ភ្នំពេញ ៖ ឯកឧត្តមឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានថ្លែងថា៖ ក្នុងនាមជាឃោសនិកមួយរូបអស់លោក លោកស្រីត្រូវស្វែងយល់ និងឆ្លើយតបឲ្យបានទាន់ ពេលវេលាចំពោះព័ត៌មានក្លែងក្លាយ, ញុះញង់ វាយប្រហាររាជរដ្ឋាភិបាលស្របច្បាប់ និងវាយបកឲ្យទាន់ពេលវេលាចំពោះក្រុមជនអគតិ ដែលតែងតែចិញ្ចឹមចិត្តបំផ្លាញសេចក្តីសុខសាន្តរបស់ប្រជាជន និងដំណើរការអភិវឌ្ឍន៍របស់ប្រទេសជាតិ ពិសេសក្នុងបរិបទDigitalនេះ។
ឯកឧត្តមប្រធានគណបក្សរាជធានីភ្នំពេញ បានមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងពិធីបិទវគ្គអប់រំនយោបាយនៅមន្ទីរបក្សរាជធានីភ្នំពេញជំនាន់ទី៥៤ នាព្រឹកថ្ងៃទី២០ កក្កដា ឆ្នាំ២០២៤ ដែលមានសមាជិក សមាជិកាចូលរួមចំនួន១៣៣នាក់។ ឯកឧត្តម បានគូសបញ្ជាក់ថា៖ អស់លោក លោកស្រីសុទ្ធតែជាឃោសនិករបស់គណបក្សប្រជាជន កម្ពុជាដូច្នេះត្រូវស្វែងយល់ឲ្យបានស៊ីជម្រៅពីគោលនយោបាយរបស់គណបក្ស ដែលជាកម្លាំងនយោបាយតែមួយគត់ ដែលតែងតែរួមសុខរួមទុក្ខជាមួយប្រជាជន គ្រប់កាលៈទេសៈ។
ឯកឧត្តមឃួង ស្រេង បានក្រើនរំលឹកដល់សមាជិក សមា ជិកាទាំងអស់ោយរំលេចឲ្យឃើញពីវីរភាពដ៏មានតម្លៃគ្មានពីររបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីអាណត្តិទី៦ បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានយកជីវិតធ្វើដើមទុនប្តូរយកសុខសន្តិភាព និងការអភិវឌ្ឍន៍ជូនជាតិ និងប្រជាជនគ្រប់ដំណាក់កាលនៃដំណើរការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ។ ពេលនេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី កំពុងបន្ត តាមលំអាននៃការរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ក្នុងនាមជាយុវជនជំនាន់ក្រោយ ដែលពោរពេញដោយភាពស្វាហាប់, មានចំណេះដឹងនិងមានការប្តេជ្ញាចិត្តខ្ពស់ តាមរយៈការដាក់ចេញនូវកម្មវិធីនយោបាយបញ្ជកោណ ដែលជាត្រីវិស័យក្នុងការដឹកនាំអភិវឌ្ឍន៍។
ឯកឧត្តមឃួង ស្រេងមានប្រសាសន៍ទៀតថា៖ ជាទូទៅបណ្តាប្រទេសលើលោក គោលនយោបាយរបស់គេគឺផ្តើមចេញពីគោលនយោបាយ របស់គណបក្សដែលឈ្នះឆ្នោត ហើយនយោបាយរបស់ប្រទេសមួយមិនអាច យកនយោបាយរបស់ប្រទេសមួយផ្សេងទៀត មកធ្វើតាមដូចចាក់ពុម្ពនោះបានដែរ។ បងប្អូនអាចមើលឃើញហើយ ពីមហិកតាចង់បានអំណាចពួកអមិត្រ ឬក្រុមប្រឆាំងគេហ៊ានធ្វើអ្វីៗគ្រប់ទម្រង់ យ៉ាងណាមិញដូចក្នុងដំណាក់កាលការរីករាលដាលជំងឺកូវីដ.១៩ គេអំពាវនាវកុំឲ្យប្រជាជនទៅចាក់វ៉ាក់សាំងចិន ព្រោះជាវ៉ាក់សាំងគេយកមកពិសោធន៍ យកមកសម្លាប់ប្រជាជនជាដើម។ មានន័យថា គេយកជីវិតប្រជាពលរដ្ឋមកលេងសើច មកធ្វើជំនួញនយោបាយដោយអគតិបំផុត ។
ឯកឧត្តមឃួង ស្រេង បានរំលេចឲ្យឃើញពីការរីកចម្រើនក្រោមការដឹកនាំរបស់ សម្តេចមហាវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងរយៈពេល៩ខែ ដើមអាណត្តិទី៧កន្លងមកនេះ គឺទទួលបានការវិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ និងមានការសារទរជាអន្តរជាតិ ក៏ដូចក្នុងមជ្ឈដ្ឋានជាតិទាំងមូល៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី














