សៀមរាប៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប
ថ្ងៃព្រហស្បតិ៍ ១៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ៖ “ការសាងសង់សារមន្ទីរ នៅវត្តរាជបូណ៌នៅថ្ងៃនេះ នឹងរួមចំណែកជួយសង្គមសេដ្ឋកិច្ចនៅខេត្តសៀមរាប និងទូទាំងប្រទេស ជាពិសេសគឺការភ្ជាប់ទៅនឹងទេសចរណ៍វប្បធម៌”។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ព្រះពុទ្ធសាសនាបានដើរតួនាទី យ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលបញ្ញាស្មារតី ហើយជាថ្នាលមួយបណ្តុះនូវបញ្ញវន្ត សម្រាប់ការអភិវឌ្ឍប្រទេសជាតិផងដែរ។
សម្តេចធិបតី បានបញ្ជាក់ថា ៖ “នៅក្នុងឆ្នាំទីមួយ នៃការកាន់តំណែងរបស់ខ្ញុំជានាយករដ្ឋមន្រ្ដីនេះ ខ្ញុំបានយកចិត្តទុកដាក់ខ្លាំងលើការរៀបចំរចនាសម្ព័ន្ធតាមក្រសួងស្ថាប័ន និងជំនួបនានានៅក្រៅប្រទេស ប៉ុន្ដែចាប់ពីឆ្នាំទីពីរទៅ ខ្ញុំនឹងចុះទៅដោយផ្ទាល់នៅថ្នាក់ក្រោមជាតិ ហើយការចុះទៅនេះគឺនឹងមិនប្រាប់ឱ្យដឹងមុននោះទេ”។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្តទៀតថា ៖ “ដោយសារសង្គ្រាម ទើបពេលនោះមានជាការជួញដូរក្បាលអ្នកតា តែពេលនេះគឺយើងមានសុខសន្តិភាពពេញលេញ ហើយវត្ថុបុរាណរបស់យើងដែលចោរលួចទៅនោះ ក៏បានវិលត្រលប់មកវិញជាបណ្តើរៗហើយ”។
វត្តរាជបូណ៌ ជាវត្តដ៏ចំណាស់មួយក្នុងចំណោមវត្តដទៃទៀតនៅក្នុងខេត្តសៀមរាប ដែលស្ថិតនៅក្នុងក្រុងតាមដងស្ទឹងសៀមរាប។ អារាមមួយនេះមានព្រះវិហារមួយដែលមានលក្ខណៈស្ថាបត្យកម្មល្អឯក អំឡុងនៃការសាងសង់ក្នុងរាជព្រះបាទនរោត្តម។ នៅលើជញ្ជាំងព្រះវិហារផ្នែកខាងក្នុង មានសិល្បៈដ៏រស់រវើកល្អវិចិត្រគឺគំនូរបុរាណរឿង «រាមកេរ្តិ៍» ដែលជារឿងល្បីល្បាញ នៅអាស៊ីអាគ្នេយ៍ គូរនៅរវាងឆ្នាំ១៩២០-១៩២៤។ អំពីអាយុកាលនៃការកកើតវត្តនោះ ពុំមានភស្តុតាងនោះទេ។
សារមន្ទីរព្រះមហាវិមលធម្ម ពិន សែម រាជបូណ៌ មានវត្ថុបុរាណដែល ត្រូវបានប្រមូលរក្សាទុករួមមាន វត្ថុសាងពីថ្ម ស្ពាន់ សំរិទ្ធ ទង់ដែង លង្ហិន ទេពរូប ព្រះពុទ្ធរូប និងគ្រឿងកុលាលភាជន៍នានា ដែលរក្សាទុកក្នុងវត្តរាជបូណ៌ដើម្បីរក្សាទុក និងតាំងបង្ហាញក្នុងអគារសារមន្ទីរនៅក្នុងវត្តរាជបូណ៌។ សារមន្ទីរនេះមានឈ្មោះថា សារមន្ទីរ ព្រះមហាវិមលធម្ម ពិន សែម រាជបូណ៌ ជាសារមន្ទីរព្រះពុទ្ធសាសនា ដើម្បីឱ្យមនុស្សជាតិទាំងអស់នៅលើពិភពលោកបានឃើញនូវសា្នដៃសិល្បៈដែលបន្សល់ពីបុព្វបុរសខ្មែរ៕រក្សាសិទ្ធដោយ ៖សុទ្ធលី























































