Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ទិវាប្រជាជនពិភពលោកឆ្នាំនេះ គឺជាវេទិកានិងការប្តេជ្ញាចិត្តក្នុងការផ្តល់អាទិភាពនិងពង្រីកកិច្ចខិតខំ ប្រឹងប្រែងរបស់យើង ឱ្យទៅដល់គ្រប់ទីកន្លែងនៃប្រទេសកម្ពុជា

ភ្នំពេញ ៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិត ក្នុងទិវាប្រជាជនពិភពលោក លើកទី៣៥ អបអរសាទរខួប៣០ឆ្នាំនៃវត្តមានរបស់ UNFPA នៅកម្ពុជា និងខួប៣០ឆ្នាំនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថាប្រជាជនកម្ពុជា មានសេចក្តីអំណរសាទរក្រៃលែង ដោយបានចូលរួមជាមួយនឹងប្រជាជនទូទាំងពិភពលោក ប្រារព្ធ «ទិវា ប្រជាជនពិភពលោក លើកទី៣៥» ក្រោមប្រធានបទ «ការទទួលយកនូវអានុភាពនៃទិន្នន័យប្រកបដោយ បរិយាបន្ន ឆ្ពោះទៅអនាគតដែលមានភាពធន់ និងប្រកបដោយសមធម៌សម្រាប់គ្រប់គ្នា»។ យើងជួបជុំគ្នាក្នុងទិវា ប្រជាជនពិភពលោកនៅថ្ងៃនេះ គឺមិនត្រឹមតែបង្ហាញពីការទទួលស្គាល់វឌ្ឍនភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបរិស្ថានដែលសម្រេចបាន និងតួនាទីនៃទិន្នន័យក្នុងការអភិវឌ្ឍប៉ុណ្ណោះទេ ថែមទាំងក្នុងន័យអបអរសាទរដល់ អានុភាពនៃព័ត៌មាននិងទិន្នន័យក្នុងការកំណត់ជោគវាសនារបស់យើងផងដែរ។ នៅពេលដែលទិន្នន័យប្រកបដោយ គុណភាពជាបរិយាបន្នត្រូវបានប្រើប្រាស់លើមាគ៌ាត្រឹមត្រូវ វានឹងក្លាយទៅជាត្រីវិស័យក្នុងការដឹកនាំឆ្ពោះទៅអនាគត ដ៏ត្រចះត្រចង់។ ដើម្បីស្របតាមបរិបទកម្ពុជា និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលបាន ជ្រើសរើសប្រធានបទជាតិមួយ គឺ «ទិន្នន័យប្រកបដោយបរិយាបន្ន ប្រជាជនដែលមានភាពធន់ ដើម្បីកសាង អនាគតមួយប្រកបដោយសមធម៌សម្រាប់គ្រប់គ្នា»។ ប្រធានបទនេះ គឺឆ្លុះបញ្ចាំងអំពីភាពចាំបាច់នៃទិន្នន័យប្រកប ដោយគុណភាពនិងបរិយាបន្ន ដែលទាមទារឱ្យយើងត្រូវខិតខំប្រឹងប្រែងប្រមូល ចងក្រង វិភាគ និងប្រើប្រាស់ឱ្យ បានត្រឹមត្រូវ ដែលជាមូលដ្ឋានគ្រឹះសម្រាប់រៀបចំផែនការ និងកម្មវិធីអភិវឌ្ឍន៍ចំគោលដៅ ការវាយតម្លៃនិង តាមដានត្រួតពិនិត្យការអនុវត្ត និងការធ្វើបរិវត្តកម្មកម្លាំងពលកម្មនិងសេដ្ឋកិច្ច ដើម្បីរុញច្រាននាវាកម្ពុជាឱ្យ ក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ និងធានាបាននូវយុត្តិធម៌និងសមធម៌សង្គម។

ដើម្បីសម្រេចបាននូវចក្ខុវិស័យពោរពេញទៅដោយមហិច្ឆតានេះ យើងចាំបាច់ត្រូវមានគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ច្បាស់លាស់ សម្រាប់កសាងសង្គមមានភាពធន់ ដោយទាញយកអត្ថប្រយោជន៍ពីអានុភាព
នៃទិន្នន័យស្ថិតិ ក្នុងការជំរុញការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការពង្រឹង ការយល់ដឹងអំពីស្ថានភាព បញ្ហាប្រឈម និងដំណោះស្រាយផ្អែកលើភស្តុតាង។ មាគ៌ាកម្ពុជាឆ្ពោះទៅវិបុលភាព គឺស្ថិតនៅលើការយល់ដឹងច្បាស់លាស់អំពីបម្រែបម្រួលនីណាមិកប្រជាជន និងតម្រូវការសេវាសង្គមរបស់ ប្រជាពលរដ្ឋ តាមរយៈការមានទិន្នន័យគ្រប់ជ្រុងជ្រោយ ដែលគ្របដណ្តប់មនុស្សគ្រប់រូប ដោយមិនប្រកាន់ទីកន្លែង ជាតិសាសន៍ ឬសាវតារសង្គម-សេដ្ឋកិច្ច ពិសេសក្មេងស្រី ស្ត្រី យុវជន ជនជាតិដើមភាគតិច និងជនងាយប្រឈម នឹងហានិភ័យជាដើម ស្របតាមគោលការណ៍អភិវឌ្ឍន៍ប្រកបដោយចីរភាព គ្មាននរណាម្នាក់ត្រូវបានគេបោះបង់ ចោល»។ ការមានទិន្នន័យប្រកបដោយបរិយាបន្ន អាចឱ្យយើងបានស្តាប់ឮសំឡេងពិតរបស់ពួកគេ កំណត់បាននូវ គម្លាតនៃការទទួលបានសេវាសង្គម និងធានាថា តម្រូវការរបស់ពួកគេត្រូវបានបញ្ចូលទៅក្នុងគោលនយោបាយ ផែនការ និងកម្មវិធីអភិវឌ្ឍន៍នានា។

ប្រជាជនគឺជាស្នូលនៃការអភិវឌ្ឍ។ ការផ្តល់សេវាសង្គមចាំបាច់ដល់ប្រជាជន ដូចជាការអប់រំ ការថែទាំ សុខភាព ការងារ ការបង្កើនភាពអង់អាចដល់ស្ត្រី និងសេវាសង្គមផ្សេងទៀត គឺជាមូលដ្ឋានគ្រឹះនៃការកសាង មូលធនមនុស្ស ដើម្បីសម្រេចបាននូវសក្តានុពលពេញលេញក្នុងការទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពី ភាគលាភប្រជាសាស្ត្រដែលកម្ពុជាកំពុងមាន។ ជាការពិត ទិន្នន័យអាចបង្ហាញពីនិន្នាការបម្រែបម្រួលឌីណាមិក ប្រជាជន និងតម្រូវការកម្លាំងពលកម្ម ក្នុងបរិការណ៍នៃបរិវត្តកម្មសេដ្ឋកិច្ចនិងអាទិភាពតាមវិស័យ។ ផ្អែកលើ ទិន្នន័យទាំងនេះ យើងអាចផ្តល់ការងារនិងសេវាសង្គមចំគោលដៅនិងមានប្រសិទ្ធភាព ដូចជាការអភិវឌ្ឍកម្មវិធី បណ្តុះបណ្តាលជំនាញជាក់លាក់ ការជំរុញនវានុវត្តន៍ ការទាក់ទាញវិនិយោគ និងការបង្កើតពិពិធកម្មសេដ្ឋកិច្ចនិង ការប្រកួតប្រជែង ដែលអាចបង្កើតការងារសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។ លើសពីនេះទៀត ទិន្នន័យផ្តល់អានុភាព ដល់យើងក្នុងការត្រួតពិនិត្យទិដ្ឋភាពនិងវឌ្ឍនភាពនៃការអភិវឌ្ឍ ប៉ាន់ប្រមាណតនុកម្មនៃធនធាន និងកែលម្អ ការអនុវត្តប្រកបដោយចីរភាព។

ក្នុងន័យនេះ យើងត្រូវតែជំរុញការប្រាស្រ័យទាក់ទងជិតស្និទ្ធនិងបើកចំហ ដើម្បីកសាងទំនុកចិត្តរវាង
រដ្ឋាភិបាលនិងពលរដ្ឋ។ តាមរយៈការចែករំលែកនូវទិន្នន័យប្រកបដោយការទទួលខុសត្រូវ យើងអាចផ្តល់សិទ្ធិអំណាច ដល់ការចូលរួមជាសាធារណៈក្នុងដំណើរការនៃការធ្វើសេចក្តីសម្រេចចិត្ត និងលើកកម្ពស់ស្មារតីម្ចាស់ការដើម្បីអនាគតដ៏ត្រចះត្រចង់របស់យើង។ ជាមួយគ្នានេះ យើងក៏ទទួលស្គាល់នូវបញ្ហាប្រឈមក្នុងការអភិវឌ្ឍប្រព័ន្ធទិន្នន័យជាតិមួយដែលរឹងមាំនិងមានសង្គតិភាព ដែលរួមមាន តម្រូវការហិរញ្ញប្បទានប្រកបដោយនិរន្តរភាពការពង្រឹងការសម្របសម្រួលនិងចែករំលែកទិន្នន័យរវាងក្រសួង ស្ថាប័ននិងការពង្រឹងសមត្ថភាពបច្ចេកទេសដល់មន្ត្រីស្ថិតិ។ ក្រោមភាពជាដៃគូជិតស្និទ្ធជាមួយនឹងស្ថាប័នអង្គការសហប្រជាជាតិនៅក្នុងប្រទេសកម្ពុជា យើងប្តេជ្ញាឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ ដោយប្រើប្រាស់ឱ្យមានប្រសិទ្ធភាពនូវធនធានរួម ផ្តល់ជំនួយបច្ចេកទេស និងពង្រឹងយន្តការសម្របសម្រួល ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពទិន្នន័យនិងការប្រើប្រាស់សម្រាប់ការធ្វើសេចក្តីសម្រេចដោយផ្អែកលើភស្តុតាង និងការពិនិត្យ តាមដាន និងវាយតម្លៃវឌ្ឍនភាព ឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនាឆ្នាំ២០៣០។

ដើម្បីរួមចំណែកប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលខ្ពស់ យើងចាំបាច់មានប្រព័ន្ធអេកូទិន្នន័យ រឹងមាំមួយដែលមានសសរស្តម្ភសំខាន់ៗ៣ ដូចខាងក្រោម៖

(១) ទំនើបភាវូបនីយកម្មហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ និងឌីជីថលភាវូបនីយកម្ម តាមរយៈការវិនិយោគ បន្ថែមទៅលើហេដ្ឋារចនាសម្ព័ន្ធដែលទំនើប និងធនធានមនុស្សដែលអាចឱ្យយើងប្រមូល រក្សាទុក និងវិភាគទិន្នន័យប្រកបដោយប្រសិទ្ធភាព ត្រឹមត្រូវ និងដែលអាចយកមកប្រើប្រាស់បាន។

(២) ការបណ្តុះបណ្តាលអក្ខរកម្មទិន្នន័យ តាមរយៈការបង្កើនសមត្ថភាពដល់ប្រជាពលរដ្ឋ ក្នុងការយល់ដឹង និងប្រើប្រាស់ទិន្នន័យឱ្យបានត្រឹមត្រូវ។ ការជំរុញអក្ខរកម្មទិន្នន័យនេះ អាចផ្តល់លទ្ធភាពដល់ ប្រជាពលរដ្ឋឱ្យយល់ដឹងពីស្ថានភាពរបស់ខ្លួន គ្រួសារ និងសហគមន៍ ដើម្បីស្វែងរកការគាំទ្រ និង ចូលរួមរៀបចំអនាគតសហគមន៍របស់ខ្លួន។

(៣) ការលើកកម្ពស់ក្រមសីលធម៌ទិន្នន័យតាមរយៈការធ្វើឯកជនភាពទិន្នន័យ ដោយប្តេជ្ញាអនុវត្ត ការការពារសិទ្ធិយ៉ាងមុតមាំ ដូចជាច្បាប់ការពារទិន្នន័យតឹងរ៉ឹង និងសុវត្ថិភាពប្រព័ន្ធរក្សាទុកទិន្នន័យ ដើម្បីការពារឯកជនភាពនៃពលរដ្ឋកម្ពុជាគ្រប់រូប។ កិច្ចការនេះ លើកកម្ពស់ទំនុកចិត្ត និងធានានូវ ការប្រើប្រាស់ទិន្នន័យប្រកបដោយការទទួលខុសត្រូវខ្ពស់។

ទិវាប្រជាជនពិភពលោកឆ្នាំនេះ គឺជាវេទិកានិងការប្តេជ្ញាចិត្តក្នុងការផ្តល់អាទិភាពនិងពង្រីកកិច្ចខិតខំ ប្រឹងប្រែងរបស់យើង ឱ្យទៅដល់គ្រប់ទីកន្លែងនៃប្រទេសកម្ពុជា ហើយប្រជាជនគ្រប់រូបត្រូវបានរាប់បញ្ចូលនិង ចូលរួមគ្រប់សកម្មភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ យើងប្តេជ្ញាអភិវឌ្ឍគោលនយោបាយនានាដែលឈរលើ មូលដ្ឋានទិន្នន័យ និងប្រើប្រាស់ព័ត៌មាននៃទិន្នន័យនិងមូលដ្ឋានភស្តុតាង តាមរយៈការលើកកម្ពស់វប្បធម៌ នវានុវត្តន៍និងឌីជីថលភាវូបនីយកម្មក្នុងការវិភាគទិន្នន័យ និងការបង្ហាញទិន្នន័យ ដើម្បីបំប្លែងទិន្នន័យទៅជា ចំណេះដឹងនិងសកម្មភាពដែលនាំទៅដល់វឌ្ឍនភាព។ កិច្ចការនេះអាចសម្រេចបាន លុះត្រាមានកិច្ចសហការ និងភាពជាដៃគូជាមួយនឹងស្ថាប័នអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍ វិស័យឯកជន និងសង្គមស៊ីវិល ដើម្បី ទាញយកប្រយោជន៍ពីចំណេះនិងជំនាញរបស់ពួកគេ ដើម្បីប្រើប្រាស់ទិន្នន័យប្រកបដោយប្រសិទ្ធភាព ដែលជា មូលដ្ឋានក្នុងការសម្រេចចិត្តធ្វើការវិនិយោគ ក្នុងការរៀបចំនិងអនុវត្តកម្មវិធីសង្គម និងក្នុងការរៀបចំវិធានបរិស្ថាន ដោយធានាថា គំនិតផ្តួចផ្តើមទាំងនេះស្របទៅនឹងតម្រូវការរបស់កម្ពុជា។

សម្តេចបានបន្តថា ក្នុងនាមប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំមានជំនឿមុតមាំថា កម្ពុជានឹងមានអនាគតដ៏ត្រចះត្រចង់ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ តាមរយៈការទាញយកប្រយោជន៍ពីអានុភាពនៃទិន្នន័យ យើងនឹងអាច កសាងកម្ពុជាទៅជាប្រទេសដែលមិនត្រឹមតែពោរពេញទៅដោយវិបុលភាពប៉ុណ្ណោះនោះទេ ថែមទាំងជាសង្គមដែល មានភាពធន់និងមានសមធម៌។ ប្រទេសកម្ពុជា ដែលប្រជាពលរដ្ឋគ្រប់រូបត្រូវបានផ្តល់នូវតម្លៃនិងសិទ្ធិ ជាប្រទេស ដែលមានឱកាសដើម្បីអភិវឌ្ឍ។ ក្នុងន័យនេះ ចូរយើងបន្តដំណើរជាមួយគ្នា និងរួបរួមគ្នាដោយគោលបំណងរួម មួយរបស់យើង គឺការកសាងប្រទេសកម្ពុជាដែលរឹងមាំ និងប្រកបដោយបរិយាបន្នសម្រាប់ទាំងអស់គ្នា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×