ភ្នំពេញ ៖ នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើពិធីបង្ហាញមុខឈ្មួញគ្រឿងញៀនជនជាតិចិន ២នាក់ និងថ្នាំញៀនជាង ២០០គីឡូក្រាម ដែលក្រុមឧក្រិដ្ឋជនបម្រុងដឹកចេញពីកម្ពុជា ទៅក្រៅប្រទេស ។
លោកឧត្តមសេនីយ៍ឯក ឃឹង សាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿង បានថ្លែងឲ្យដឹងថា៖ អនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការដឹកនាំដោយរូបលោកផ្ទាល់ និងលោកឧត្តមសេនីយ៍ទោ ស៊ី ផល្លា នាយករងមន្ទីរ លោកឧត្តមសេនីយ៍ត្រី ជាវ តុលា នាយករងមន្ទីរ លោកវរៈសេនីយ៍ទោ ម៉ក់ រដ្ឋា នាយករងមន្ទីរ និងលោកវរៈសេនីយ៍ឯក សុង ឃុនណាង នាយការិយាល័យទី១១ ហៅថា (ក១១) បានចុះបង្ក្រាបករណី រក្សាទុក នឹងដឹកជញ្ជូន គ្រឿងញៀនដោយខុសច្បាប់មួយករណី រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន២ នាក់ និងចាប់យកថ្នាំញៀនជាង២០០ គីឡូ ដែលក្រុមឧក្រិដ្ឋជន ដឹកចូលមកពីប្រទសជិតខាងចូលមកកម្ពុជា និងបម្រុងនាំចេញទៅក្រៅប្រទេស ។
លោកឧត្តមសេនីយ៍ ឃឹង សារ៉ាត់ បន្តថា៖ កម្លាំងសមត្ថកិច្ចនគរបាលជំនាញ ក១១ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ដោយប្រើពេលវាលាជាច្រើនខែ ទម្រាំបង្ក្រាបបានមួយករណីនេះ និងដោយមានការចូលសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តកណ្តាល ។
លោកនាយកមន្ទីរ បន្តទៀតថា៖ ដំបូងកម្លាំងក១១ បានជួបមុខសញ្ញាជួញដូរគ្រឿងញៀន នៅក្បែរស្ពានព្រែកសំរោង ក្រុងតាខ្មៅ ក្នុងទឹកដីខេត្តកណ្តាល ពេលនោះកម្លាំងជំនាញ បម្រុងក្រសោបនៅទីនោះហើយ ប៉ុន្តែដោយសារស្ថានការមិនអំណោយផល មានមនុស្សកុះករ និងខ្លាចមានការប៉ះទង្គិចគ្នាដោយអាវុធ ទើបកម្លាំងជំនាញតាមប្រម៉ាញ់ មកចាប់ខ្លួនឧក្រិដ្ឋជនបានម្នាក់ នៅក្បែរស្ពានកោះនរា និងតាមចាប់ខ្លួនម្នាក់ទៀតនៅជិតស្តុបបូកគោ សង្កត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយមានការសហការជាមួយនគរបាលរាជធានីភ្នំពេញផងដែរ ។
ជនសង្ស័យទាំង២នាក់ ម្នាក់ ឈ្មោះ ថាវ វួយ (TAO WEI) ភេទប្រុស អាយុ៤១ ឆ្នាំ ជនជាតិចិន និងម្នាក់ឈ្មោះ ហ៊ើ សុងហ៊ឹង ភេទប្រុស អាយុ៤២ ឆ្នាំ ជាជនជាតិចិនដូចគ្នា ។ ក្រោយបង្ហាញមុខជនសង្ស័យ និងវត្ថុតាង(ថ្នាំញៀន) រួមនឹងរថយន្ត២គ្រឿង ចាប់យកពីជនសង្ស័យដែលដឹកគ្រឿងញៀន ត្រូវបានសមត្តកិច្ចកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី








