Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដម ឃួង ស្រេង ​ចុះពិនិត្យមើលស្ថានីយ៍បូមទឹក និងវឌ្ឍនភាពនៃការដ្ឋានដាក់លូ បុកស៊ីផាយនិងការស្តារប្រឡាយមេ ស្ថិតក្នុងគម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ កក្កដានេះបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ​ពាក់ព័ន្ធចុះទៅពិនិត្យមើលប្រឡាយ ស្ថានីយ៍បូមទឹកបឹងទំពុន ប្រឡាយស្ថានីយ៍លូប្រាំ ជាមួយនិងការពិនិត្យ វឌ្ឍនភាពនៃការដ្ឋានដាក់លូ បុកស៊ីផាយនិងការស្តារប្រឡាយមេ ដែលស្ថិតក្នុងគម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញចំនួន១៣គម្រោង ដែលបាននិងកំពុងអនុវត្ត។

ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍ថា៖ គម្រោងសំដៅបញ្ចប់ បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ តាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅរាជធានីភ្នំពេញមានចំនួន៥០គម្រោង ហើយគម្រោងដែលកំពុងអនុវត្ត មាន១៣គម្រោង។

ក្នុងឱកាសនោះដែរ ឯកឧត្ដឃួង ស្រេង ក៏បានណែនាំឲ្យ ឯកឧត្តមឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ បញ្ចេញគ្រឿងចក្រធ្វើការកាយប្រឡាយតាមបណ្តោយផ្លូវជាតិលេខ៣ ឲ្យបានធំទូលាយ និងមិនអនុញ្ញាតឲ្យមានការកាយដាក់លូតូចៗ ខុសស្តង់ដារបច្ចេកទេសឡើយ ដែលវានឹងនាំឲ្យស្ទះផ្លូវទឹក ដែលបង្កឲ្យមានការលិចលង់ដោយជំនន់ទឹកភ្លៀង។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា៖ គម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញមានចំនួន៥០គម្រោង ហើយគម្រោងដែលត្រូវអនុវត្តមានចំនួន២៣គម្រោង។ តែសម្រាប់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តចំនួន១៣គម្រោង ។

លោក សាំ ពិសិដ្ឋ បានបន្តថា៖ ចំពោះគម្រោងទាំង ១៣នេះ ជាគម្រោងដែលបាននិងកំពុងអនុវត្តក្នុងតំបន់ងាយរងគ្រោះដោយការលិចលង់ជាងគេ ដែលមានដូចជា តំបន់ជុំវិញស្ថានីយ៍បូមទឹកលូប្រាំ,តំបន់ជុំវិញស្ថានីយ៍បូមទឹកបឹងទំពុន,តំបន់ជុំវិញស្ថានីបូមទឹកបឹងត្របែកជាដើម។

លោក សាំ ពិសិដ្ឋ បានបញ្ជាក់ផងដែរថា ក្នុងចំនួន១៣គម្រោងដែលបាននឹងកំពុងអនុវត្តនេះ ក៏មានគម្រោងពង្រីកស្ថានីយ៍បូមទឹកឲ្យបានធំជាងមុន ដូចជានៅស្ថានីយ៍លូប្រាំ និងស្ថានីយ៍កប់ស្រូវ គម្រោងសាងសង់ សម្រង់កាយសម្រាមនៅបឹងត្របែក ។ សម្រាប់ ១៣គម្រោងនេះ គិតមកដល់ពេលនេះការដ្ឋានអនុវត្តសម្រេចបាន ៦.៥% ហើយ អាចរំដោះទឹកចេញពីតំបន់បឹងត្របែក បឹងកេងកង ម៉ុងឌីយ៉ាល់ ព្រលានយន្តហោះ បឹងទំពុននិងតំបន់ផ្សារដើមគរ។

គួរបញ្ជាក់ថា៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលបំណងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ សំដៅបញ្ចប់ បញ្ហាទឹកជន់លិចរាជធានីភ្នំពេញក្នុងរយៈពេល ៥ឆ្នាំ ក្រោយបញ្ចប់គម្រោងនេះរាជធានីភ្នំពេញនឹងលែងលិចលង់ ជាមួយនិងការសាទរពីប្រជាពលរដ្ឋ។ ចំណែកគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោដែលជាគម្រោងប្រវត្តិសាស្រ្តលើកដំបូងនៅកម្ពុជា គម្រោងនេះក៏ជាផ្នែកដ៏សំខាន់មួយក្នុងការរំដោះទឹកភ្លៀងចេញពីរាជធានីភ្នំពេញផងដែរ។

ក្នុងឱកាសនោះដែរ តំណាងក្រុមហ៊ុនភ្នំពេញព្រីខាសផ្លេនដែលទទួល អនុវត្ដការងារ បុកស៊ីផាយ និងដាក់លូជ្រុង បានឱ្យដឹងថា ៖ មកដល់ពេលនេះ ការងារទាំងមូលសម្រេច បាន១៦ ភាគរយហើយ លើការងារស្ដារ បុកស៊ីផាយប្រឡាយ រំដោះទឹកនិងដាក់លូជ្រុងនៅរាជធានីភ្នំពេញ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×