ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី “បញ្ចុះបឋមសិលាសាងសង់បន្ទប់ពិគ្រោះយោបល់សម្រាប់ជនរងគ្រោះ សាលតាំងពិព័រណ៌អចិន្ត្រៃយ៍ស្តីពីដំណើរការជំនុំជម្រះក្តី និងឧទ្យានសម្រាប់ការចងចាំ” ។
ទោះបីជាដំណើរការជម្រះក្តីរបស់ អង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជា ”អ.វ.ត.ក.” ត្រូវបានបិទបញ្ចប់ជាស្ថាពររួចហើយ ប៉ុន្តែរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិបានបន្តផ្ដល់ការគាំទ្រដល់ការអនុវត្តការងារសេសសល់របស់ អ.វ.ត.ក. ដោយអនុលោមតាមកិច្ចព្រមព្រៀងបន្ថែមស្ដីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញដែលបានឯកភាពគ្នាកាលពីឆ្នាំ ២០២១ ដែលរួមមានកិច្ចការគតិយុត្តមួយចំនួន រួមទាំងការតាមដានការអនុវត្តទោសរបស់ពិរុទ្ធជននៅពន្ធនាគារ, ការថែរក្សា និងការផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយដល់សាធារណជន និងការបង្កើតឱ្យមាន «មជ្ឈមណ្ឌលធនធានរបស់ អ.វ.ត.ក.» ក្នុងគោលបំណងថែរក្សា និងលើកកម្ពស់កេរដំណែលពាក់ព័ន្ធនឹងបណ្ណសាររបស់ខ្លួនទុក និងការគ្រប់គ្រងបណ្ណសារនៃសំណុំរឿងទាំងអស់តាមស្តង់ដាអន្តរជាតិសម្រាប់ឱ្យសាធារណជនអាចចូលមើលនិងសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតរបស់កម្ពុជា ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ និងអរគុណដល់ អ.វ.ត.ក. ដែលបានលើកកម្ពស់ការផ្សព្វផ្សាយអំពីប្រវត្តិសាស្រ្ដ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលកម្ពុជាបានឆ្លងកាត់ ដែលការផ្សព្វផ្សាយនេះ បានចូលរួមទប់ស្កាត់កុំឱ្យរបបដ៏យង់ខ្នងនេះកើតឡើងវិញម្ដងទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តទៀតថា ៖ អ.វ.ត.ក ជាស្ថាប័នឯករាជ្យមួយ ដោយបានយកអតីតប្រមុខរដ្ឋខ្មែរមកធ្វើការជំនុំជម្រះ និងលាតត្រដាងឲ្យពិភពលោកបានដឹងទទួលយកការសម្រេចក្តី និងធ្វើឲ្យជនរងគ្រោះក្នុងរបបខ្មែរក្រហមអស់ចិត្ត និងទទួលបានយុត្តិធម៌។
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នយោបាយឈ្នះ ឈ្នះ ដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា គឺជា “មូលដ្ឋានគ្រឹះ ក្នុងកិច្ចការពារសន្តិភាព និងនាំឲ្យកម្ពុជាមានការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះ”។
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា ទោះកាលៈទេសៈណាក៏ដោយ រាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យមានការកាប់សម្លាប់រង្គាលពលរដ្ឋខ្លួន ដូចកាលសម័យរបបកម្ពុជាប្រជាធិបតេយ្យ (របបខ្មែរក្រហម) នោះឡើយ។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់ពលខ្មែរគ្រប់រូប ត្រូវទប់ស្កាត់នូវអំពើបែបនេះឲ្យខានតែបានផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការថែរក្សាទុកនូវឯកសារពាក់ព័ន្ធប្រវត្តិសាស្រ្ត ជាកិច្ចការចាំបាច់បំផុត ដោយមិនត្រូវចាក់សោបិទទុកនោះឡើយ បើទោះបីជាទំព័រប្រវត្តិសាស្រ្តដ៏ខ្មៅងងិតរបស់ខ្មែរក្រហមត្រូវបានបិទ បញ្ចប់ក៏ដោយនោះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីជា ពេលវេលាបានកន្លងផុតទៅជាច្រើនទសវត្សរ៍ហើយក៏ដោយ ក៏ពលរដ្ឋខ្មែរនៅបន្តប្រយុទ្ធប្រឆាំង ទៅនឹងភាពឈឺចាប់ទាំងនោះដដែល។ ជនរងគ្រោះដែលនៅរស់រានមានជីវិត ខិតខំតស៊ូជម្នះ វិបត្តិផ្លូវចិត្ត និងផ្លូវកាយពីការបាត់បង់សមាជិកគ្រួសារ និងបញ្ហាសុខភាពផ្ទាល់ខ្លួនជាប្រចាំ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចសូមឆ្លៀតយកឱកាសដ៏កម្រនេះ សូមសំដែងនូវការគោរពអរគុណដឹងគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមចងចាំជានិច្ចចំពោះស្នាដៃ និងគុណូបការៈដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានរំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត និងបាននាំមកនូវសុខសន្តិភាព, ការបង្រួបបង្រួមជាតិ, ឯកភាពជាតិ និងឯកភាពទឹកដី ក្នុងប្រវត្តិសាស្ត្រ ៥០០ ឆ្នាំរបស់ខ្លួន តាមរយៈការដាក់ចេញនូវ នយោបាយ ឈ្នះ-ឈ្នះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នយោបាយឈ្នះ- ឈ្នះ គឺជាមូលដ្ឋានគ្រឹះនៃការរក្សាសន្តិភាពយូរអង្វែង ដោយហេតុថា នយោបាយឈ្នះ-ឈ្នះនេះ បានលុបបំបាត់ការរើសអើងខាងជាតិសាសន៍ សាសនា និងរវាងក្រុមមនុស្ស ព្រមទាំងបានផ្ដល់ លទ្ធភាពដល់ពលរដ្ឋខ្មែរទាំងអស់រួមរស់សុខដុមរមនាក្នុងសង្គមជាមួយគ្នាថែមទៀតផង។
សម្តេធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈនយោបាយឈ្នះ-ឈ្នះនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្កើត អ.វ.ត.ក. ដោយ មានកិច្ចសហការដ៏ល្អប្រសើរពីអង្គការសហប្រជាតិ និងការឧបត្ថម្ភគាំទ្រជាថវិកាពីសហគមន៍ អន្តរជាតិ ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះនៃរបបខ្មែរក្រហម, ការផ្សះផ្សាសង្គមដែលបែកបាក់,
ការលុបបំបាត់វប្បធម៌និទណ្ឌភាព និងជាការផ្តល់សារមួយសម្រាប់មេដឹកនាំនៃបណ្តាប្រទេស
ទូទាំងពិភពលោកអំពីផលវិបាកនៃការប្រព្រឹត្តអំពើសាហាវយង់ឃ្នងព្រៃផ្សៃរបស់ពួកគេ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី


















































