ខេត្តត្បូងឃ្មុំ: លំនៅឋានរបស់ប្រជាពលរដ្ឋចំនួនពីរខ្នងស្មើនឹងពីរម្ចាស់ត្រូវបានអគ្គីភ័យលេបត្របាក់បង្កជាអណ្ដាតភ្លើងឆេះសន្ធោសន្ធៅ ដោយក្នុងនោះមាននៅស្រុកពញាក្រែក បង្កឡើងដោយកូនម្ចាស់ផ្ទះស្រវឹងស្រានិងស្រុកត្បូងឃ្មុំខណៈពេលម្ចាស់មិននៅចេញទៅស៊ីឈ្នួលគេ ដើម្បីយកប្រាក់មកផ្គត់ផ្គង់ជីវភាពគ្រួសារ។ សូមបញ្ជាក់ថានៅក្នុងហេតុការណ៍ទាំងពីរនេះមិនមានពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងនារសៀលថ្ងៃទី៣០មិថុនាថា: នៅចំណុចភូមិកោងកាងទី១ ឃុំកោងកាង ស្រុកពញាក្រែកវេលាម៉ោង៧យប់។ថ្ងៃទី ២៩មិថុនាឆ្នាំ២០២៤ ដោយបុរសម្នាក់ឈ្មោះចត់ វាំង អាយុ៣១ឆ្នាំ បានដុតបំផ្លាញផ្ទះរបស់ខ្លួនបង្កជាអគ្គីភ័យឆាបឆេះភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នាជួយអន្តរាគមន៍ដងទឹកហ្នឹងបាញ់ទឹកជះពន្លត់មិនបានធ្វើឲ្យភ្លើងឆេះរាលដាលដល់ផ្ទះពលរដ្ឋនៅក្បែរខាងនោះទេ។
សមត្ថកិច្ចមូលដ្ឋានបន្តឲ្យដឹងទៀតថាមុនពេលកើតហេតុបុរសជាកូនម្ចាស់ផ្ទះរូបនេះបានផឹកស្រាស្រវឹងរករឿងឪពុកចុងដោយឃើញស្ថានភាពបែបនេះ។ឪពុកចុងនិងប្រពន្ធមិនបាននៅផ្ទះទេគឺរត់គេចទៅផ្ទះកូនដែលនៅមិនឆ្ងាយពីកន្លែងកើតហេតុក្នុងគោលបំណងឲ្យមានសុវត្ថិភាព។តែដោយសារស្រាចូលខ្លួនជាហេតុធ្វើឲ្យបុរសកូនម្ចាស់ផ្ទះមោរម៉ៅខឹងឪពុកចុង
ក៏បានដុតផ្ទះឆេះជាអណ្ដាតភ្លើងភ្លាមនោះអ្នកក្បែរខាងឃើញទាន់ស្រែកប្រគោកប្រកាសនាំគ្នាជួយពន្លត់បានទាន់ពេលវេលាតែទំហំការឆេះគឺអស់ជាង៦០% ដូច្នេះផ្ទះឈើដែលមានទំហំ ៤គុណ៥ម៉ែត្រ មិនអាចឲ្យម្ចាស់ផ្ទះនៅបានទៀតនោះទេ។បើតាមលោកវរសេនីយ៍ឯកថាញ់ សុវ៉ាត អធិការនគរបាលស្រុកពញាក្រែកប្រាប់ឲ្យដឹងដែរថា ករណីអគ្គិភ័យមួយកើតឡើងបង្កដោយឈ្មោះ ចត់ វាំង ភេទប្រុស អាយុ៣១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពយកភ្លើងដុតផ្ទះរបស់ឈ្មោះម៉ូវ ថា ភេទប្រុស អាយុ៦១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុខាងលើ បណ្តាលឲ្យឆាបឆេះ ផ្អើលឆោឡោ ប្រជាពលរដ្ឋ នាំគ្នាជួយពន្លត់ ដោយមានការសហការពីកម្លាំងសមត្ថកិច្ច និងកម្លាំងប្រជាការពារ ទើបពន្លត់បានទាំងស្រុក មិនរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ក្រោយហេតុការណ៍កើតឡើងភ្លាម កម្លាំងសមត្ថកិច្ចយើង បានចាប់ខ្លួនជនសង្ស័យឈ្មោះចត់ វាំង ខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីសាកសួរ និងបំពេញសំណុំរឿងតាមនីតិវិធី ។សូមបញ្ជាក់ថាកាលពីកន្លះខែមុនពេលកើតខេត្តបុរសដែលដុតផ្ទះនេះធ្លាប់បានគំរាមកំហែងឪពុកចុងម្ដងរួចមកហើយ។
ចំពោះករណីអគ្គីភ័យទី២វិញគឺបានកើតឡើងនៅថ្ងៃទី២៥មិថុនា ២០២៤ វេលាម៉ោង៤:០០នាទីទៀបភ្លឺ
-មានករណីភ្លើងឆេះផ្ទះ
ប្រជាពលរដ្ឋនៅភូមិមជ្ឈឹមភាគ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
-ម្ចាស់ផ្ទះឈ្មោះសន សុខនី ភេទប្រុសអាយុ ៥២ ឆ្នាំ ជាតិខ្មែរ ប្រពន្ធឈ្មោះ សឿង ឃាន ជាតិខ្មែរ មានកូនចំនួន ០៥ នាក់ខូចខាតទាំងស្រុង
-ផ្ទះមួយខ្នងទំហំ ៥ *៦ ម៉ ធ្វើអំពីឈើ ដំបូលប្រក់សង្គ័សី ជញ្ជាំងបាំងប្រទាំនិងស័ង្កសីសម្ភារៈខូចខាតរួមមាន ÷
-គ្រែឈើ០១ កង់០១ សម្ភារៈផ្ទះបាយ និងឯកសារផ្ទាល់ខ្លួនមួយចំនួន ។
- មូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ហើយម្ចាស់មិននៅផ្ទះចេញទៅស៊ីឈ្នួលគេ ដើម្បីយកថវិកាផ្គត់ផ្គង់ជីវភាពគ្រួសារ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី












