រាជធានីភ្នំពេញ : ក្នុងយុទ្ធនាការផ្សព្វផ្សាយអំពីផលិតផល ជលផលក្រោមប្រធានបទ «ការទទួលស្គាល់ក្នុងស្រុក និងជាសាកល សម្រាប់ផលិតផលជលផល ៖ ផលិតអាហារមានសុវត្ថិភាព ដើម្បីពន្លឿនភាពជោគជ័យ» លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងឱ្យដឹងថា នេះជាលើកទី២ហើយ ដែលក្រសួង បានសហការជាមួយសហភាពអឺរ៉ុប និងអង្គការ UNIDO រៀបចំដំណើរទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយពីផលិតផលជលផលក្រោយប្រមូលផល បន្ទាប់ពីដំណើរទស្សនកិច្ចលើកទី១ ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។
ការថ្លែងបែបនេះរបស់អ្នកនាំពាក្យក្រសួងកសិកម្មធ្វើឡើងក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ មានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម អង្គការដៃគូអភិវឌ្ឍន៍ និងក្រុមអ្នកសារព័ត៌មានជាង ៤០នាក់ មកពី២១ស្ថាប័ន មុនពេលចេញដំណើរធ្វើទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយអំពីសហគ្រាសជលផលក្រោយប្រមូលផល តាមបណ្ដាខេត្តជាប់មាត់សមុទ្ររបស់កម្ពុជា ដឹកនាំដោយ លោកជំទាវ អ៊ឹម រចនា ។
យុទ្ធនាការផ្សព្វផ្សាយអំពីផលិតផល ជលផលក្រោមប្រធានបទ «ការទទួលស្គាល់ក្នុងស្រុក និងជាសាកលសម្រាប់ផលិតផលជលផល ៖ ផលិតអាហារមានសុវត្ថិភាព ដើម្បីពន្លឿនភាពជោគជ័យ» នេះ ទទួលបានការគាំទ្រពីគម្រោង CAPFish-Capture ក្រោមសហហិរញ្ញប្បទានពីសហភាពអឺរ៉ុប។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺចាប់ផ្ដើមកិច្ចប្រជុំ និងចេញដំណើរពី រាជធានីភ្នំពេញ ខេត្តកោះកុង និងខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៥ ដល់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ដោយមានសមាសភាពចូលរួមសរុប ៦៨នាក់ ក្នុងនោះមាន តំណាងក្រសួងកសិកម្ម រដ្ឋបាលជលផល តំណាងសហភាពអឺរុបប្រចាំកម្ពុជា អង្គការ UNIDO និងអ្នកសារព័ត៌មានផ្សេងៗចំនួន ២១ស្ថាប័ន។
លោកជំទាវ អ៊ឹម រចនា បានបង្ហាញសុទិដ្ឋិនិយមថា ដំណើរទស្សនកិច្ចលើកនេះ នឹងជួយជំរុញ លើកទឹកចិត្តដល់ម្ចាស់សហគ្រាសទាំងអស់ ឱ្យពង្រឹង និងពង្រីកផលិតផលជលផល ក្រោយប្រមូលផល ទាំងទឹកសាប និងទឹកប្រៃ ដើម្បីធានាស្តង់សុវត្ថិភាពម្ហូបអាហារដល់អ្នកបរិភោគ ពង្រីកទីផ្សារក្នុងស្រុក និងឈានឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិ ហើយប្រជាកសិករផ្នែកជលផល នឹងទទួលបានប្រាក់ចំណូលកាន់តែច្រើន៕ រក្សាសិទ្ធដោយ ៖ពិសិដ្ឋ CEN











