Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងយុត្តិធម៌ប្រកាសលទ្ធផលរយៈពេល ៦ខែនៃយុទ្ធនាការជំរុញ និងពន្លឿនរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយ ភាពមិនប្រក្រតីនៅតាមតុលាការ

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា គិតចាប់ពីថ្ងៃ ប្រកាសបើកយុទ្ធនាការកាលពីថ្ងៃទី៩ ខែមករា រហូតដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ គឺមានរយៈពេល ៦ខែគត់ ដែលក្រសួងយុត្តិធម៌បានប្រកាសដាក់ចេញនូវយុទ្ធនាការចំនួន ២ ព្រមពេលជាមួយគ្នា នៅក្នុង ក្របខណ្ឌនៃការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌កម្ពុជា សំដៅពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាព នៃយុត្តិធម៌ ដែលក្នុងនោះរួមមាន៖ (១)- យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង (២)- យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។
កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជា ប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងការអនុវត្ត យុទ្ធនាការរយៈពេល ៦ខែ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការអយ្យការ អមសាលាជម្រះក្តីទូទាំងប្រទេស ដែល អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមជម្រាបជូនសាធារណជនអំពីលទ្ធផល សំខាន់ៗនៃការអនុវត្តយុទ្ធនាការទាំងពីរខាងលើ សម្រាប់រយៈពេល ៦ខែ ដូចខាងក្រោម៖
ទី១-ក្នុងរយៈពេល ៦ខែ កន្លងទៅនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ទូទាំង ប្រទេសបានចាត់ការសំណុំរឿងទាំងរឿងព្រហ្មទណ្ឌ ទាំងរឿងរដ្ឋប្បវេណី និងរឿងក្ដីដទៃទៀត បានចំនួន ៧៨ ៣៦៥ ស្មើនឹង ៦៤% នៃសំណុំរឿងសរុប ចំនួន ១២១ ៥៥៣ ក្នុងនោះ មានទាំងសំណុំរឿងដែលមាន មុនពេលប្រកាសបើកយុទ្ធនាការ ចំនួន ៥៧ ៦៨៩ និងសំណុំរឿងដែលចូលថ្មីរយៈពេល ៦ខែ ក្រោយពេល ប្រកាសបើកយុទ្ធនាការ ចំនួន ៦៣ ៨៦៤។
គណៈបញ្ហាការដឹកនាំយុទ្ធនាការបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបាននេះ ដែលជាការបង្ហាញពីការយកចិត្តទុកដាក់ប្រកបដោយ ការទទួលខុសត្រូវខ្ពស់របស់សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេស ក្នុងការ ដោះស្រាយរឿងក្ដីបានឆាប់រហ័សជូនប្រជាពលរដ្ឋ។
ទី២-គណៈបញ្ជាការដឹកនាំយុទ្ធនាការបានប្រកាសទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋទាំងអស់ ដែល យល់ឃើញថា ចំណាត់ការរបស់តុលាការលើសំណុំរឿងរបស់ខ្លួនមានភាពមិនប្រក្រតី។

រយៈពេល ៦ខែគិតចាប់តាំងពីពេលប្រកាសបើកយុទ្ធនាការ, ប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹងមកកាន់លេខាធិការដ្ឋាននៃ គណៈបញ្ជាការដឹកនាំយុទ្ធនាការមានចំនួនសរុប ១ ៤៧៤ ក្នុងនោះ ៖
ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋស្នើសុំឱ្យជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ ដែលមានចំនួនសរុប ៧៨៦ ស្មើនឹង ៥៣%។ ក្នុងចំណោមបណ្តឹងស្នើសុំជំរុញ និងពន្លឿនទាំង ៧៨៦ តុលាការបានដោះស្រាយរហូតដល់ទៅ ៦៣០ ករណី ស្មើនឹង ៨០%។ ពាក្យបណ្តឹងដែលប្រជាពលរដ្ឋ ប្តឹងស្នើសុំឱ្យមានការត្រួតពិនិត្យអំពីភាពមិនប្រក្រតីមានចំនួន ៦៩៨ បណ្តឹង ស្មើនឹង ៤៧%។ គណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការត្រួតពិនិត្យ និង ដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការចាត់ការបាន ៣៦% នៃបណ្តឹងដែលសង្ស័យថា មានភាពមិនប្រក្រតីទាំង ៦៩៨។ ក្រុមការងារពិសេសត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតី នៅតាមតុលាការ បានធ្វើការពិនិត្យលើសំណុំរឿងដែលមានភាពស្មុគស្មាញចំនួន ១០០ ករណី ហើយបានរកឃើញថា មាន ៧៣ ករណី ដែលតុលាការបានចេញសេចក្ដីសម្រេចដោយមាន សំអាងហេតុ និងសំអាងច្បាប់ត្រឹមត្រូវ, ១៤ ករណី មានភាពសង្ស័យថាអាចមានភាពមិនប្រក្រតី ហើយបានស្នើសុំឱ្យតុលាការពិនិត្យឱ្យបានម៉ត់ចត់ និងត្រឹមត្រូវ, ៩ ករណី បានចាត់ឱ្យមាន ការចុះធ្វើអធិការកិច្ច ហើយ ៤ ករណីទៀត ត្រូវបានរកឃើញថាមានភាពមិនប្រក្រតី ដែលភាគី អាចស្នើសុំឱ្យមានការជំនុំជម្រះសាជាថ្មី។ ពាក់ព័ន្ធនឹងករណីនេះ គណៈកម្មការដឹកនាំ និងអនុវត្ត យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ នឹងបន្តខិតខំបង្កើន ល្បឿនក្នុងការដោះស្រាយពាក្យបណ្តឹងអំពីភាពមិនប្រក្រតីដែលនៅសេសសល់។

ទី៣-ក្នុងក្របខណ្ឌនៃយុទ្ធនាការ លេខាធិការដ្ឋាននៃគណៈបញ្ជាការដឹកនាំយុទ្ធនាការក៏បានធ្វើការ សម្របសម្រួលផ្តល់មេធាវីស្ម័គ្រចិត្តដែលជាទីប្រឹក្សាក្រសួងយុត្តិធម៌ ចំនួន ៩២រូប ដើម្បីជួយការពារក្តី ដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋ ដែលបានដាក់ពាក្យស្នើសុំមកយុទ្ធនាការ។

ទី៤-ចំពោះសំណុំរឿងអាទិភាពទាំង ៤ ដែលរួមមាន៖ សំណុំរឿងអត្រានុកូលដ្ឋាន, សំណុំរឿង ចរាចរណ៍, សំណុំរឿងគ្រឿងញៀន និងសំណុំរឿងក្មេងទំនើង, សាលាជម្រះក្តី និងអង្គការអយ្យការអម សាលាជម្រះក្តី បានចាត់ការ និងទទួលបានលទ្ធផលដូចខាងក្រោម៖
(១).សំណុំរឿងអត្រានុកូលដ្ឋាន ចំនួន ៤ ៩៨៣ ដែលនៅសល់មុនពេលប្រកាសបើក យុទ្ធនាការ ត្រូវបានដោះស្រាយចប់សព្វគ្រប់ ១០០% តាំងពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។ ចំណែកសំណុំរឿងអត្រានុកូលដ្ឋានដែលចូលថ្មី ចំនួន ២១ ៨៣៥ ត្រូវបានតុលាការដោះស្រាយ ចប់សព្វគ្រប់ចំនួន ១៩ ៧៩៨ ស្មើនឹង ៩០% នៃសំណុំរឿងសរុប។
(២).សំណុំរឿងចរាចរណ៍សរុបទូទាំងប្រទេសចំនួន ៣ ៤៦០ ដែលរួមមានទាំងសំណុំរឿង ចាស់ មុនពេលប្រកាសបើកយុទ្ធនាការ និងសំណុំរឿងថ្មីក្រោយពេលប្រកាសបើកយុទ្ធនាការ ត្រូវបាន តុលាការដោះស្រាយចប់សព្វគ្រប់ចំនួន ២៤៣៨ ស្មើនឹង ៧០% នៃសំណុំរឿងសរុប។ ចំពោះ សំណុំរឿងចរាចរណ៍ ដែលមានមុនពេលប្រកាសបើកយុទ្ធនាការចំនួន ១០៤១, តុលាការបាន ដោះស្រាយចំនួន ៨៩៣ ស្មើនឹង ៨៦% ហើយនៅសល់តែ ១៤៨ តែប៉ុណ្ណោះ ដែលកិច្ចប្រជុំនៃ គណៈបញ្ជាការដឹកនាំយុទ្ធនាការបានឯកភាពគ្នា ដាក់ចេញនូវទិសដៅក្នុងការខិតខំដោះស្រាយឱ្យ បានចប់សព្វគ្រប់នូវសំណុំរឿងចរាចរណ៍ចាស់នៅសល់ ១៤៨ ករណីនេះ នៅត្រឹមដំណាច់ខែកញ្ញាឆ្នាំ២០២៤ ខាងមុខនេះ។ គណៈបញ្ជាការដឹកនាំយុទ្ធនាការ ក៏បានពិនិត្យឃើញផងដែរថា ការដោះស្រាយសំណងជូនដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ត្រូវបានគិតគូរយ៉ាងយកចិត្ត ទុកដាក់ និងឆាប់រហ័ស។ ទន្ទឹមនេះ, ចំណាត់ការផ្លូវច្បាប់ ទៅលើជនបង្កគ្រោះថ្នាក់ចរាចរណ៍ត្រូវបាន ធ្វើឡើងដោយត្រឹមត្រូវ និងម៉ឺងម៉ាត់ ស្របតាមនីតិវិធីច្បាប់ជាធរមាន។ នៅក្នុងសំណុំរឿង ចរាចរណ៍នេះ ក៏ដូចជានៅក្នុងសំណុំរឿងផ្សេងទៀតដែរ, “ខុស ឬ ត្រូវ គឺអាស្រ័យទៅលើ អង្គហេតុ អង្គច្បាប់ និងភស្តុតាង” ហើយគណៈបញ្ជាការដឹកនាំយុទ្ធនាការក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ សូមយកចិត្តទុកដាក់ក្នុងការចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។ ជាមួយគ្នានេះ, អ្នកបើកបរដែលមានកំហុសទៅនឹងច្បាប់ចរាចរណ៍ និង បានបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យ អ្នកដទៃស្លាប់ គឺ ត្រូវតែទទួលខុសត្រូវតាមច្បាប់ដោយម៉ឺងម៉ាត់ និងដោយត្រឹមត្រូវតាមច្បាប់ ហើយ ពាក្យថា “បុកគេស្លាប់ បង់លុយ ហើយរួចខ្លួន” គឺលែងមានទៀតហើយ នៅក្នុងក្របខណ្ឌនៃការ កែទម្រង់នេះ។
(៣).ពាក់ព័ន្ធនឹងសំណុំរឿងគ្រឿងញៀន, សាលាជម្រះក្តី និងអង្គការអយ្យការអម សាលាជម្រះក្តី គ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស បានប្រកាន់ខ្ជាប់នូវគោលការណ៍ “តម្លាភាព” ដោយបានចេញសេចក្តីប្រកាសព័ត៌មានជាប់ជាប្រចាំចំពោះចំណាត់ការសំណុំរឿងគ្រឿងញៀននៅ គ្រប់ដំណាក់កាលនៃនីតិវិធីរបស់អយ្យការ និងតុលាការ ដើម្បីបញ្ចៀសបាននូវការមិនទុកចិត្តគ្នាក្នុងចំណោមស្ថាប័នអនុវត្ត និងម្យ៉ាងទៀត, ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាពនៃការ អនុវត្តច្បាប់ប្រកបដោយការទទួលខុសត្រូវពីសំណាក់ស្ថាប័នអនុវត្តច្បាប់ ទៅកាន់សាធារណជន។

បន្ថែមពីនេះ, ចំណាត់ការសំណុំរឿងគ្រឿងញៀនត្រូវបានធ្វើឡើងដោយប្រកាន់ខ្ជាប់នូវអភិក្រម “ម៉ឺងម៉ាត់ និងត្រឹមត្រូវតាមច្បាប់” និង “ស្អាតស្អំ” ដោយរហូតមកដល់ពេលនេះ ពុំទាន់រកឃើញថា មានភាពមិនប្រក្រតីណាមួយនៅឡើយពាក់ព័ន្ធនឹងចំណាត់ការលើសំណុំរឿងគ្រឿងញៀន។ ទន្ទឹមនេះ, ដើម្បីការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ ប្រជាពលរដ្ឋ, គណៈបញ្ជាការដឹកនាំយុទ្ធនាការ បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចាកឆ្ងាយ ពីគ្រឿងញៀន និងចៀសវាងនូវរាល់សកម្មភាពទាំងឡាយណាដែលបង្កអន្តរាយដល់ខ្លួន គ្រួសារ និងសង្គមជាតិ និងលើកទឹកចិត្តសូមឱ្យមានការបន្តផ្តល់កិច្ចសហការរាយការណ៍ពាក់ព័ន្ធនឹងភាព មិនប្រក្រតី ពីសំណាក់សាធារណជន, បណ្ដាញសារព័ត៌មាន ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ដើម្បីបន្តអនុវត្ត ច្បាប់ដោយម៉ឺងម៉ាត់ នៅក្នុងសំណុំរឿងគ្រឿងញៀននេះ។
(៤).នៅក្នុងសំណុំរឿងក្មេងទំនើង, គណៈបញ្ហាការដឹកនាំយុទ្ធនាការ បានពិនិត្យឃើញថា តុលាការបានអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយគិតចាប់ពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ មក ទល់នឹងពេលនេះ, សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេស បាន ទទួលចាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្មេងទំនើងសរុបចំនួន ២៩៧ ដែលមានជនសង្ស័យចំនួន ១ ៦១៦ នាក់ ជាកម្មវត្ថុនៃការអនុវត្តវិធានការតាមផ្លូវច្បាប់។ វិធានការម៉ឺងម៉ាត់នេះ បានចូលរួម ចំណែកក្នុងការធានាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ហើយគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានអំពាវនាវឱ្យឪពុកម្ដាយ ព្រមទាំងអាណាព្យាបាលទាំងអស់ ខិតខំតាមដាន អប់រំ និងទូន្មានប្រៀនប្រដៅកូនៗ ឱ្យដើរតាមគន្លងត្រឹមត្រូវ ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អសម្រាប់សង្គមជាតិ និងអំពាវនាវដល់យុវជនទាំងអស់ ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ ប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ និងសេចក្តីថ្លៃថ្នូរ ហើយចៀសវាងនូវរាល់សកម្មភាពទាំងឡាយណា ដែលបង្កអន្តរាយដល់ ខ្លួន គ្រួសារ និងសង្គមជាតិ ឬអំពើល្មើសច្បាប់ ដែលអាចប្រឈមនឹងការជាប់ទោសពីបទល្មើស ព្រហ្មទណ្ឌ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន និងសូមបន្ត លើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលយល់ឃើញថា ចំណាត់ការរបស់តុលាការលើសំណុំរឿងរបស់ខ្លួនមានភាព យឺតយ៉ាវ ឬមានភាពមិនប្រក្រតី សូមដាក់ពាក្យបណ្តឹងមកយន្តការផ្លូវការនៃយុទ្ធនាការទាំង ២ របស់ក្រសួង យុត្តិធម៌ តាមរយៈលេខទូរស័ព្ទ និង QR Code ដែលមានភ្ជាប់មកជាមួយ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×