រាជធានីភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលសម្រេចបានជោគជ័យជាប្រវត្តិសាស្ត្រក្នុងការផ្សះផ្សារជាតិ និងលុបបំបាត់វប្បធម៌និទណ្ឌភាពនៃអំពើសាហាវយង់ខ្នងក្នុងរបបខ្មែរក្រហម
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា យើងបានបង្កើត អ.វ.ត.ក. ដែលមានកិច្ចសហការដ៏ល្អប្រសើរ ពីអង្គការសហប្រជាជាតិ និងថោយមានការឧបត្ថម្ភគាំទ្រថវិកាពីសហគមន៍អន្តរជាតិ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះនៃរបបខ្មែរក្រហម និងការផ្សះផ្សារសង្គមដែលបែកបាក់ ការលុបបំបាត់វប្បធម៌និទណ្ឌភាព និងការផ្តល់សារមួយសម្រាប់មេដឹកនាំបណ្តាប្រទេសទូទាំងពិភពលោក ពីផលវិបាកនៃការប្រព្រឹត្តអំពើសាហាវយង់ខ្នងព្រៃផ្សៃរបស់ពួកគេ។
ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់បន្ទប់ពិគ្រោះយោបល់សម្រាប់ជនរងគ្រោះ សាលតាំងពិព័រណ៌អចិន្ត្រៃយ៍ស្តីពីដំណើរការជំនុំជម្រះក្តី និងឧទ្យានសម្រាប់ការចងចាំ នាព្រឹកថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ២០២៤ សម្តេចធិបតីបានបញ្ជាក់ថា៖ កិច្ចការងារនេះ ជាកិច្ចសំខាន់ ហើយឯកសារជាង២លាន៤សែនទំព័រ ដែលក្នុងនោះ មានឯកសារដែល យើងត្រូវបែងចែកជាឯកសារកម្រិតសំងាត់ និងឯកសារជាសាធារណៈ ប៉ុន្តែអ្វីដែលសំខាន់នោះ ការបញ្ចប់ក្នុងរយៈពេល១៦ឆ្នាំមកនេះ បានបិទបញ្ចប់ប្រវត្តិសាស្ត្រមួយដែលខ្មៅងងឹត តែទំព័រប្រវត្តិសាស្ត្រនេះមិនត្រូវបិទ ហើយចាក់សោរទុកឲ្យដីហុយកប់នោះទេ គឺត្រូវរំលឹកឡើងវិញឲ្យកូនខ្មែរចងចាំ។
នាឱកាសនោះផងដែរ សម្តេចធិបតី បានថ្លែងបន្តថា អ.វ.ត.ក. បានសម្រេចជោគជ័យជាប្រវត្តិសាស្ត្រដោយនឹកស្មានមិនដល់ និងគួរឱ្យកត់សម្គាល់ក្រៃលែង ដោយបាននាំយកអតីតប្រមុខរដ្ឋនៃរបបមួយ មកធ្វើការជំនុំជម្រះទោស។ សកម្មភាពនេះជាការលាតត្រដាងពីការពិតជាប្រវត្តិសាស្ត្រអំពីរបបខ្មែរក្រហម និងបានផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ដោយបានជួយសម្រាលផ្លូវចិត្តដល់ពួកគាត់ ព្រមទាំងបានបន្សល់ទុកឯកសារសំណុំរឿងជាង ២,៤លានទំព័រ ជាភាសាខ្មែរ អង់គ្លេស និងបារាំង។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា៖ ឯកសារប្រវត្តិសាស្ត្រ ពាក់ព័ន្ធនឹងរបបខ្មែរក្រហមដែលបានចងក្រងទុកនៅសាលាក្តីខ្មែរក្រហមជាង២លាន ៤សែន ទំព័រមិនត្រូវចាក់សោទុក