Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍ ទៀ សីហា៖ អ្នកបាត់ខ្លួនក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ មានតែពីរនាក់ ពុំមែន៧នាក់ដូចការផ្សព្វផ្សាយរបស់សារព័ត៌មួយចំនួន ដែលផ្សាយខុសពីការពិតនោះទេ

រាជធានីភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ជនរងគ្រោះដែលបានបាត់ខ្លួនដោយសារឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅតំបន់ភ្នំជួរក្រវាញ រវាងខេត្តខេត្តពោធិ៍សាត់ និងខេត្តកោះកុងនោះ មានតែពីរនាក់ប៉ុណ្ណោះ គឺអ្នកបើកបរម្នាក់ និងជំនួយការបើកបរម្នាក់ ពុំមែន៧នាក់ដូចការផ្សព្វផ្សាយរបស់សារព័ត៌មួយចំនួន ដែលផ្សាយខុសពីការពិតនោះទេ។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួបលើកទី៣១ឆ្នាំ នៃការបង្កើតកង រាជអាវុធហត្ថ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា៖ ករណីធ្លាក់ឧទ្ធម្ភាគចក្រ គឺកើតចេញពីអាកាសធាតុមិនអំណោយផល ខណៈការធ្លាក់នេះ គឺកំពុងធ្វើការហ្វឹកហាត់ពីរាជធានីភ្នំពេញ ទៅកាន់ថ្មដា ខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅនេះ។

នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា៖ ឧទ្ធម្ភាគចក្ររបស់ក្រសួងការពារជាតិគឺតែងតែ ចេញហោះហើរជារៀងរាល់ថ្ងៃ ដើម្បីធ្វើការហ្វឹកហ្វឺន ហើយក៏ដើម្បីពិនិត្យមើលបច្ចេកទេស ឬឧបករណ៍ជា ដើម ដោយការហ្វឹកហ្វឺននេះពេលខ្លះគឺមានរយៈពេលឆ្ងាយ និងរយៈពេលជិត។ ឧទ្ធម្ភាគចក្រដែលបាន បាត់ចេញពីរាដានេះ គឺមានទិសដៅហ្វឹកហ្វឺនពីភ្នំពេញទៅថ្មដា ពីថ្មដាទៅ​ពោធិ៍សាត់ហើយ នឹងត្រូវបកមក ភ្នំពេញវិញ តែយ៉ាងណាក៏ដោយ​ឯកឧត្តម​មិនទាន់ហ៊ាន​សណ្ឋានថា យ៉ាងណាទេរហូតមកដល់ថ្ងៃនេះ ខណៈក្រុមការងារកំពុងរុករកនោះ។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានបញ្ជាក់បន្ថែមទៀតថា៖ ការបាត់ខ្លួនគឺមានអ្នកជំនាញភីឡត់ម្នាក់ និងជំនួយការម្នាក់ កំពុងបើកបរទៅតាមទិសដៅដែល​បញ្ជាការដ្ឋាន​ទ័ពអាកាសបានកំណត់ ហើយជាអកុសលយើងឃើញថា នាថ្ងៃនោះអាកាសធាតុមិនអំណោយផល ហើយបានផ្តាច់ការទាក់ ទងគ្នារហូតដល់ថ្ងៃនេះគឺមានរយៈពេលពីរថ្ងៃ ហើយក្រុមជំនាញ​ក៏បានចេញប្រតិបត្តិការរុករកផងដែរ។

នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានផ្តាំទៅប្រព័ន្ធ ផ្សព្វផ្សាយ​មួយចំនួន​ បើពុំទាន់​ដឹងព័ត៌មានច្បាស់ទាក់ទង​នឹងការធ្លាក់ឧទ្ធម្ភាគចក្រទេ គឺសូម​កុំចុះផ្សាយ ខុសពីការពិត ខណៈករណីនេះគឺជាបញ្ហាសន្តិសុខជាតិ ដោយកុំចុះផ្សាយ​លើសពីការពិត​ដោយសារព័ត៌មានខ្លះចុះថា រកឃើញជនរងគ្រោះរហូតដល់៧នាក់ ខ្លះចុះផ្សាយថា រកឃើញហើយអ្វីជាដើមនោះ។

នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា៖ ករណីធ្លាក់ឧទ្ធម្ភាគចក្រនេះគប្បី​ចាំស្តាប់រាជរដ្ឋាភិ បាល ឬក្រសួងការពារជាតិ នឹងមានការជូនដំណឹង​ជាបន្តបន្ទាប់ ហើយបញ្ហានេះ ក៏គ្មានអ្វីដែល​ត្រូវ​លួចលាក់​នោះទេ វាជាព័ត៌មានទូទៅ ករណីនេះ ប្រទេសណាក៏ធ្លាប់មាន​បទពិសោធន៍ធ្លាក់​ឧទ្ធម្ភាគចក្រ នេះដែរ ខណៈគេមានឧទ្ធម្ភាគចក្រនេះទំនើបជាងយើង ឆ្ងាយណាស់ ហើយ​នៅតែមានឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រនេះដែរ។

សូមបញ្ជាក់ថា ឧទ្ធម្ភាគចក្រមួយគ្រឿងប្រភេទZ-9 បានបាត់​ចេញពីរាដា នៅតំបន់​ភ្នំជួរក្រវាញ​រវាងព្រំប្រទល់ខេត្តពោធិ៍សាត់ និងខេត្តកោះកុង កាលពីព្រឹកថ្ងៃទី១២ ​ខែកក្កដា ឆ្នាំ២០២៤កន្លងទៅនេះ ខណៈកំពុងធ្វើការហ្វឹកហ្វឺន ។

បើតាមការលើកឡើងរបស់​នាយឧត្តមសេនីយ៍ ទៀ សីហា​ បានបញ្ជាក់ថា៖ ការធ្លាក់នេះ​គឺកើតចេញ​ពី​អាកាសធាតុមិនអំណោយផល។ រហូតដល់ថ្ងៃទី១៤ ខែកក្កដា​ ឆ្នាំ២០២៤នេះ ក្រុមប្រតិបត្តិការរុករក​ពុំទាន់ឃើញពន្លឺណាមួយកំណត់គោលដៅរកឃើញកន្លែងឧបទ្ទវហេតុនៅឡើយនោះទេ ខណៈក្រុមប្រតិបត្តិការ​ បានកំពុងដាក់គោលដៅកំណត់យ៉ាងសកម្មបំផុតក្នុងការរុករក ដោយ​ថ្ងៃទី១៤ ខែកក្កដានេះ បានដាក់ផែនការ ៥០គីឡូម៉ែត្រ៤ជ្រុង ក្នុងការរុករកនោះ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×