ទីក្រុងហ្សឺណែវ ៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ បានចេញសេចក្ដីថ្លែងការណ៍ព័ត៌មាន «សកម្មជនបរិស្ថានដែលប្រកាសដោយខ្លួនឯង ត្រូវអនុវត្តសិទ្ធិរបស់ខ្លួន ក្នុងដែនកំណត់នៃច្បាប់»។
ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហ្សឺណែវ សូមធ្វើការបដិសេធចំពោះការអត្ថាធិប្បាយដែលគ្មានមូលដ្ឋាន និងដោយបំភ័ន្ត ដោយអ្នកនាំពាក្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ Thameen Al-Kheetan កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងការកាត់ទោសសកម្មជនបរិស្ថានដោយតុលាការកម្ពុជា។
ស្ថានបេសកកម្មអចិន្ត្រៃយ៍ សូមផ្ដល់ការបំភ្លឺដូចខាងក្រោម៖
- ការអះអាងថាដំណើរការកាត់ក្ដីលើសកម្មជនបរិស្ថានទាំង ១០រូប មិនអនុលោមតាមបទដ្ឋាន សិទ្ធិមនុស្សអន្តរជាតិ គឺគ្មានមូលដ្ឋាន ដែលបង្ហាញពីការយល់ឃើញមានកម្រិត ឬការបដិសេធ ដោយចេតនាក្នុងការយល់ដឹងពីនីតិវិធីរបស់តុលាការនៅកម្ពុជា។ សកម្មជនបរិស្ថានទាំងនេះ ត្រូវ បានផ្តន្ទាទោសពុំមែនដោយសារតែការអនុវត្តសិទ្ធិសេរីភាពរបស់ពួកគេនោះទេ ប៉ុន្តែដោយសារ ការរៀបចំសកម្មភាពប្រឆាំងរដ្ឋាភិបាល និងប្រមាថព្រះមហាក្សត្រ ដែលជាបទល្មើសប្រព្រឹត្ត នៅក្នុងប្រទេសកម្ពុជា ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២១ និងត្រូវផ្ដន្ទាទោសទៅតាមមាត ៤៣៧(ស្ទួន) និងមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។ ជនជាប់ចោទទាំងអស់មានឱកាសពេញ លេញក្នុងការចូលរួមរាល់នីតិវីធីរបស់តុលាការ រួមទាំងសិទ្ធិក្នុងការការពារផ្នែកច្បាប់ និងបដិសេធ រាល់ការចោទប្រកាន់ ដែលជាផ្នែកនៃសិទ្ធិទទួលបាននូវការជំនុំជម្រះក្តីដោយយុត្តិធម៌ និង ដំណើរការតាមនីតិវិធីត្រឹមត្រូវ ។
- នៅកម្ពុជា ក៏ដូចប្រទេសប្រជាធិបតេយ្យដទៃទៀតដែរ គ្មានបុគ្គលណាម្នាក់ត្រូវបានចោទប្រកាន់ ដោយសារតែពួកគេជានរណានោះទេ ប៉ុន្តែផ្អែកលើបទល្មើសដែលច្បាប់បានកំណត់។ ការដែល ជាសកម្មជនបរិស្ថាន ឬសម្ព័ន្ធជាមួយអង្គការស្ដីពីសិទ្ធិណាមួយ មិនផ្តល់ឱ្យពួកគេធ្វើសកម្មភាព ដោយនិទណ្ឌភាពឡើយ។ ការលើកឡើងថា មាន“ការព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះការអនុវត្ត ច្បាប់ដោយអាជ្ញាធរ គឺជាការមាក់ងាយដល់នីតិរដ្ឋ និងការអនុវត្តដោយស្មើភាពគ្នាចំពោះប្រជា ពលរដ្ឋទាំងអស់ដូចត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ។ ពលរដ្ឋគ្រប់រូបមានកាតព្វកិច្ច រួមទាំងសកម្មជនបរិស្ថានដែលប្រកាសដោយខ្លួនឯងផងដែរ ក្នុងការអនុវត្តសិទ្ធិរបស់ខ្លួនដោយ គណនេយ្យភាព និងទំនួលខុសត្រូវក្នុងដែនកំណត់នៃច្បាប់។
