ខេត្តកំពង់ធំ៖អាជ្ញាធរខេត្តកំពង់ធំ ហាមដាច់ខាតចំពោះជនខិលខូចណា ដែលមករុករានទន្ទ្រានរំលោភយកដីរដ្ឋនៅតំបន់បី ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ មកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។
នៅក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យដីតំបន់បី នៅក្នុងស្រុកកំពង់ស្វាយ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ហាមដាច់ខាតចំពោះជនខិលខូចណា ដែលមករុករានទន្ទ្រានរំលោភយកដីរដ្ឋនៅតំបន់បី ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ មកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ព្រមទាំងអំពាវនាវប្រជាពលរដ្ឋ ត្រូវហ៊ានរាយការណ៍ ចំពោះជនណាមកទន្ទ្រានដីតំបន់៣ ដែលបានកាត់ឆ្វៀលរួច។
ថ្លែងនៅចំពោះមុខប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ ឯកឧត្តម នួន ផារ័ត្ន បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បន្តចុះរឹតបណ្តឹងទប់ស្កាត់ ការចូលទៅអាស្រ័យផលដីតំបន់៣ ក្រៅពីដីតំបន់ឆ្វៀល ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឲ្យមានប្រសិទ្ធភាព។
សូមបញ្ជាក់ផងដែរថាៈ ប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងដីតំបន់បីនេះ ស្ថិតនៅតំបន់ (ខ្វាក់ទោច ខ្វាក់ធំ) នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បច្ចុប្បន្ននេះ ជនខិលខូចកំពុងតែរំលោភបំពានយកដីធ្វើស្រែប្រាំង មានទំហំប្រហែល ២ពាន់ហិចតា៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

















