ភ្នំពេញ ៖ បើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា រហូតដល់ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ ពុំទាន់មានតម្រុយណាមួយ ពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទងនៅឡើយទេ ខណៈប្រតិបត្តិការចូលដល់ថ្ងៃទី៤ហើយ។
នាយឧត្តមសេនីយ៍ បានអះអាងថា កម្លាំងចម្រុះ កំពុងបង្កើនសកម្មភាពេរុករកយ៉ាងស្វិតស្វាញ និងពង្រីកវិសាលភាពប្រតិបត្តិការរុករកកាន់ធំជាងមុន។
នាយឧត្តមសេនីយ៍ ឈុំ សុជាតបានបញ្ជាក់យ៉ាងដូច្នេះថា ” រហូតដល់ព្រឹកថ្ងៃអង្គារនេះ គឺជាថ្ងៃទី៤ហើយ នៃប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់ដំណឹង នៅតំបន់ជួរភ្នំក្រវាញពេលហ្វឹកហ្វឺន ខណៈដែលកម្លាំងចម្រុះ កំពុងបង្កើនសកម្មភាពយ៉ាងស្វិតស្វាញ និងពង្រីកវិសាលភាពប្រតិបត្តិការរុករកកាន់ធំជាងមុន។
ក្នុងប្រតិបត្តិការរយៈពេល ៤ថ្ងៃមកនេះ មិនទាន់មានតម្រុយណាមួយជាក់លាក់ ពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ និងមនុស្ស២នាក់ដែលបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រនោះនៅឡើយទេ ដោយសារតែកត្តាភូមិសាស្ត្រនៅតំបន់នោះមានភាពស្មុគស្មាញ ដូចជាបញ្ហាអាកាសធាតុ និងព្រៃក្រាស់ជាដើម។
ប៉ុន្តែទោះជាយ៉ាងនេះក្តី កងកម្លាំងរបស់យើងនៅតែបន្តខិតខំ និងប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការរករុក ហើយនឹងមានការជូនដំណឹងដល់សាធារណជន និងអ្នកសារព័ត៌មានជាបន្តបន្ទាប់ នៅពេលទទួលបានលទ្ធផលណាមួយ។
ឆ្លៀតក្នុងឱកាសនេះ សូមអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ សូមឱ្យមានការប្រុងប្រយ័ត្នក្នុងការចែកចាយដំណឹងណាមួយ ដែលគ្មានប្រភពច្បាស់លាស់ ពាក់ព័ន្ធនឹងឧត្ថម្ភាគចក្រនេះ ខណៈដែលនាថ្មីៗនេះ មានក្រុមទុច្ចរិតមួយចំនួន បានយកករណីនេះ ទៅបំផ្លើស និងប្រឌិតខុសពីការពិតដើម្បីប្រយោជន៍ផ្ទាល់ខ្លួន”។
សូមបញ្ជាក់ថា កាលពីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ មានករណីឧទ្ធម្ភាគចក្រយោធាមួយគ្រឿង បានបាត់ការទាក់ទង នៅតំបន់ជួរភ្នំក្រវាញ ខណៈពេលកំពុងហ្វឹកហ្វឺនការហោះហើរ។
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ក្នុងឧទ្ធម្ភាគចក្រ ១គ្រឿងនោះ មានមនុស្សតែ២នាក់ប៉ុណ្ណោះ ពោលគឺអ្នកបើកបរ ១នាក់ និងជំនួយការបើកបរ ១នាក់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី





