ភ្នំពេញ ៖ ក្រសួងមហាផៃ្ទ បានចេញលិខិតជម្រាបមកឯកឧត្តម លោកជំទាវ អភិបាលរាជធានី ខេត្ត ចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតចំពោះមន្ត្រីរាជការ សមាជិកក្រុមប្រឹក្សា ស្មៀនឃុំ សង្កាត់ អ្នកទទួលការទាំងឡាយណា ដែលបានប្រព្រឹត្តកំហុសឆ្គង បំពានក្រមសីលធម៌វិជ្ជាជីវៈ ដោយមិនបានអនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួន ឬមានការពាក់ព័ន្ធទៅនឹងភាពមិនប្រក្រតី ការគប់គិត ការក្លែងបន្លំ ការបង្ខិតបង្ខំ ឬការប្រព្រឹត្តអំពើពុករលួយផ្សេងៗ ក្នុងការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២៤បានចេញលិខិតជម្រាបមកឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ក្នុងកម្មវត្ថុ ស្តីពីការពង្រឹងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់។
យោង ៖ – ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
- អនុក្រឹត្យលេខ២២ អនក្រ.បក ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០០២ ស្តីពីការធ្វើវិមជ្ឈការអំណាច តួនាទី និងភារកិច្ច ទៅឱ្យក្រុមប្រឹក្សាឃុំ សង្កាត់
- សេចក្តីសម្រេចលេខ ០៩៧ សសរ/គ.ជ.អ.ប ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ របស់គណៈកម្មាធិការ ជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ស្ដីពីការដាក់ឱ្យ ប្រើប្រាស់សៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានជម្រាប ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ជ្រាបថា កន្លងមករដ្ឋបាលឃុំ សង្កាត់បានខិតខំយកចិត្តទុកដាក់អនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ និងទទួលបានលទ្ធផលល្អប្រសើរ ដោយមានការគាំទ្រពីទីចាត់ការផែនការនិងវិនិយោគរាជធានី ខេត្ត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែទន្ទឹមនឹង កិច្ចខិតខំប្រឹងប្រែងនេះ ក្រសួងមហាផ្ទៃបានពិនិត្យ និងសង្កេតឃើញថា មានភាពមិនប្រក្រតីកំពុងកើតមានឡើង គួរឱ្យកត់សម្គាល់ពាក់ព័ន្ធនឹងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ដែលបណ្តាលមកពីការមិនយកចិត្ត ទុកដាក់ និងភាពទន់ខ្សោយនៃការគ្រប់គ្រង ចាត់ចែងក្នុងកិច្ចដំណើរការអនុវត្តគម្រោងមិនបានត្រឹមត្រូវតាម គោលការណ៍ណែនាំ បែបបទ និងនីតិវិធីនានាដែលបានកំណត់ក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ជាក់ស្ដែង មានអ្នកទទួលការមួយចំនួនបានដាក់ពាក្យបណ្តឹង ឬពាក្យស្នើសុំជួយអន្តរាគមន៍ជាលាយលក្ខណ៍អក្សរ ឬប្ដឹងតាមប្រព័ន្ធតេឡេក្រាម ឬតាមរយៈទូរសព្ទជាញឹកញាប់មកក្រសួងមហាផ្ទៃពាក់ព័ន្ធនឹងមន្ត្រីនៃ ទីចាត់ការផែនការនិងវិនិយោគរាជធានី ខេត្តមួយចំនួន ដើម្បីជួយធ្វើអន្តរាគមន៍លើការងារពាក់ព័ន្ធនឹង ការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ក្នុងនោះរួមមាន ការរៀបចំបញ្ជីឈ្មោះអ្នកទទួលការប្រចាំឆ្នាំមិនមាន តម្លាភាព ការដេញថ្លៃមិនបានប្រកាសជូនដំណឹងជាសាធារណៈ ការចុះអនុវត្តគម្រោងមុនការដេញថ្លៃការពន្យារការដេញថ្លៃដោយមិនបានកំណត់នូវកាលបរិច្ឆេទ និងពេលវេលាច្បាស់លាស់នៃការដេញថ្លៃបន្ទាប់ និងការអនុវត្តគម្រោងរបស់អ្នកទទួលការមិនស្របតាមបទដ្ឋានបច្ចេកទេសជាដើម។ លើសពីនេះ ស្ថានីយ៍ ទូរទស្សន៍ គេហទំព័រ កាសែត និងបណ្តាញសង្គមជាច្រើន ក៏បានចុះផ្សាយជាបន្តបន្ទាប់អំពីភាពមិនប្រក្រតី នៃការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ និងភាពរញ៉េរញ៉ ច្រងេងច្រងាង គ្មានសណ្តាប់ធ្នាប់នៅក្នុងកិច្ចប្រជុំ បើកសំណើដេញថ្លៃនៅក្នុងរដ្ឋបាលឃុំជាច្រើនផងដែរ។
ផ្អែកលើមូលដ្ឋានដូចបានជម្រាបជូនខាងលើ ដើម្បីជៀសវាងនូវបាតុភាពអវិជ្ជមានទាំងឡាយដែលបណ្តាលមកពីការខ្វះចន្លោះក្នុងការអនុវត្តច្បាប់ គោលការណ៍ណែនាំ និងលិខិតបទដ្ឋានគតិយុត្ត ជាពិសេស ដើម្បីពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង ការចាត់ចែងក្នុងកិច្ចដំណើរការអនុវត្តគម្រោងមូលនិធិ ឃុំ សង្កាត់ឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ស្របតាមគោលការណ៍ បែបបទ និងនីតិវិធីជាធរមាន ព្រមទាំង ពង្រឹងការប្រើប្រាស់មូលនិធិឃុំ សង្កាត់ផ្នែកអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែចំគោលដៅ និងប្រកបដោយប្រសិទ្ធភាព ខ្ពស់ ខ្ញុំសូមធ្វើការណែនាំដល់ ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ត្រូវយកចិត្ត ទុកដាក់អនុវត្ត និងធ្វើការណែនាំដល់ទីចាត់ការផែនការវិនិយោគនិងរដ្ឋបាលឃុំ សង្កាត់ឱ្យអនុវត្តនូវការងារ ចាំបាច់មួយចំនួន ដូចខាងក្រោម៖
-ត្រូវធ្វើការប្រកាសជូនដំណឹងស្ដីពីការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ជាសាធារណៈ នៅ លើក្តារព័ត៌មានរបស់សាលាឃុំ សង្កាត់ សាលាក្រុង ស្រុក ខណ្ឌ សាលារាជធានី ខេត្ត និង នៅលើគេហទំព័ររបស់លេខាធិការដ្ឋាន គ.ជ.អ.ប. ឱ្យបានទៀងទាត់ ស្របតាមសៀវភៅណែនាំ ស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់
ត្រូវយកចិត្តទុកដាក់រៀបចំសំណើគម្រោង អនុវត្តនីតិវិធីលទ្ធកម្ម និងអនុវត្តកិច្ចសន្យាគម្រោង មូលនិធិឃុំ សង្កាត់ ស្របតាមសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ត្រូវពង្រឹងការរៀបចំទុកដាក់ឯកសារសំណើគម្រោង និងឯកសារកិច្ចសន្យាគម្រោងឱ្យបាន ត្រឹមត្រូវតាមសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ដោយរក្សាទុកឱ្យបានគង់វង្ស
ត្រូវមានការពិនិត្យបញ្ជាក់បច្ចេកទេសត្រឹមត្រូវ និងត្រូវផ្អែកតាមតម្លៃឯកតាដែលបានសរសរ ក្នុងសំណើដេញថ្លៃដែលឈ្នះ នៅពេលមានការផ្លាស់ប្តូរទីតាំងគម្រោង ឬបង្កើនបន្ថែមលទ្ធផល គម្រោងដើម្បីធានាបានទាំងបរិមាណ និងគុណភាព
ត្រូវពង្រឹងការគ្រប់គ្រងវិន័យ សណ្តាប់ធ្នាប់ និងរបៀបរៀបរយនៃកិច្ចប្រជុំបើកសំណើដេញថ្ល ត្រូវពង្រឹងការគ្រប់គ្រងការដាក់ប្រាក់កក់ និងការដកប្រាក់កក់ធានាការដេញថ្លៃ(២%) និង ការដាក់ប្រាក់កក់ និងការដកប្រាក់កក់ធានាការអនុវត្តកិច្ចសន្យា(១០%) ឱ្យបានត្រឹមត្រូវតាម សៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់
ត្រូវជូនដំណឹងអំពីកាលបរិច្ឆេទ និងពេលវេលានៃការដេញថ្លៃបន្ទាប់ឱ្យបានច្បាស់លាស់ ក្នុង ករណ៏មានការលើក ឬពន្យារការដេញថ្លៃ
ត្រូវពង្រឹងការតាមដាន និងការត្រួតពិនិត្យគុណភាពគម្រោងមូលនិធិឃុំ សង្កាត់ឱ្យបានជាប់ជា ប្រចាំ ដើម្បីធានាថាការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ត្រូវបានអនុវត្តស្របតាមបទដ្ឋាន បច្ចេកទេសជាធរមាន។
ទន្ទឹមនេះ សូម ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ចាត់វិធានការឱ្យ បានម៉ឺងម៉ាត់បំផុត ចំពោះមន្ត្រីរាជការ សមាជិកក្រុមប្រឹក្សា ស្មៀនឃុំ សង្កាត់ អ្នកទទួលការទាំងឡាយណា ដែលបានប្រព្រឹត្តកំហុសឆ្គង បំពានក្រមសីលធម៌វិជ្ជាជីវៈ ដោយមិនបានអនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួន ឬ មានការពាក់ព័ន្ធទៅនឹងភាពមិនប្រក្រតី ការគប់គិត ការក្លែងបន្លំ ការបង្ខិតបង្ខំ ឬការប្រព្រឹត្តអំពើពុករលួយ ផ្សេងៗក្នុងការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ដោយត្រូវអនុវត្តវិន័យឬទណ្ឌកម្ម ស្របតាម៖
មាត្រា៨៤នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់(ចំពោះក្រុមប្រឹក្សាឃុំ សង្កាត់
មាត្រា៤០ នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល (ចំពោះមន្ត្រីរាជការស៊ីវិល) ចំណុច ៣.២.៧ និង ៣.១១ នៃសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ (ចំពោះអ្នកទទួលការ)
- បញ្ចប់កិច្ចសន្យា(ចំពោះបុគ្គលិកជាប់កិច្ចសន្យា)
- វិន័យទាំងនេះមិនរាប់បញ្ចូលនូវទោសទណ្ឌផ្សេងៗឡើយ។
អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ជ្រាប និងចាត់ចែងអនុវត្តតាមខ្លឹមសារខាងលើប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕ រក្សាសិទ្ធដោយ៖ សុទ្ធលី








