ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់ជាគោលការណ៍ឱ្យមានការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចធិបតី” ដោយបើកចំហទូលំទូលាយ ដល់អ្នកហាត់គុនខ្មែរបុរាណគ្រប់ប្រភេទ គ្រប់ទម្រង់ គ្រប់ក្បាច់គុន និងគ្រប់ទិសទី ទាំងសញ្ជាតិខ្មែរ និងបរទេស អាចចូលរួមប្រកួតបានទាំងអស់។
មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូកីឡាយុទ្ធគុនចម្រុះទាំង ១៨ ប្រទេសនិងតំបន់ ដែលបានចូលរួម សម្តេចធិបតី ក៏បានអរគុណចំពោះគណៈប្រតិភូតំណាងចលនាអូឡាំពិក និងសមាគមយុទ្ធគុនចម្រុះអាស៊ី ដែលបានផ្តល់ទំនុកចិត្តដល់កម្ពុជា ក្នុងការរៀបចំការប្រកួតជ្រើសរើសជើងឯកកីឡាយុទ្ធគុនចម្រុះអាស៊ី លើកទី ២ នេះ ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានដើរតួនាទីយ៉ាងសំខាន់ ទាំងនៅកម្ពុជា និងសកលលោក ដោយកីឡាទទួលបាននូវការចាប់អារម្មណ៍ និងគាំទ្រ កាន់តែច្រើនពីសំណាក់មហាជនគ្រប់ស្រទាប់វណ្ណៈ ដោយមិនគិតពីពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍវិស័យកីឡា ដើម្បីបង្កលក្ខណៈល្អប្រសើរ សម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅ ក្នុងការលេងកម្សាន្ត និងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី ឱ្យកាន់តែខ្លាំងពូកែ ក្នុងការប្រកួតដណ្តើមយកជ័យជម្នះ ក្នុងព្រឹត្តិការណ៍កីឡាធំៗ ។ ជាក់ស្តែង ការប្រកួតយុទ្ធគុនចម្រុះ (Mix Martial Arts-MMA) នេះ បានបើកទ្វារចំហ សម្រាប់អ្នកហាត់ក្បាច់គុន ឬកីឡាប្រយុទ្ធគ្រប់ប្រភេទ គ្រប់ទម្រង់ ដូចជា កីឡា Jujitsu, Judo, Wrestling, Boxing, Kickboxing, Karate, Taekwondo អាចចូលរួមប្រកួតបាន ។
ក្នុងឱកាសនោះផងដែរ សម្តេចធិបតី បានប្រកាសថា សម្តេច បានផ្តល់ជាគោលការណ៍ឱ្យមានការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់របស់សម្តេចធិបតី” ដោយបើកចំហទូលំទូលាយ ដល់អ្នកហាត់គុនខ្មែរបុរាណគ្រប់ប្រភេទ គ្រប់ទម្រង់ គ្រប់ក្បាច់គុន និងគ្រប់ទិសទី ទាំងសញ្ជាតិខ្មែរ និងបរទេស អាចចូលរួមប្រកួតបានទាំងអស់គ្នា ។ ទន្ទឹមនេះ សម្តេចមហាបវរធិបតី ក៏បានណែនាំឱ្យរៀបចំបង្កើតក្រុមជំនុំសិក្សាស្រាវជ្រាវចងក្រងគម្ពីរយុទ្ធគុនខ្មែរបុរាណ ផងដែរ ។
បើតាមប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រោមដំបូលនៃសុខសន្តិភាព, ស្ថិរភាពនយោបាយ និង កំណើនសេដ្ឋកិច្ច, រាជរដ្ឋាភិបាលកម្ពុជា បាន និង កំពុងយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍវិស័យកីឡា ដើម្បីបង្កលក្ខណៈល្អប្រសើរ សម្រាប់ បងប្អូនប្រជាពលរដ្ឋទូទៅ ក្នុងការលេងកម្សាន្ត និង ពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី ឱ្យកាន់តែខ្លាំង ពូកែ ក្នុងការប្រកួតដណ្ដើមយកជ័យជម្នះ ក្នុងព្រឹត្តិការណ៍កីឡាធំៗ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា ការប្រកួតយុទ្ធគុនចម្រុះ (Mix Martial Arts-MMA) ដែលបើកទ្វារចំហ សម្រាប់អ្នកហាត់ក្បាច់គុន ឬ កីឡាប្រយុទ្ធគ្រប់ប្រភេទ គ្រប់ទម្រង់ អាចចូលរួមប្រកួតបាននេះ, ហើយកន្លងមកឃើញមាន កីឡាករប្រយុទ្ធជាច្រើន មកពីកីឡា Jujitsu, Judo, Wrestling, Boxing, Kickboxing, Karate, និង Taekwondo។ ចំពោះកម្ពុជា, យើងក៏ធ្លាប់មានឱកាសល្អចូលរួមប្រកួតយុទ្ធគុនចម្រុះអន្តរជាតិជាច្រើនលើក ក្នុងនាមជាកីឡាករប្រយុទ្ធគុនខ្មែរ, កីឡាករគុនល្បុក្កតោ, កីឡាករចំបាប់, កីឡាករការ៉ាតេ និង កីឡា ករយូដូ ជាដើម ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជានៅមានយុទ្ធគុនខ្មែរបុរាណសម្បូរបែបច្រើនប្រភេទ ច្រើនទម្រង់ និង ច្រើនមេគុន ដែលសម្តេចបានផ្ដើម និង ផ្តល់ជាគោលការណ៍ឱ្យមានការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ចាប់ពីខែតុលា ឆ្នាំ២០២៤ តទៅ ដោយបើកចំហយ៉ាងទូលំទូលាយដល់អ្នកហាត់គុនខ្មែរបុរាណគ្រប់ប្រភេទ, គ្រប់ទម្រង់, គ្រប់ក្បាច់គុន និង គ្រប់ទិសទី អាចមកចូលរួមប្រកួត បានទាំងមហាជន, ទាំងមន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ពោលគឺទាំងសញ្ញាតិខ្មែរ និង បរទេស អាចចូលរួម ប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ បានទាំងអស់គ្នា។ សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់អ្នកស្នេហាក្បាច់គុណ ឱ្យដាក់ពាក្យចូលរួមប្រកួត ដោយរាល់ខែតុលា រៀងរាល់ឆ្នាំ ចាប់ពីឆ្នាំនេះទៅ កម្ពុជានឹងរៀបចំការប្រកួតក្បាច់គុនបុរាណខ្មែរគ្រប់ទម្រង់ទាំងអស់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី





























