ភ្នំពេញ ៖ ក្រុមប្រឹក្សាស្តង់ដារជាតិបានរៀបចំកិច្ចប្រជុំលើកទី២៨ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ។ កិច្ចប្រជុំបានផ្តោតលើតួនាទីដ៏សំខាន់នៃស្តង់ដារជាតិក្នុងការជំរុញការនាំចេញ និងភាពប្រកួតប្រជែងពាណិជ្ជកម្មសកលនៃផលិតផលកម្ពុជា។
ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការអភិវឌ្ឍស្តង់ដារកម្ពុជា (CS) ដោយបានលើកឡើងថា៖“ស្តង់ដារជាតិមានសារៈសំខាន់បំផុត ក្នុងក្របខ័ណ្ឌនៃការនាំចេញ តាមរយៈការលើកកម្ពស់គុណភាព ការជំរុញផលិតកម្ម និងផលិតភាព។ អាជីវកម្មមួយចំនួននៅតែយល់ថាស្តង់ដារជាបន្ទុក ដូច្នេះ បេសកកម្មរបស់ក្រុមប្រឹក្សាគឺត្រូវអភិវឌ្ឍស្តង់ដារជាតិសំខាន់ៗឱ្យបានច្រើន ដើម្បីគាំទ្រផលិតផលកម្ពុជា។”
ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យគណៈកម្មាធិការតាមវិស័យ កំណត់គោលដៅអភិវឌ្ឍន៍ស្តង់ដារ ដោយធ្វើអាទិភាវូបនីយកម្ម ឬការរៀបតាមលំដាប់លំដោយនៃសេចក្តីត្រូវការសេដ្ឋកិច្ចក្នុងវិស័យនីមួយៗ។ ឯកឧត្តមបានបន្ថែមថា៖ “យើងផលិតបានច្រើន ប៉ុន្តែបើគ្មានស្តង់ដារទេ ទីផ្សាររបស់យើងនៅតែតូចចង្អៀត។”
ឯកឧត្តមក៏បានស្នើឱ្យក្រុមប្រឹក្សាស្តង់ដារជាតិពិនិត្យ និងកែលម្អស្តង់ដារដែលមានស្រាប់ ពិសេសស្តង់ដារដែលអនុម័តពីក្របខ័ណ្ឌអន្តរជាតិ ដែលអាចពិបាកអនុវត្តឱ្យបានពេញលេញក្នុងបរិបទកម្ពុជា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី










