Tuesday, May 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅថ្ងៃទី៥សីហា ជាថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ សម្រាប់រាជធានីភ្នំពេញ នឹងមានព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំមួយនៅកោះពេជ្រ និងការបាញ់កាំជ្រូច ២លើក

ភ្នំពេញ ៖ នៅថ្ងៃទី៥សីហាឆ្នាំ២០២៤ជាថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ សម្រាប់រាជធានីភ្នំពេញនឹងមានព្រឹត្តការណ៍ដ៏ធំមួយនៅកោះពេជ្រ ដោយរដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំការប្រគំតន្ត្រីដែលមានអ្នកចូលរួមប្រមាណ១ម៉ឺននាក់ ជាមួយនឹងការបាញ់កាំជ្រូចយ៉ាងគគ្រឹកគគ្រេង ដើម្បីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោនេះ។

ក្នុងកិច្ចប្រជុំមួយដែលមានការចូលរួមពីកងកម្លាំងមានសមត្ថកិច្ច ចំណុះឲ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី១៧ កក្កដាឆ្នាំ២០២៤នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា៖ គម្រោងព្រែកជីកហ្វូណន-តេជោ នឹងបើកការដ្ឋាននៅថ្ងៃទី៥សីហាឆ្នាំ២០២៤ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងអំឡុងពេលនៃការបើកការដ្ឋាននេះនៅពេលព្រឹក គ្រប់ខណ្ឌ គ្រប់មន្ទីរចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញត្រូវរៀបចំអបអរសាទរ ពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោនេះ ដោយមានការទូងស្គ ទះប៉ោត ឲ្យមានភាព គគ្រឹកគគ្រែងក្នុងស្មារតីជាតិតែមួយ។ ដោយឡែក វិហារសាសនានានា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក៏មានការទូងស្គ ទះប៉ោតបែបនេះផងដែរ។

ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា៖ សម្រាប់ពេលរាត្រីថ្ងៃ០៥សីហា ដដែល យើងក៏បានត្រៀមរៀបចំជាព្រឹត្តិការណ៍ដ៏ធំមួយនៅកោះពេជ្រ នោះគឺការរៀបចំការប្រគំតន្ត្រីដែលមានអ្នកចូលរួមប្រមាណ១ម៉ឺននាក់ជាមួយនឹងការបាញ់កាំជ្រូចចំនួន២លើក នៅម៉ោង៧និង២០នាទី១លើក និងនៅម៉ោង៩និង៩នាទីមួយលើកទៀត ដើម្បីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោនះ។

ឯកឧត្ដម ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះដែរ ក៏បានណែនាំដល់កងកម្លាំងទាំងអស់ ការពារសន្តិសុខ សណ្តាប់ក្នុងពិធីខាងលើនេះឲ្យបានល្អ ដោយរៀបចំអោយមានជាទីបញ្ជាការស្រាល តូច ធំ ជាមួយការរៀបចំអនាម័យ បរិស្ថាន និងការពង្រាយបង្គន់អនាម័យឲ្យបានច្រើនកន្លែង បង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលចូលរួម។

គួរបញ្ជាក់ថា៖ គម្រោងព្រែកជីកហ្វូណន-តេជោ ជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោនេះ ដោយគ្រោងនឹងបើកការដ្ឋាននាថ្ងៃទី០៥សីហា២០២៤ខាងមុខនេះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×