ភ្នំពេញ ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៅថ្ងៃទី ០១ ខែកកដី ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តកាតព្វកិច្ចរបស់អ្នករអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិ។
តាមសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃវេទិការាជរដ្ឋាភិបាលកម្ពុជា-ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ពាក់ព័ន្ធវិធានការគាំទ្រដល់វិស័យសំណង់និងអចលនទ្រព្យ និងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការអនុវត្តប្រកាសលេខ ០៤៧ អ.ស.ហ. ប្រក ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពី វិធាន និងនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាត អាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងបទប្បញ្ញត្តិពាក់ព័ន្ធ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សូមជម្រាបជូនដូចខាងក្រោម÷
១. លើកលែងការផាកពិន័យផ្សេងៗ ចំពោះគម្រោងអភិវឌ្ឍលំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ) ប៉ុន្តែ ក្រុមហ៊ុនអភិវឌ្ឍលំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ) ចាំបាច់ត្រូវបំពេញកាតព្វកិច្ចស្របតាមប្រកាសលេខ ០៤៧ អ.ស.ហ.ប្រក ខាងលើ និងបទប្បញ្ញត្តិពាក់ព័ន្ធ។ ដោយឡែក ចំពោះគម្រោងអភិវឌ្ឍលំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ) ដែលគ្មានអាជ្ញាបណ្ណ ត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណនៅនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។
២. ការលើកលែងការផាកពិន័យនេះមានសុពលភាពរយៈពេល ០១ (មួយ) ឆ្នាំ ចាប់ផ្តើមអនុវត្តពីថ្ងៃចេញ សេចក្តីជូនដំណឹងនេះ និងអាចបន្តទៀតតាមការសម្រេចរបស់រាជរដ្ឋាភិបាល។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាអ្នក អភិវឌ្ឍលំនៅឋាន ឬ អគារសហកម្មសិទ្ធិ (ខុនដូ) មេត្តាជ្រាបជាព័ត៌មាននិងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី











