រាជធានីភ្នំពេញ : មានរឿងធំហើយ ធ្វើដល់ទៅចៅសង្កាត់ ម្ដេចខ្វះសតិសម្បជញ្ញៈយ៉ាងហ្នឹង ?… លោក វ៉ា សារ៉ន ចៅសង្កាត់ចោមចៅទី២ ចាប់ទះកំផ្លៀងក្មេងប្រុសម្នាក់ ដែលគេស្គាល់ថា ជាចៅប្រុសរបស់លោកអនុប្រធានភូមិកប់គង បណ្តាលឱ្យរងរបួសធ្ងន់ដល់សន្លប់ ព្រោះខឹងថា ចៅប្រុសរបស់លោកអនុប្រធានភូមិកប់គង (ជនរងគ្រោះ) បាននាំចៅប្រុសរបស់លោកចៅសង្កាត់ចោមចៅទី២រូបនេះ ដើរលេង។
មានន័យថា ក្មេងៗបបួលគ្នាដើរលេងសោះ ចៅប្រុសខ្លួនឯង មិនព្រមអប់រំ បែរជាទៅជះកំហឹងចាប់ទះកំផ្លៀងក្មេងប្រុសដទៃ ដែលមានឪពុក-ម្ដាយ និងជីតា ជាមន្ត្រីភូមិទោវិញ។ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩:១៥នាទីយប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចមុខសាលាសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
យុវជនរងគ្រោះ ឈ្មោះ សឿង ណារ៉ូត អាយុ១៥ឆ្នាំ ជាសិស្ស រស់នៅភូមិកប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងត្រូវជាចៅប្រុសរបស់លោកអនុប្រធានភូមិកប់គង។
បេីតាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះ បានឱ្យដឹងថាថា នៅមុនពេលកេីតហេតុ គេឃើញក្មេងប្រុសម្នាក់ជាចៅប្រុសរបស់លោកចៅសង្កាត់ចោមចៅ២ និងក្មេងប្រុសម្នាក់ទៀតជាជនរងគ្រោះ ជាចៅប្រុសរបស់លោកអនុប្រធានភូមិកប់គង បានទៅលេងបាល់នៅម្តុំ (បុរី ធូរលនសុីធី) ជាមួយគ្នា ពេលលេងចប់ ស្រាប់តែចៅប្រុសលោកចៅសង្កាត់បានសុំម៉ូតូយុវជន សឿង ណារ៉ូត ដែលជាជនរងគ្រោះនោះ ជិះមកផ្ទះ។
នៅពេលដែលក្មេងប្រុសទាំងពីរ ធ្វើដំណើរឌុបគ្នាមកដល់មុខសាលាសង្កាត់ចោមចៅ២ភ្លាម ស្រាប់តែលោកចៅសង្កាត់ វ៉ា សារ៉ន បានចោទប្រកាន់ទៅលើយុវជន សឿង ណារ៉ូត ថា ជាអ្នកនាំចៅប្រុសរបស់គាត់ដើរលេង ធ្វើឱ្យខូច, ពេលនោះ លោកចៅសង្កាត់ វ៉ា សារ៉ន បានស្តីបន្ទោសឱ្យជនរងគ្រោះ និងឈានទៅដល់ប្រេីអំពេីហិង្សាវាយយុវជន សឿង ណារ៉ូត បណ្តាលឱ្យរងរបួសរហូតដល់សន្លប់។
ងាកមកមើលការបញ្ជាក់ពី លោក វ៉ា សារ៉ន ចៅសង្កាត់ចោមចៅទី២វិញ បានឱ្យដឹងថា លោកបានប្រេីហិង្សាទៅលេីយុវជនឈ្មោះ សឿង ណារ៉ូត ពិតបា្រកដមែន ដោយសារតែយុវជនទាំង២ តែងតែបបួលគ្នាដើរលេងមិនចូលរៀន មានជក់បារី និងជក់ វ៉េប (បារីអេឡិចត្រូនិច) ដើរបាត់ពីផ្ទះសឹងតែរាល់ថ្ងៃ។ មកដល់យប់កើតហេតុ លោកបានឃើញយុវជនទាំង២ ក៏បានប្រដៅណែនាំក្នុងនាមជាជីតាប្រដៅចៅៗ រួចក៏ឈានដល់ប្រើដៃទះ ២ ទៅ ៣ កំផ្លៀង ទាំងចៅគាត់ និងយុវជន សឿង ណារ៉ូត ។
លោក វ៉ា សារ៉ន ចៅសង្កាត់ចោមចៅទី២ បន្តថា លោកនឹងទទួលខុសត្រូវរាល់រឿងដែលកើតឡើង ព្រោះលោកជាអាជ្ញាធរក្នុងមូលដ្ឋាន លោកមិនបានគេចវេះទៅណានោះទេ។ ក្រោយកើតហេតុមិនដឹងថា យុវជន សឿង ណារ៉ូត ទៅប្រាប់ក្រុមគ្រួសារយ៉ាងណានោះទេ ទើបពួកគេនាំគ្នាមកមុខសាលាសង្កាត់ តវ៉ាទាំងយប់បែបនេះ។
លោកចៅសង្កាត់ បានបញ្ជាក់ថា លោក និងភាគីក្រុមគ្រួសារយុវជន សឿង ណារ៉ូត នឹងដោះស្រាយគ្នាដើម្បីបញ្ចប់រឿង បន្ទាប់ពីលោកបំពេញភារកិច្ចចុះពិនិត្យការងារក្នុងមូលដ្ឋានរួចរាល់។
ករណីនេះ តើអាចចាត់ទុកថា ជាការប្រព្រឹត្តអំពើហិង្សា ឬក៏ជាការប្រៀនប្រដៅ យ៉ាងណានោះ គឺអាស្រ័យទៅលើការគិតពិចារណារបស់សាធារណជនរៀងៗខ្លួន និងការវិនិច្ឆ័យរបស់តួអង្គសមត្ថកិច្ច និងបញ្ញត្តិច្បាប់ដែលមានចែងជាធ្វើព័ត៌មាន ទាំងក្នុងក្រមព្រហ្មទណ្ឌ និងឧបសម្ព័ន្ធច្បាប់នានា៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN






