ខេត្តកំពង់ចាម: ក្រោយពីមានបាតុភាពរញ៉េរញ៉ៃពេលដេញថ្លៃនៅដាលាឃុំខ្នារស ស្រុកស្រីសន្ធរ បាត់បង់សណ្ដាប់ធ្នាប់ក្នុងពេលដេញថ្លៃគម្រោងផ្លូវចំនួន៣ឃុំ។ បន្ទាប់មករដ្ឋបាលខេត្តបានពង្រឹងវិន័យក្នុងដំណើរការដេញថ្លៃដោយដាក់កម្លាំងនគរបាលនិងអាវុធហត្ថដើម្បីបញ្ជៀសបាតុភាពអសកម្ម ជាក់ស្ដែងនៅសាលាឃុំព្រែកដំបូកព្រឹកថ្ងៃទី១២កក្កដាឆ្នាំ២០២៤ បានរៀបចំដាក់ដេញថ្លៃគម្រោងផ្លូវបេតុងមួយផ្សារប្រវែង១០០ ម៉ែត្រ នៅភូមិផ្ទះវាល ជាមួយនោះក្រុមហ៊ុនដែលចូលរួមដេញថ្លៃលុះត្រាតែមានប្រាក់កក់។ ចំពោះអ្នកអុកឡុកវិញត្រូវបានហាមចូលក្នុងបរិវេណកន្លែងដេញថ្លៃ។។
លោកហុក នោង មេឃុំព្រែកដំបូកមានប្រសាសន៍ដោយលើកឡើងថា:
ចំពោះគម្រោងដែលត្រូវដាក់ឲ្យដេញថ្លៃនេះមានក្រុមហ៊ុនចំនួន៥ បានចូលរួមដេញថ្លៃហើយលទ្ធផលបានទៅលើក្រុមហ៊ុនកេត សុខគាង ក្នុងតម្លៃ៥៥ លានរៀល។ ចំពោះផ្លូវបេតុងដែលត្រូវអភិវឌ្ឍន៍នេះគឺតភ្ជាប់ពីផ្លូវបេតុងចាស់ប្រវែង៤០០ម៉ែត្រ ដែលស្ថាបនាកាលពីឆ្នាំ២០២៣ ដោយក្រុមហ៊ុនដដែលនេះដែលដេញថ្លៃបាន សម្រាប់ទឹកដៃរបស់ក្រុមហ៊ុននេះគឺល្អគ្រាន់បើ។
លោកមេឃុំព្រែកដំបូក មានប្រសាសន៍បន្តថាតាមរយៈកញ្ចប់ថវិការបស់រាជរដ្ឋាភិបាលដែលបានទម្លាក់មកថ្នាក់ក្រោមជាតិដើម្បីអភិវឌ្ឍន៍នៅក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ដែលរហូតមកដល់ពេលនេះគឺជាគម្រោងទី៦ ហើយ សម្រាប់ភូមិចំនួន៩ ត្រូវបានអភិវឌ្ឍន៍ដោយប្រែក្លាយពីរផ្លូវដីទៅជាផ្លូវបេតុងគឺមានគ្រប់ភូមិទាំងអស់។ហើយនៅឆ្នាំ២០២៥ខាងមុខនិងមានការប្រជុំក្រុមប្រឹក្សាឃុំ ដោយសម្រេចស្ថាបនាផ្លូវបេតុងមួយខ្សែទៀតប្រវែងនៅភូមិចុងបឹង ដែលតភ្ជាប់ពីផ្លូវបេតុងស្ថាបនាប្រវែង ១០០ម៉ែត្រនេះ។ សូមបញ្ជាក់ថាផ្លូវនៅភូមិតាមល់ ដែលនៅក្បែរសាលាឃុំនេះពីមុនជាប្រភេទផ្លូវដីក្នុងរដូវវស្សាពេលភ្លៀងមកម្ដងៗបែកភក់ប្រជាពលរដ្ឋ ពិបាកក្នុងការធ្វើដំណើរ មកដល់សព្វថ្ងៃនេះត្រូវបានកកើតទៅជាផ្លូវបេតុងធ្វើឲ្យពលរដ្ឋក្នុងភូមិនាំគ្នាសប្បាយរីករាយ។
សូមបញ្ជាក់ថារដ្ឋបាលខេត្តកំពង់ចាមបានយកចិត្តទុកដាក់លើការដេញថ្លៃឃុំសង្កាត់ទាំងអស់នៅក្នុងខេត្តថ្មីៗកន្លងទៅបានប្រជុំនៅសាលសន្និសីទសាលាខេត្ត ដោយហៅលោកមេឃុំចៅសង្កាត់ អភិបាលស្រុក-ក្រុង ក្រុមហ៊ុនព្រមទាំងបងប្អូនអ្នកសារព័ត៌មានចូលរួមប្រជុំដោយពង្រឹងវិន័យក្នុងការដេញថ្លៃគម្រោងផ្លូវឱ្យដំណើរការបានល្អមានសណ្ដាប់ធ្នាប់។តាមការសង្កេតដោយផ្ទាល់ក្នុងរយៈពេលពីថ្ងៃគឺថ្ងៃទី១១និងទី១២កក្កដាឆ្នាំ ២០២៤ ចំពោះដំណើរការដេញថ្លៃនៅស្រុកស្រីសន្ធរនិងស្រុកស្ទឹងត្រង់ត្រូវបានគេមើលឃើញមានរបៀបរៀបរយល្អដោយមានកម្លាំងអាវុធហត្ថនិងនគរបាលជួយរក្សាសណ្ដាប់ធ្នាប់ហើយក៏គ្មានអ្នកចាប់ទាញដៃទាញជើងដូចនៅទីផ្សារនោះទេ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី













