Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ចូលរួមឱ្យកាន់តែខ្លាំងផ្តល់បច្ចេកទេស និងដើមទុន ឬហិរញ្ញប្បទានការប្រាក់ទាបដល់ការងារវារីវប្បកម្ម និងការកែច្នៃផលិតផលជលផល

ខេត្តកំពង់ចាម : សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់ស្ថាប័នជំនាញឱ្យបង្កើនការស្រាវជ្រាវ និងបង្កាត់ពូជត្រីដែលជិតផុតពូជឱ្យមានចំនួនច្រើនឡើងវិញ ដើម្បីជំរុញការងារអភិរក្ស និងលែងពូជត្រីទាំងនោះទៅក្នុងទឹកធម្មជាតិ និងក៏បានណែនាំដល់រដ្ឋបាលជលផល រដ្ឋបាលថ្នាក់ក្រោមជាតិ និងតួអង្គពាក់ព័ន្ធ ត្រូវពង្រឹងសមត្ថភាព​សហគមន៍នេសាទក្នុងការគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផលស្របតាមទិសស្លោក «សហគមន៍នេសាទ គ្មានបទល្មើសជលផល» ព្រមទាំងជួយបង្កើនសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំបែបនេះ ធ្វើឡើង ក្នុងពិធី ” ទិវាមច្ឆជាតិ ១កក្កដា ២០២៤ ” នៅបឹងធំ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ថ្លែងក្នុងឱកាសនេះ សម្ដេចធិបតី ជំរុញឱ្យ រដ្ឋបាលជលផល ត្រូវសិក្សា កែលម្អ និងស្តារកន្លែងអភិរក្សត្រីមេពូជ និងទីជម្រកមច្ឆជាតិផ្សេងទៀត ដែលគោករីងរាក់ ជាពិសេសនៅរដូវប្រាំង ធ្វើយ៉ាងណាឱ្យមានទឹកសម្រាប់ត្រីរស់នៅបន្តពូជផង សម្រាប់ចិញ្ចឹមជីវភាពប្រជាពលរដ្ឋផង និងលើកស្ទួយដល់សេដ្ឋកិច្ចជាតិផង។

ត្រង់ចំណុចនេះ សម្ដេចបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម បង្កើនកិច្ចសហការកាន់តជិតស្និទ្ធថែមទៀត ដើម្បីការពារ និងសង្គ្រោះជម្រកត្រី ត្រីមេពូជ និងវារីសត្វងាយរងគ្រោះ។ ជំរុញវារីវប្បកម្មតាមគ្រប់រូបភាព ទាំងទឹកសាប និងសមុទ្រ ដោយលើកកម្ពស់ ការស្រាវជ្រាវបច្ចេកទេសបង្កាត់-ភ្ញាស់វារីសត្វកម្រដែលប្រឈមនឹងការផុតពូជ ដើម្បីអភិរក្ស និងកូនត្រីពូជដែលមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ដើម្បីលើក- កម្ពស់ជីវភាពវារីវប្បករផង និងកាត់បន្ថយសម្ពាធមកលើធនធានជលផល ធម្មជាតិផង។

ទន្ទឹមនេះ ត្រូវបង្កើនការត្រួតពិនិត្យគុណភាព សុវត្ថិភាព សមត្ថភាពកែច្នៃ និងការអភិវឌ្ឍខ្សែចង្វាក់តម្លៃជលផល ដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់ផលិតផល ជលផលកម្ពុជា ទាំងសម្រាប់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស។ រាជរដ្ឋាភិបាល សូមអំពាវនាវ និង លើកទឹកចិត្តឱ្យដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ចូលរួមគាំទ្រឱ្យកាន់តែខ្លាំងថែមទៀត តាមរយៈការផ្តល់ បច្ចេកទេស និងដើមទុន រួមទាំងហិរញ្ញប្បទានការប្រាក់ទាប ដើម្បីជំរុញវារីវប្បកម្ម និងការកែច្នៃផលិតផល ជលផលកម្ពុជា៕ ពិសិដ្ឋ CEN

×