ភ្នំពេញ ៖ ប្រតិបត្តិការនេះធ្វើឡើងក្រោមការណែនាំផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន និងមានការចង្អុលបង្ហាញបញ្ជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែនបានសហការគ្នាជាមួយលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញនាយកដ្ឋាន ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានលោក វរសេនីយ៍ទោ ប៊ុត សុីម៉េង ជានាយការិយាល័យ បានការធ្វើការឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០២៖៥០នាទីទៀបភ្លឺ ត្រង់ចំណុចផ្ទះសំណាក់យីហោ ដូងមាសថ្មី ផ្លូវលេខ០៣ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ បានចំនួន៤នាក់ មានឈ្មោះ៖ទី១៖ឈ្មោះ ថៃ បញ្ញា ហៅ ភុច ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ។ ទី២៖ឈ្មោះ ស៊ី សុភ័ក្រ ហៅ តេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ។ ទី៣៖ឈ្មោះ រ៉េត វិរះ ហៅ ឆ្កែ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ និងទី៤៖ឈ្មោះ យ៉ាន់ ឧត្តម ហៅ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ។
ពួកគេបានធ្វើសកម្មភាព៖
*លើកទី១៖នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៥៖៣០នាទី បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេច នៅមុខការ៉ាស់សាំងភីធីធី ផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
*លើកទី២៖នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ វរលាម៉ោង១៦៖១០នាទី បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសំរេចនៅចំណុចមុខការដ្ឋានសំណង់បូរីធីអេចរ៉េស៊ីដិន ផ្លូវបេតុង ភូមិធម្មត្រ័យ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
*លើកទី៣.៖នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ វរលាម៉ោង១៤៖១០នាទី បានធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេចនៅចំណុចបណ្តោយ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង១ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
*លើកទី៤៖នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ វរលាម៉ោង១៧៖៥០នាទី បានធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេចតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំេពញ។
សម្ភារៈដកហូតរួមមាន៖ ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1HI-3204(របស់ជនសង្ស័យ) និងម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1KS-5724(របស់ជនសង្ស័យ)។
បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងខាងលើ ការិយាល័យកំពុង កសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី





