Tuesday, May 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកអាជ្ញាប័ណ្ណ និងដាក់ក្នុងបញ្ជីខ្មៅចំពោះអ្នកព័ត៌មានណា ដែលផ្សាយព័ត៌មានមិនពិត តាមគាបគេស៊ី និងបំពុលសង្គម

សៀមរាប ៖ បន្ទាប់ពីសង្កេតឃើញថាមានអ្នកសារព័ត៌មានមួយចំនួនតែងតែប្រើប្រាស់អាជីពជាអ្នកកាសែត ដើម្បីទៅជំរិត ឬគម្រោមកំហែងទារប្រាក់ពីគេ ជាថ្នូរនឹងការមិនចុះផ្សាយព័ត៌មានអ្វីមួយ ដែលករណីនេះ គឺជាប្រពឹត្តិខុសទៅនឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំ​ឱ្យឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ពិនិត្យមើល​បញ្ហាដែលអ្នកសារព័ត៌មានមួយចំនួនតូច ​កំពុងប្រព្រឹត្តខុសវិជ្ជាជីវៈ និងក្រមសីលធម៌ ដែលបានធ្វើប៉ះពាល់ដល់កិត្តិយសអ្នកសារព័ត៌មាន​ត្រឹមត្រូវ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន​ ហើយបើរកឃើញ​មានកំហុស ត្រូវ​ឈាន​ទៅលុបអាជ្ញាបណ្ណចោល ​និង​​ដាក់ចូលទៅក្នុងបញ្ជីខ្មៅ​។

សម្តេចធិបតី បានថ្លែងយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលសម្ដេចធិបតី ​និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ កក្កដា ២០២៤។

ថ្លែងពីទឹកដីខេត្តសៀមរាប សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកអាជ្ញាប័ណ្ណ និងដាក់ក្នុងបញ្ជីខ្មៅចំពោះអ្នកព័ត៌មានណាដែលផ្សាយព័ត៌មានមិនពិត តាមគាបគេស៊ី និងបំពុលសង្គម ដើម្បីកុំធ្វើឱ្យអ្នកព័ត៌មានបួនដប់នាក់នេះធ្វើឱ្យប៉ះពាល់ដល់អ្នកព័ត៌មានវិជ្ជាជីវៈ ។

សម្ដេចធិបតី នាយករដ្ឋមន្ដ្រីបានជំរុញឱ្យឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវពិនិត្យមើលបញ្ហាដោយកុំឱ្យអ្នកសារព័ត៌មានមួយចំនួនតូច ដែលកំពុងប្រព្រឹត្តិខុសវិជ្ជាជីវៈ និងក្រមសីលធម៌ ដើម្បីបង្កើតជាមុខរបរ និងតាមគៀបគេស៊ី មកបំផ្លាញដល់អ្នកសារព័ត៌មាន ដែលគេកំពុងគោរពវិជ្ជាជីវៈយ៉ាងត្រឹមត្រូវ ។

សម្តេចធិបតី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំឱ្យបងប្អូនប្រកាន់ក្រមសីលធម៌ ហើយខ្ញុំឱ្យឯកឧត្តម នេត្រ ភក្រ្តា មើលកិច្ចការងារនេះឱ្យច្បាស់ កុំឱ្យអ្នកកាសែតម្នាក់​ ពីរនាក់​ បួន ដប់នាក់ ទៅបំផ្លាញកិត្តិយស សេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មានយើង រាប់ម៉ឺននាក់ ព្រោះបងប្អូនមានក្រមសីលធម៌ បងប្អូនខំធ្វើដោយសុទ្ធចិត្ត ពេលខ្លះបងប្អូនធ្វើដោយច្រលំ គាត់កែ តែអ្នកខ្លះអត់ទេ គឺយកអាហ្នឹងជាអាជីពទៅគាបគេ ឯកឧត្តម នេត្រ ភក្រ្តា ប្រសិនបើមានបញ្ហាប៉ុណ្ណឹង ដកអាជ្ញាបណ្ណ ហើយដាក់ចូលទៅក្នុងបញ្ជីខ្មៅ មិនបាច់ឱ្យធ្វើទៀតទេ បើគាត់យកអាជ្ញាបណ្ណហ្នឹងយកទៅគាបគេ ដកអាជ្ញាបណ្ណចោលតែម្តង ឈប់ឱ្យធ្វើជាអ្នកកាសែតទៀតទៅ។ ប្រសិនបើរកឃើញមានអ្នកសារព័ត៌មានទាំងអស់នេះត្រូវលុបអាជ្ញាប័ណ្ណចោល ដើម្បីកុំឱ្យមានបន្ដធ្វើសកម្មភាពទាំង នេះឱ្យខាងតែបាន ។ ប៉ុន្ដែអ្នកសារព័ត៌មានខ្លះដោយសារតែផ្សាយលឿនទើបផ្សាយខុស ហើយគាត់ផ្សាយកែតម្រូវ នោះមិនមែនជាបញ្ហានោះទេ ព្រោះគាត់ពុំមានចេតនា តែសារព័ត៌មានមួយចំនួនមានចេតនាផ្សាយខុស ផ្សាយបំភ្លៃ និងមានចេតនាបង្កើតបញ្ហា និងបំផ្លាញសង្គម នឹងប្រឈមមុខនឹងផ្លូវច្បាប់តែម្ដង» ។

សម្តេចធិបតីបានលើកឡើថា រាជរដ្ឋាភិបាលកំពុងតែទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលកំពុងបង្កើតបញ្ហា និងវាយលុកយ៉ាងខ្លាំងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធរដល់ប្រជាពលរដ្ឋ និងសង្គមជាតិ ។
ជាមួយគ្នានេះ មានបណ្ដាប្រទេសមួយចំនួននៅអ៊ឺរ៉ុប កាណាដា អាមេរិក ក៏កំពុងគិតអំពីបញ្ហាព័ត៌មានក្លែងក្លាយនេះផងដែរ ។ សម្ដេចធិបតីបានបញ្ជាក់ថារាជរដ្ឋាភិបាលគ្មានការបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនោះទេ ប៉ុន្ដែត្រូវគោរពសិទ្ធិអ្នកដទៃ ដើម្បីទទួលបានព័ត៌មានពិតដោយមិនធ្វើ ដើម្បីចំណេញនយោបាយ និងធ្វើឱ្យសង្គមមានបញ្ហា ។ ខ្ញុំស្វាគមន៍ព័ត៌មានពិត ដើម្បីជួយស្ថាបនា និងចូលរួមអភិវឌ្ឍន៍សង្គមជាតិ ។
សម្ដេចធិបតី អំពាវនាវឱ្យអ្នកព័ត៌មានទាំងប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មានឱ្យបានខ្លាំងក្លាបន្ថែមទៀត៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×