- ការអំពាវនាវឱ្យ «ពិនិត្យឡើងវិញនូវសំណុំរឿង» ឬ«ពិនិត្យឡើងវិញនូវការផ្ដន្ទាទោស» គឺជាការ រើសអើងយ៉ាងខ្លាំងចំពោះសុចរិតភាពរបស់តុលាការកម្ពុជា និងដំណើរការនៃការសម្រេចរបស់ តុលាការ។ ការសម្រេចរបស់តុលាការគឺផ្អែកលើភស្តុតាងជាក់ស្ដែង និងប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹង ទៅលើដំណើរការតាមនីតិវិធីត្រឹមត្រូវ និងគោលការណ៍ច្បាប់។ ជនជាប់ចោទមានសិទ្ធិពេញ លេញក្នុងការការពារខ្លួនតាមផ្លូវច្បាប់ ដោយបណ្តឹងជំទាស់ទៅនឹងសេចក្តីសម្រេចរបស់តុលា
ការ។ ទោះបីជាពួកគេទាំងប្រាំមួយនាក់ជាអនីតិជននៅពេលប្រព្រឹត្តបទល្មើសក៏ដោយ ក៏ការ
ទទួលខុសត្រូវព្រហ្មទណ្ឌនៅតែអាចអនុវត្តបាន ប្រសិនបើមានការធានាដោយកាលៈទេសៈ នៃបទល្មើស ឬចរិតលក្ខណៈរបស់អនីតិជន អនុលោមតាមមាត្រា ៣៩ នៃក្រមព្រហ្មទណ្ឌ។ - ការអំពាវនាវឱ្យមានការកែប្រែមាត្រាពាក់ព័ន្ធនៃក្រមព្រហ្មទណ្ឌគឺជាការភ័ន្តច្រលំ។ ក្រមព្រហ្ម ទណ្ឌត្រូវបានចូលរួមបង្កើតឡើងដោយអ្នកជំនាញផ្នែកច្បាប់មកពីបស្ចិមប្រទេស ហើយមាន ការពិគ្រោះយោបល់យ៉ាងទំលំទូលាយជាមួយភាគីពាក់ព័ន្ធ ដើម្បីធានាថា សិទ្ធិជាមូលដ្ឋាន ដូចដែលធានាដោយរដ្ឋធម្មនុញ្ញ និងអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិដែលកម្ពុជាជារដ្ឋភាគី ត្រូវបានការពារ ហើយអ្នកបំពានច្បាប់ត្រូវទទួលខុសត្រូវចំពោះការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ របស់ពួកគេ។ ជាក់ស្ដែង មិនមានអ្វីដែលត្រូវឱ្យព្រួយបារម្ភចំពោះបទប្បញ្ញត្តិនៃក្រមព្រហ្មទណ្ឌ ឡើយ។ អ្នកនាំពាក្យគួរតែធ្វើការអប់រំសកម្មជនសិទ្ធិមនុស្ស ឱ្យអនុវត្តសិទ្ធិរបស់ពួកគេ ស្រប តាមដែនកំណត់នៃច្បាប់។
ទោះជាយ៉ាងណាក៏ដោយ យោងតាមកម្មវិធីកំណែទម្រង់ច្បាប់ និង ប្រព័ន្ធតុលាការរបស់រាជរដ្ឋាភិបាល ក្រមព្រហ្មទណ្ឌ ក៏ដូចជាច្បាប់សំខាន់ៗ មួយចំនួនទៀត ពាក់ព័ន្ធនឹងប្រព័ន្ធតុលាការកំពុងត្រូវបានពិនិត្យ ក្នុងគោលបំណងធ្វើទំនើបកម្ម ប្រសិទ្ធភាព និងសង្គតិភាពជាមួយនឹងបរិបទនៃប្រទេសកម្ពុជា។
ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងហ្សឺណែវ ទទូចឱ្យការិយាល័យឧត្តមស្នង
ការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អនុវត្តអាណត្តិរបស់ខ្លួនដោយអនុលោមតាមសេចក្ដីសម្រេចលេខ ARES/48/141 ដែលការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិត្រូវបំពេញមុខងារ ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងត្រូវគោរពអធិបតេយ្យ និងយុត្តាធិការក្នុងស្រុករបស់រដ្ឋនីមួយៗ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី



