Tuesday, May 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តកំពង់ចាម÷ អាជ្ញាធរនិងសមត្ថកិច្ចត្រូវតែយកចិត្តទុកដាក់នូវការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងការបម្រើសេវាជូនប្រជាពលរដ្ឋតាមមូលដ្ឋានឲ្យបានល្អប្រសើរ

ខេត្តកំពង់ចាម៖” អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បន្តពង្រឹង និងលើកកម្ពស់បន្ថែមទៀត នូវការងាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដើម្បីធានារក្សាបាន នូវសន្តិសុខសង្គម ស្ថេរភាពនយោបាយ ស្ថិរភាពសង្គម និងនិរន្តរភាពរដ្ឋបាលទូទាំងខេត្តកំពង់ចាម ឲ្យបានល្អប្រសើរ “។ នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានលើកឡើងនៅព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៤ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ នៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រចាំឆមាសទី ១ ឆ្នាំ ២០២៤ និងទិសដៅបន្ត នៅសាលសន្និសីទសាលាខេត្តកំពង់ចាម។

នាឱកាសនោះមានការចូលរួមពី ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ព្រមទាំងមានការចូលរួមពីមន្ត្រី ស្ថាប័ន អង្គភាពពាក់ព័ន្ធ ប្រមាណជិត៥០០ នាក់មកពីតាមបណ្ដាលស្រុកក្រុងទាំង ១០ក្នុងខេត្តកំពង់ចាម។

ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ បានអនុវត្តយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នូវគោលនយោបាយ និងគោលការណ៍នានា របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និងបានចូលរួមការពារយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រមទាំងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ។

ប្រធានគណៈបញ្ជាការឯកភាពខេត្តបន្តថា ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ រួមនឹងមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានធ្វើការប្ដេជ្ញាចិត្តចូលរួមយ៉ាងសកម្មក្នុងការអនុវត្តតួនាទី ភារកិច្ច តាមកំណត់នៃច្បាប់ លិខិតបទដ្ឋានជាធរមាន ព្រមទាំងចូលរួមចំណែក និងផ្ដល់កិច្ចសហការគាំទ្រ ធ្វើឱ្យខេត្តកំពង់ចាម សម្រេចបានសមិទ្ធផល នានាជាច្រើននៅរយៈពេលកន្លងមកនេះ។ ជាមួយគ្នានេះ តាមរយៈគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយទុក្ខលំបាក និងក្តីកង្វល់ផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយភាពវិជ្ជមានផងដែរ។ ទោះជាយ៉ាងនោះក្តី ឯកឧត្តមអភិបាលខេត្ត បានដាក់នៅទិសដៅ ១៤ ចំណុច ដើម្បី ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ធ្វើការអនុវត្ត គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទទួលបានជោគជ័យបន្ថែមទៀត ។

ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានយកឱកាសនោះ សំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខេត្តកំពង់ចាម រួមទាំងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវ និងប្រកបដោយប្រសិទ្ធភាព ក្នុងការអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលជាគោលនយោបាយដាក់ចេញដោយរដ្ឋាភិបាល។

ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងផងដែរថា ចំពោះបទល្មើសគ្រឿងញៀន និងករណីគ្រោះថ្នាក់ចរាចរ នៅតែមានបញ្ហាប្រឈម ដូច្នេះសមត្ថកិច្ចត្រូវពង្រឹងការអនុវត្តច្បាប់ ទៅតាមទិសដៅរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីឈានទៅទទួលលទ្ធផលល្អប្រសើរក្នុងការពង្រឹងសន្តិសុខនិងសណ្ដាប់ធ្នាប់៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

×