ខេត្តត្បូងឃ្មុំ: ពិតជាគួរឱ្យសោកស្ដាយណាស់ដោយលំនៅឋានរបស់ប្រជាពលរដ្ឋមួយខ្នង សាងសង់អំពីឈើប្រក់ក្បឿងត្រូវបានអគ្គីភ័យលេបត្របាក់ដោយមានផ្សែងហ៊ុយខ្មួលខ្មាញ់ ទៅលើអាកាសបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៤ កក្កដាឆ្នាំ២០២៤ នៅឃុំត្រពាំងព្រីងស្រុកតំបែរ។ ហើយត្រូវបានរថយន្តពន្លត់អគ្គីភ័យ នៃអធិការដ្ឋាននគរបាលស្រុកចេញទៅអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយមិនឲ្យឆាប់ឆេះដល់លំនៅដ្ឋានពលរដ្ឋផ្សេង ជាមួយនោះកូនប្រុសម្ចាស់ផ្ទះចិត្តខ្លាំងនេះ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរ។
សមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹងថា:កូនប្រុសម្ចាស់ផ្ទះឈ្មោះខេន ពែតអាយុ២៧ឆ្នាំ បានជិះម៉ូតូមួយគ្រឿងដោយមានសំឡេងស៊ីម៉ាំងម៉ូតូលាន់ឮយ៉ាងទ្រហឹងនៅថ្ងៃទី១៣កក្កដា ហើយប្រជាពលរដ្ឋនៅក្នុងភូមិ បានរាយការណ៍មកប៉ុស្តិ៍រដ្ឋបាលត្រពាំងព្រីង។ក្រោយទទួលបានព័ត៌មាននេះកម្លាំងប៉ុស្តិ៍បានចុះទៅសួរនាំកូនម្ចាស់ផ្ទះហើយត្រូវបានម្ដាយព្រមទាំងសាច់ញាតិមិនឲ្យសមត្ថកិច្ចយកទៅអប់រំណែនាំនោះទេព្រោះមិនមានទោសកំហុសអ្វីធំដុំ។
លោកវរៈសេនីយ៍ឯកប៉េង អេងហាក់អធិការនគរបាលស្រុកដំបែរ ប្រាប់ឲ្យដឹងដែលថា ករណីគ្រោះអគ្គីភ័យមួយកើតឡើង នៅចំណុចភូមិ កំប្រើស ឃុំត្រពាំងព្រីង ស្រុកដំបែរ ខេត្តត្បូងឃ្មុំ បណ្ដាលឱ្យឆេះផ្ទះឈើប្រក់ក្បឿង ៣ខ្នង ទទឹង ៧ម៉ែត្រ គុណ បណ្ដោយ ១២ម៉ែត្រ និងរោងបាយមួយ ធ្វើពីដែកស័ង្កសី ដែលម្ចាស់ផ្ទះឈ្មោះប៊ីន ខន ភេទស្រី អាយុ៦០ឆ្នាំ ។បន្ទាប់ពីទទួលបានព័ត៌មានពីប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានរូបលោកបានឲ្យរថយន្តពន្លត់អគ្គីភ័យនៃអធិការដ្ឋាននគរបាលស្រុកដែលប្រចាំការ២៤ម៉ោងលើ២៤ម៉ោងប្រញាប់ចេញទៅអន្តរាគមន៍បាញ់ទឹកពន្លត់តែដោយសារផ្ទះឈឺផ្លូវរាងឆ្ងាយទម្រាំទៅដល់គឺអគ្គីភ័យបានលេបត្របាក់ផ្ទះនោះអស់ទាំងស្រុង។ ជាមួយនោះធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិមួយចំនួនទៀតដូចជា. ១.អង្គរ ១បេ។ ២.គ្រែដេក ២។ ៣.កង់ ១។ ៤.ខោអាវមុងភួយ និង៥.សម្ភារៈផ្ទះបាយចានឆ្នាំង…។
មូលហេតុ ឈ្មោះ ខេន ពែត ភេទប្រុស អាយុ ២៧ ឆ្នាំ ដែលត្រូវជាកូនបង្កើត របស់ឈ្មោះជនរងគ្រោះខាងលើ ដុតចោល។ ដោយមានសំណូមពីម្ដាយដែលជាម្ចាស់ផ្ទះ ឱ្យកម្លាំងសមត្ថកិច្ចឃាត់ខ្លួនកូនប្រុសដែលបែកថ្នាំយកមកចាត់ការតាមនីតិវិធី។ នៅក្នុងហេតុការណ៍នេះកម្លាំងសមត្ថកិច្ចបានប្រើប្រាស់ទឹកអស់ ១ឡាន ហើយក៏មិនបានរៀលដាលឆេះ ទៅដល់លំនៅដ្ឋានផ្សេងទៀតនៅក្បែរនោះដែរ។ ករណីនេះបើសិនជានៅថ្ងៃទី ១៣កក្កដា កម្លាំងប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន
ហៅមកអប់រំនោះក៏ប្រហែលជាមិនមានហេតុការណ៍បែបនេះកើតឡើងនោះទេ។ហើយស្ត្រីជាម្ដាយម្ចាស់ផ្ទះបានត្រឹមតែសោកស្ដាយលំនៅឋាននិងរបស់ទ្រព្យតែបាត់បង់តែប៉ុណ្ណោះ។ សូមបញ្ជាក់ថា ហេតុការណ៍បែបនេះកម្រនឹងមានកើតឡើងនៅឃុំនេះណាស់៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី






