Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ចាប់ពីឆ្នាំ២០២៤ទៅ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណនៅក្នុងខែតុលាជារៀងរាល់ឆ្នាំ

ភ្នំពេញ ៖ សម្ដេចធិបតី បានផ្ដល់ជាគោលការណ៍ឱ្យមានការរៀបចំព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ក្នុងខែតុលាជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០២៤ នេះតទៅ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជា​អធិបតី​​ពិធីបើកជាផ្លូវការ ការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ ឆ្នាំ២០២៤ នាល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា ចាប់ពីឆ្នាំ២០២៤នេះទៅ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណនៅក្នុងខែតុលាជារៀងរាល់ឆ្នាំ ដើម្បីផ្ដល់ឱកាសឱ្យអ្នកចេះក្បាច់គុនគ្រប់ភេទមានឱកាសបង្ហាញជាសាធារណៈ ដល់មហាជនទាំងក្នុងប្រទេស និងទូទាំងសាកលលោក។

សម្ដេចធិបតី បានថ្លែងថា កម្ពុជាមានយុទ្ធគុនសម្បូណ៌បែប ច្រើនរបៀប ច្រើនទម្រង់និងច្រើនមេគុន។សម្ដេចធិបតី បានផ្ដើមនិងផ្ដល់ជាគោលការណ៍ឱ្យរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណឡើង ដើម្បីបើកចំហទូលំទូលាយ ដល់អ្នកហាត់គុនខ្មែរបុរាណ គ្រប់ប្រភេទ គ្រប់ទម្រង់ គ្រប់ក្បាច់គុន គ្រប់ទិសទី អាចចូលរួមប្រកួត ទាំងមហាជន ទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ពោលគឺសញ្ជាតិខ្មែរ និងបរទេសក៏អាចចូលរួមប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណបានទាំងអស់គ្នា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា«ចឹងសូមឆ្លៀតឱកាសនេះធ្វើការអំពាវនាវដល់ កីឡាករយើងនៅទីនេះ ដល់យុវជន បងប្អូន ដែលចូលរួមទស្សនា អ្នកដែលចេះក្បាច់គុនបុរាណខ្មែរ ទាំងប្រជាពលរដ្ឋយើង ដែលទស្សនាតាមកញ្ចក់ទូរទស្សន៍ គឺនៅខែ១០ ឆ្នាំ២០២៤នេះ នឹងចាប់ផ្ដើមរាល់ឆ្នាំពីឆ្នាំ២០២៤នេះ រៀងរាល់ខែ១០ យើងនឹងមានរៀបចំគេថា ស្រដៀងMMAដែរ ប៉ុន្តែរបស់ខ្មែរគឺប្រកួតតែក្បាច់គុនខ្មែរបុរាណគ្រប់ទម្រង់ទាំងអស់ ល្បុក្កតោ យុទ្ធគុនខម ខ្លាក្រាប ស្រងែពែន គុនដំបង ដាក់ពាក្យចូលប្រកួតទាំងអស់»។ សម្ដេចធិបតី បានស្នើឱ្យកងយោធពលខេមរភូមិន្ទ ចូលរួមប្រកួតឱ្យបានច្រើនកុះករ និងស្វាគមន៍ជនបរទេសឱ្យចូលរួមប្រកួតដែរ ប៉ុន្តែត្រូវចេះក្បាច់គុនខ្មែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា«ដើម្បីជាឱកាសឱ្យក្បាច់គុនរបស់យើង អ្នកចេះក្បាច់គុនគ្រប់ទម្រង់ទាំងអស់ មានឱកាសមកសម្ដែង មកប្រកួតក្នុងពេលតែមួយ ឱ្យបង្ហាញកូនខ្មែរ និងបង្ហាញអន្តរជាតិថា ខ្មែរមានក្បាច់គុនច្រើនណាស់ មិនមែនមានតែពីរបីនោះទេ តែមានច្រើនយើងផ្ដល់ឱកាសស្រាវជ្រាវឡើងវិញបង្ហាញឡើងវិញ នេះគឺជាឱកាសធំសម្រាប់កូនខ្មែរ សូមស្វាគមន៍ទាំងអស់គ្នា »។

សម្តេចបានបន្តថា ក្នុងនាមម្ចាស់ផ្ទះសូមស្វាគមន៍ដល់គ្រប់ប្រតិភូកីឡា និងអត្តពលិកទាំងអស់ ដែលបានអញ្ជើញចូលរួមព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកងអាស៊ីលើកទី២នៅកម្ពុជា។ សូមជូនពរដល់កីឡាករកីឡាការិនីកម្ពុជាឱ្យទទួលបានជោគជ័យ។ ក្នុងស្មារតីកីឡា និងសាមគ្គីភាព សូមអត្តពលិកទាំងអស់ ខិតខំប្រកួតតាមលក្ខណៈបច្ចេកទេសនៃយុទ្ធគុនចម្រុះ និងលេងដោយយុត្តិធម៌ ដោយឈរលើគុណតម្លៃអូឡាំពិក។

ព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកងអាស៊ីលើកទី២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនាពេលនេះ មានប្រតិភូកីឡា និងអត្តពលិកសរុបមានចំនួន ២៣៣នាក់ដែលមកពីប្រទេសចំនួន១៥ និង ៣តំបន់ ក្នុងនោះ ប្រទេសដែលបញ្ជូនអត្តពលិកចូលរួមមាន ១២ប្រទេស រួមមាន ប្រទេសកម្ពុជា, ឥណ្ឌា, ឥណ្ឌូនេស៊ី, កាហ្សាក់ស្ថាន, កៀហ្ស៊ីស៊ីស្ថាន, តាជីគីស្ថាន, សារណរដ្ឋកូរ៉េ, ម៉ាឡេស៊ី, ម៉ុងហ្គោលី, ថៃ, ហ្វីលីពីន និងសិង្ហបុរី។ រីឯ៣តំបន់ គឺ ចិនហុងកុង, ចិនតៃប៉ិ និងចិនម៉ាកាវ។

ការប្រកួតនេះធ្វើឡើងនៅក្នុងវិមានពហុកីឡដ្ឋានជាតិ “អូឡាំពិក” ដែលមានរយៈពេល ០៣ថ្ងៃ គិតចាប់ ពីថ្ងៃទី ១១, ១២, ១៣ ខែកក្កដា ឆ្នាំ២០២៤។ ជាមួយគ្នានេះកម្ពុជាបានត្រៀមអត្តពលិក ១៦រូបចូលរួមប្រកួត ក្នុងនោះរួមមានកីឡាករ ហ៊ុន ចាន់រាជ, ផេង សុបញ្ញា, ឡុង ឡា, រិន សារ័ត្ន, ហ៊ុន គឹមហៀង, មាស ម៉ើ, សែន ច័ន្ទរិទ្ធីគុណ (Thiago), ចាន់ សំអាត, ចាន់ រតនា, អេ វីរៈខាំឈីតភូថង, ហាត ភី, កីឡាការិនី ខៀវ ចិន្ដារ័ត្ន, នៅ ស្រីពៅ, គន្ធ វ៉ាន់នីតា, អ៊ុ ថារ័ត្ន និងកីឡាការិនី ទួន ស្រីភីន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×