្តេចនៅជាមេទ័ពសម្តេចចុះព្រំដែនច្រើនណាស់ ដើម្បីពង្រឹងកិច្ចការពារបូរណភាពទឹកដីនៅតាមព្រំដែនរវាងកម្ពុជា ជាមួយប្រទេសជិតខាង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើរាជរដ្ឋាភិបាលគ្មានចេតនាការពារទឹកដី រាជរដ្ឋាភិបាលមិនប្រឹងប្រែងក្នុងការបោះបង្គោលព្រំដែន ជាមួយប្រទេសជិតខាងនោះឡើយ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មុនពេលកម្ពុជាធ្វើផ្លូវក្រវាត់ព្រំដែន ពលរដ្ឋរស់នៅតាមព្រំដែន បើចង់ឆ្លងកាត់ពីភូមិមួយទៅភូមិមួយទៀត គឺត្រូវឆ្លងទៅខាងទឹកដីវៀតណាម។ តែបច្ចុប្បន្នមិនលំបាកបែបនោះទៀតទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នាពេលខាងមុខដ៏ខ្លី រាជរដ្ឋាភិបាលនឹងដាក់ចេញគោលនយោបាយដីធ្លី ដោយយកប្រជាពលរដ្ឋការពារការកាប់ទន្ទ្រានដីធ្លី ក៏ដូចជាការពារបូរណភាពទឹកដី។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមបន្ទាត់ព្រំដែន ត្រូវធ្វើផ្លូវពីរ ទី១ គឺផ្លូវប្រើសម្រាប់សេដ្ឋកិច្ច និងផ្លូវទី២ គឺផ្លូវក្រវាត់ព្រំដែន ប្រើក្នុងគោលដៅការពារបូរណភាពទឹកដី។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានទម្លាយថា មានបរទេសខ្លះប្រាប់សម្តេចថាការឱ្យចិនវិនិយោគនៅព្រះសីហនុ នឹងធ្វើឱ្យបាត់អធិបតេយ្យជាតិ តែសម្តេចតបទៅវិញ អរគុណដែលបានប្រាប់ ប៉ុន្តែគ្មាននរណាស្រឡាញ់ខ្មែរ ជាងខ្មែរខ្លួនឯងនោះទេ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងសម័យនេះមិនអាចរស់នៅដាច់ដោយឡែកបាននោះឡើយ គឺត្រូវមានទំនាក់ទំនង និងការរកស៊ីជាមួយគ្នា។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើឱ្យបាត់បង់ទឹកដី និងអធិបតេយ្យជាតិ គឺជាការធ្វើអត្តឃាតនយោបាយ ហើយពលរដ្ឋមិនលើកលែងឱ្យនោះឡើយ៕ រក្សាសិទ្ធដោយ ៖សុទ្ធលី






















