Tuesday, May 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដម ឃួង ស្រេង ៖ យើងបានចូលមករួមរស់ជាមួយគ្នាហើយ ដូច្នេះត្រូវរួមគ្នាធ្វើយ៉ាងណាអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រើន

ភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា៖ យើងបានចូលមករួមរស់ជាមួយគ្នាហើយ ដូច្នេះយើងត្រូវរួមគ្នា ធ្វើយ៉ាងណាអភិវឌ្ឍន៍ប្រទេស ឲ្យសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។ សូមចូលរួមទាំងអស់គ្នា ដើម្បីឲ្យកម្ពុជាឈានឆ្ពោះទៅសម្រេចបាននូវគោលដៅនេះ។ សម្រាប់ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋាន សូមធ្វើចលនាឲ្យគេមករួមរស់ជាមួយគណៈបក្សប្រជាជនយើង។ ការសូមឲ្យមានចលនានេះ គឺដើម្បីឲ្យមានការឯកភាពតែមួយ មានឯកភាពជាតិតែមួយ នោះការអភិវឌ្ឍប្រទេសនឹងធ្វើឡើងដោយភាពរលូននិងលឿនបំផុត។ នេះជាការមើលឃើញរបស់គណបក្សប្រជាជនកម្ពុជា។

ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានថ្លែងយ៉ាងដូច្នេះ នាល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ។

ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខណ្ឌទាំង១៤ ដែលបានប្រកាសទាំង៧០នាក់ គឺក្នុងមួយខណ្ឌមានចំនួន៥នាក់ ដែលមានប្រធានមួយរូប អនុប្រធានមួយរូបនិងមានសមាជិកចំនួន៣រូប។ ក្នុងនោះក៏មានសមាជិក២រូប បានសម្រេចចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។

ឯកឧត្ដម ឃួង ស្រេងបន្តថា៖ ការកសាងប្រទេសជាតិមួយរីកចម្រើនរុងរឿងទៅបាន ទាមទារឲ្យមានការបណ្តុះបណ្តាធនធានមនុស្សដើម្បីបន្តវេន ដូចដែលយើងបានមើលឃើញនៅពេលនេះ គឺសម្តេចហ៊ុន ម៉ាណែត បាននិងកំពុងបន្តវេនជានាយករដ្ឋមន្ត្រី ពីសម្តេចតេជោ។ វាមិនធម្មតាពេកទេ ដើម្បីឲ្យប្រទេសកម្ពុជាឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០នោះ យើងត្រូវការសំខាន់បំផុតគឺធនធានមនុស្សនេះឯង។

ឯកឧត្ដម ឃួង ស្រេងបានបន្តថា៖ សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងណាស់ ក្រៅពីរំដោះអាយុជីវិតប្រជាពលរដ្ឋពីសេចក្តីស្លាប់នៅក្នុងរបបប៉ុលពត នូវបានរំដោះអាយុជីវិតប្រជាពលរដ្ឋពីការរាតត្បាតពីជម្ងឺកូវីដ-១៩ ជាមួយនិងការគៀងគរអ្នកវិនិយោគមកកាន់កម្ពុជាកាន់តែច្រើន នាំអោយប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន ជាមួយនិងប្រជាពលរដ្ឋកម្ពុជាមានកាងារធ្វើ។

ឯកឧត្ដម ឃួង ស្រេង ក៏បានសូមសមាជិកយើងបើកបេះដូងទទួល សមាជិកថ្មីៗទៀត ដើម្បីរួមគ្នាបំពេញការងារជូនជាតិ រួមគ្នាជាចលនាជាតិតែមួយ គាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោ ដែលគ្រោងនឹងបើកការដ្ឋាននាថ្ងៃទី០៥សីហា២០២៤ខាងមុខនេះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×