រាជធានីភ្នំពេញ ៖ នាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ បានឲ្យដឹងថា រសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងការិយាល័យនីតិវិធី នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ បានចូលរួមជាមួយមន្រ្តីជំនាញនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ស្រាវជ្រាវនិងកោះអញ្ជើញប្រជាពលរដ្ឋចំនួន២នាក់ មកធ្វើការអប់រំណែនាំនិងធ្វើកិច្ចសន្យា ករណីថតសកម្មភាពរាំបញ្ចេញកាយវិការមិនសមរម្យ (របៀបបែកស្លុយស្អីគេនោះ) នៅក្នុងសារមន្ទីរជាតិភ្នំពេញ ហើយធ្វើការបង្ហោះជាសាធារណៈក្នុងគណនីតិកតុក (TikTok) របស់ខ្លួន កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ធ្វើឱ្យប៉ះពាល់ដល់តម្លៃនៃសម្បត្តិបេតិកភណ្ឌវប្បធម៌ ប្រពៃណីជាតិ សណ្តាប់ធ្នាប់សង្គម និងរងការរិះគន់ពីមហាជន។
បន្ទាប់ពីសមត្ថកិច្ចយើងធ្វើការអប់រំណែនាំ ម្ចាស់គណនីទាំង២រូប បានទទួលស្គាល់កំហុសឆ្គងដោយអចេតនារបស់ខ្លួន និងសុំការអភ័យទោស ព្រមទាំងធ្វើកិច្ចសន្យាមិនបង្កើតនូវសកម្មភាពអវិជ្ជមានទាំងនេះជាលើកទី២ឡើយ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី






