Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាលនឹងអភិវឌ្ឍន៍ «ខេត្តព្រះសីហនុ» ទៅជា ១. ជាច្រកទ្វាអន្តរជាតិរបស់កម្ពុជា, ២. ជាប៉ូលអភិវឌ្ឍន៍ជាតិ និង ៣. ជាទីក្រុងធំមួយនៅក្នុងតំបន់

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅថ្ងៃអង្គារ ទី ៩ ខែ កក្កដា ឆ្នាំ ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផនការមដើម្បី អភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង (គ.ស.ផ.)។

នាព្រឹកថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គ បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង (គ.ស.ផ.) បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្រប សម្រួលអន្តរក្រសួង លើកទី ៣ ដើម្បីពិនិត្យ និងផ្ដល់យោបល់លើសេចក្តីព្រាង «ផែនការមេដើម្បីអភិវឌ្ឍ ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» និង «ផែនការសកម្មភាព» មុននឹងដាក់ជូន រាជរដ្ឋាភិបាល អនុម័ត ដាក់ឱ្យអនុវត្តនាពេលខាងមុខ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី, ឯកឧត្តមរដ្ឋមន្ត្រី, ឯកឧត្តមរដ្ឋលេខាធិការ, ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះ សីហនុ និងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិក-សមាជិកា គ.ស.ផ. គឺជាវឌ្ឍនភាពថ្មីមួយដ៏សំខាន់របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ស្របតាម «យុទ្ធ សាស្ត្របញ្ចកោណដំណាក់កាលទី ១» ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃរបស់សម្ដេចមហាប វធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, «ផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះ សីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» គឺជាត្រីវិស័យក្នុងការអភិវឌ្ឍខេត្តព្រះសីហនុឱ្យទៅជា ប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយសំដៅជំរុញកំណើនសេដ្ឋកិច្ច, ការអភិវឌ្ឍសង្គម និងការការពារបរិស្ថាន ប្រកបដោយចីរភាព និងនិរន្តរភាព ។ ជាមួយគ្នានេះ, «ផែនការមេ» នេះ មានចក្ខុវិស័យរយៈពេលវែង ឆ្ងាយ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជា៖
ទី១.ច្រកទ្វារអន្តរជាតិរបស់ប្រទេសកម្ពុជា ដោយប្រែក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនពហុ មធ្យោបាយ និង ឡូជីស្ទិក, មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ,

ទី២. ប៉ូលអភិវឌ្ឍន៍ជាតិ ដោយប្រែក្លាយជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រ និងប្រជុំកោះលំដាប់ សកលលោក, មជ្ឈមណ្ឌលជាតិនៃការអភិវឌ្ឍឧស្សាហកម្ម និងមជ្ឈមណ្ឌលជាតិសម្រាប់ នវានុវត្តន៍បច្ចេកវិទ្យា និង
ទី៣. ទីក្រុងធំមួយនៅក្នុងតំបន់អាស៊ាន ជាមួយនឹងកិត្តិនាមជាទីក្រុងគំរូបៃតងប្រកបដោយចីរភាព, ចម្រុះវប្បធម៌ និងឆ្លាតវៃ ។

ដើម្បីសម្រេចបានចក្ខុវិស័យនេះ «ផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ច ពិសេសគំរូពហុបំណង» នឹងអនុវត្តជាពីរដំណាក់កាលគឺ៖
ដំណាក់កាលទី ១ “២០២៥-២០២៨”៖ ផ្ដោតលើការធ្វើសមាហរណកម្មខេត្តព្រះសីហនុទៅ ក្នុងប្រព័ន្ធពាណិជ្ជកម្មក្នុងតំបន់, ការពង្រីកមុខងារភស្តុភារកម្ម និងវិស័យទេសចរណ៍ព្រមទាំង ការធ្វើឱ្យប្រសើរឡើងនូវទីក្រុងចាស់ និងអភិវឌ្ឍតំបន់ថ្មីរួមទាំងការទាក់ទាញការវិនិយោគ ដែលមានតម្លៃបន្ថែមខ្ពស់ ។
ដំណាក់កាលទី ២ “២០២៩-២០៣៨”៖ ខេត្តព្រះសីហនុនឹងពង្រឹងតួនាទីរបស់ខ្លួនជាច្រកទ្វារ ជាតិ និងជាទីក្រុងមជ្ឈមណ្ឌលក្នុងតំបន់ លើវិស័យហិរញ្ញវត្ថុ ពាណិជ្ជកម្ម ការអភិវឌ្ឍឧស្សាហកម្ម ការដឹកជញ្ជូន និងបច្ចេកវិទ្យា ព្រមទាំងអភិវឌ្ឍខ្លួនទៅជាទីក្រុងពហុមុខងារ សមស្របសម្រាប់សហ- គ្រិនភាព ទីក្រុងបៃតង និងទីក្រុងឆ្លាតវៃ ព្រមទាំងជាខេត្តដែលមានចំណូលខ្ពស់ប្រកបដោយវិបុលភាព។

ជាលទ្ធផល, អង្គប្រជុំបានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរៀបចំសេចក្តីព្រាង «ផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» និង «ផែនការ សកម្មភាព» ។ ទន្ទឹមនេះ, អង្គប្រជុំបានធ្វើការពិភាក្សាលើចំណុចសំខាន់ៗមួយចំនួន និងបានស្នើឱ្យក្រុម ការងារពិនិត្យបន្ថែម លើការប្រើប្រាស់ពាក្យពេជន៍នៅក្នុងផ្នែកខ្លះរបស់ឯកសារ ដើម្បីឱ្យមានសង្គតិភាព ។

ជាចុងបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមគាំទ្រ និងផ្តល់កិច្ចសហការពីថ្នាក់ដឹកនាំគ្រប់ក្រសួង- ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រុមការងារបច្ចេកទេសអន្តរក្រសួង សម្របសម្រួលការរៀបចំផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង (ក.ប.ស.ផ.) និងលេខាធិការដ្ឋាន ក.ប.ស.ផ.ដែលបានខិតខំរៀបចំ និងកែសម្រួលសេចក្តីព្រាង «ផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» និង «ផែនការសកម្មភាព» ជាបន្តបន្ទាប់ ស្របតាមមតិយោបល់ របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ធ្វើឱ្យសេចក្តីព្រាងផែនការមេនេះកាន់តែមានភាពច្បាស់លាស់ គ្រប់ជ្រុង ជ្រោយ និងបញ្ចប់តាមការគ្រោងទុករបស់រាជរដ្ឋាភិបាល ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×