ខេត្តស្វាយរៀង : នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង , ឯកឧត្តមអភិបាលរងខេត្តប៉ៃលិន , ខេត្តបាត់ដំបង ព្រមទាំងគណៈប្រតិភូនៃខេត្តទាំងបី នៃប្រទេសកម្ពុជា និងក្រុមការងារ K73 មានឯកឧត្តម ង្វៀន វ៉ាន់ឌឿក លេខាបក្ស និងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្តឡុងអាន និងឯកឧត្តម ង្វៀន វ៉ាន់អ៊ុក ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡុងអានប្រទេសវៀតណាម បានអញ្ជើញចូលរួមពិធីប្រគល់-ទទួលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម លើកទី២៣ ចំនួន ១៣០អដ្ឋិធាតុ ដែលបានពលីជីវិត នាគ្រប់សម័យសង្រ្គាមនៅកម្ពុជា ក្នុងនោះរកឃើញនៅខេត្តបៃលិន ៨១អដ្ឋិធាតុ , ខេត្តបាត់ដំបង៤ ៣អដ្ឋិធាតុ និងខេត្តស្វាយរៀងចំនួន ០១អដ្ឋិធាតុ។
ពិធីនេះ បានប្រារព្ធធ្វើនៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍-ប៊ិញហៀប ពព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅភូមិព្រៃវល្លិ៍ ឃុំថ្មីស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង។
បន្ទាប់ពីតំណាងអភិបាលខេត្តទាំង០៣ ខេត្តប៉ៃលិន ខេត្តបាត់ដំបង និងខេត្តស្វាយរៀង បានចុះហត្ថលេខា ប្រគល់អដ្ឋិធាតុជនពលីវៀតណាមរួចមក គណៈប្រតិភូកម្ពុជា បានជូនដំណើរគណៈប្រតិភូវៀតណាម យកអដ្ឋិធាតុជនពលី ទៅបញ្ចុះនៅបូជនីយដ្ឋានអន្តរស្រុក វិញហុឹង–តឹនហុឹង នៃខេត្តឡុងអាន ប្រទេសវៀតណាម ៕ រក្សាសិទ្ធដោយ ៖ សុំ សុវណ្ណគីរី


