ហើយដីហុយកប់នោះទេ គឺត្រូវរំលឹកឲ្យកូនខ្មែរចងចាំ ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថា៖ សម្តេចបានឃើញរឿងកុនមួយដែលថតផ្សាយពីរបបខ្មែរក្រហមវីដេអូនោះបង្ហាញថា៖ មានបុរសវ័យចំណាស់ម្នាក់កំពុងតែគ្រុនឈឺនៅលើគ្រែ ហើយត្រូវគេហៅឲ្យទៅអូសភ្ជួរស្រែ ហើយវីដេអូនេះត្រូវបានបង្ហោះលើបណ្តាញសង្គម ប៉ុន្តែមានអ្នកខមមិនថា៖ ជាការមិនពិត ដោយសារសម័យនោះមិនមែនគោសម្រាប់ភ្ជួរស្រែនោះទេ និងថា ការសម្តែងហួសជ្រុល ។
សម្តេចធិបតីបានគូសបញ្ជាក់ថា៖ គ្រាន់តែក្នុងដំណាក់កាលអ្នកដែលនៅរស់ចង់ចាំផង ប្រវត្តិ សាស្ត្រមិនត្រូវបានចែករំលែក ឬគេមិនជឿទៅហើយ! នេះជាមិនខុសពីនៅ បណ្តាប្រទេសមួយចំនួន ប្រវត្តិសាស្ត្រ មិនមែនតែយកមករំលឹកតែអំពើអាក្រក់ ឬមួយភាពអវិជ្ជមាននោះទេ ប៉ុន្តែវាជាតថភាពនៅក្នុងសង្គមរបស់យើង ដែលកម្ពុជា និងពិភពលោក រងគ្រោះ។ វាជាអ្វីដែមនុស្សជាតិ មិនត្រូវការឲ្យកើតឡើងវិញ ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងទៀតថា៖ ការរៀបចំចងក្រងស្រាវជ្រាវចាំបាច់ត្រូវតែមាន ប៉ុន្តែត្រូវតែមានឯកសារយោងពិតប្រាកដ ដោយកុំឲ្យមានពាក្យ ក្អែកមួយ ក្អែកដប់ ។ បើប្រវត្តិសាស្ត្រមិនផ្អែកលើកឯកសារពិតប្រាកដថ្ងៃក្រោយវានឹងខ្លាចហើយ។
សម្តេចធិបតីបានលើកឡើងថា៖ ការទាមទារកម្កល់ទុកនូវឯកសារនៅទីនេះ ក៏ដូចជាការបង្កើត និងរៀបចំវិទ្យាស្ថាននៅថ្ងៃខាងមុខដើម្បីថែរក្សា និងចែករំលែកដល់អ្នក ជំនាន់ក្រោយបានដឹង ។ ព្រោះថា ប្រវត្តិសាស្ត្រឥលូវសូមតែនៅអង្កការសហប្រជាជាតិ កន្លែងខ្លះក៏មានបង្កើតនូវថ្ងៃចងចាំផង ចំពោះអំពើ ប្រល័យពូជសាស្ត្រមួយចំនួន ដើម្បីឲ្យមនុស្សជាតិ ស្គាល់ប្រវត្តិសាស្ត្រ ។
សម្តេចធិបតីបានគូសបញ្ជាក់ថា៖ យើងត្រូវតែខិតខំប្រឹងប្រែង ដើម្បីជោគជ័យ ហើយប្រវត្តិសាស្ត្រ ដែលជូរចត់ ត្រូវតែចងចាំ ហើយត្រូវចៀសវៀងឲ្យបាន ជាពិសេសនោះអំពើជ្រុលនិយម ការកាប់សម្លាប់ប្រជាពលរដ្ឋក្នុងគោលនយោបាយទិសដៅបែប ណាក៏ដោយ តែហេតុផលកាប់សម្លាប់ប្រជាពលរដ្ឋរាប់លាន់បែបនេះគឺយើង ទទួលយកមិនបានទេ ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីឲ្យកូនខ្មែរទាំងអស់ ត្រូវចងចាំចំពោះការចងក្រងឯកសារប្រវត្តិសាស្ត្រខ្មែរ និងត្រូវថែរក្សាឲ្យបានជាប់៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

















