Tuesday, May 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានក្រុមប្រឹក្សាខេត្តនិងអភិបាលខេត្ត នាំយកទៀនព្រះវស្សា ទេយ្យទាន ប្រគេនព្រះសង្ឃវត្តហ្លួងព្រះស្តេចកន

ខេត្តត្បូងឃ្មុំ៖ ដោយទឹកចិត្តសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនាលោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឧត្តមភរិយា លោកជំទាវ ហេង សំអាន ប៉ែន កុសល្យ និងលោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំថ្នាក់ដឹកនាំមន្ត្រីរាជការ ព្រមទាំងយុវជន នាំយកទៀនព្រះវស្សា អង្ករ ទឹកបរិសុទ្ធ ទឹកដោះគោ ត្រីងៀត សាច់ក្រក មី តែ ស្ករស និងបច្ច័យមួយចំនួន ទៅវេរប្រគេនជូនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅពុទ្ធមណ្ឌលវត្តអង្គរក្នុង (ហៅវត្តហ្លួងព្រះស្តេចកន) នៅក្នុងរមណីយដ្ឋានប្រវត្តិសាស្ត្រហ្លួងព្រះស្តេចកន ស្ថិតក្នុងឃុំដូនតី ស្រុកពញាក្រែក នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។ ជាមួយនោះក៏មានការចូលរួមពីសំណាក់ពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយទៀតផង។

នាឱកាសនោះលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ប្រគេនជូនព្រះសង្ឃ និងជម្រាបជូនលោកយាយ លោកតា ពីការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរយកចិត្តទុកដាក់បំផុត ចំពោះសុខទុក្ខ និងដោះស្រាយបញ្ហាលំបាកនានា របស់បងប្អូនប្រជាពលរដ្ឋយើង ទាំងវិស័យពុទ្ធចក្រ និង អាណាចក្រ។

លោកប៉ែន កុសល្យ អភិបាលខេត្តបន្តថា ជាការពិតណាស់ ក្នុងរយៈពេល៣ខែ នៃការចូលព្រះវស្សារបស់ព្រះសង្ឃគ្រប់អង្គ ត្រូវការភ្លើងបំភ្លឺដើម្បីសិក្សារៀនសូត្រ និងត្រូវការទេយ្យវត្ថុផ្សេងៗដើម្បីផ្គត់ផ្គង់ ព្រោះរយៈពេលចូលវស្សាគឺជារដូវភ្លៀង ដែលនាំអោយព្រះសង្ឃមានការពិបាក និមន្តបិណ្ឌបាត្រទៅតាមទីដ្ឋាននានា ដូច្នេះទៀនវស្សា ទេយ្យទាន ទេយ្យវត្ថុផ្សេងៗ រួមទាំងបច្ច័យ ដែលនឹងត្រូវវេរប្រគេនព្រះសង្ឃនៅពេលនេះ គឺជាការចាំបាច់បំផុត និងនាំមកនូវបុណ្យកុសល្យ ពេញបរិបូរណ៌ ជួយបំភ្លឺផ្លូវទៅអនាគតជាតិ ។

ជាមួយគ្នានេះ អភិបាលខេត្ត ក៍បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះធម្មជាតិ ដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន និងសេចក្តីសុខក្រុមគ្រួសារទាំងមូល ពីព្រោះរដូវនេះជារដូវមានភ្លៀងធ្លាក់ច្រើន និងលាយឡំជាមួយខ្យល់កន្ត្រាក់ ផ្គររន្ទះ ដែលងាយបង្កការគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

លោកប៉ែន កុសល្យ អភិបាល បញ្ជាក់បន្ថែមថា បើមានបញ្ហាណាមួយកើតឡើង ត្រូវប្រញ៉ាប់រាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋាន ដែលនៅជិតបំផុតឲ្យបានលឿន ដើម្បីឱ្យក្រុមការងារ ចុះទៅជួយអន្តរាគមន៍ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ឱ្យបានទាន់ពេលវេលា ក្នុងការចូលរួមដោះស្រាយបញ្ហា និងជួយសម្រាលទុកលំបាក ការខ្វះខាតនានារបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

×