កំពង់ចាម ៖ ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលប្រារព្ធនៅភូមិបឹងដែងទី១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ព្រឹកថ្ងៃទី ២៧ ខែមិថុនាឆ្នាំ ២០២៤ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថាបញ្ហាគ្រឿងញៀនជាបញ្ហារួម ដែលយើងត្រូវចូលរួមទាំងអស់គ្នា ដើម្បី បង្ការ ទប់ស្កាត់ និងលុបបំបាត់ នូវបញ្ហានេះធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាព។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា :សារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺមានគោលបំណង បន្តបំផុស ដាស់តឿនប្រជាពលរដ្ឋទូទៅ ពិសេស យុវជន យុវនារី បងប្អូនកម្មករ កម្មការនី និស្សិត និងសិស្សានុសិស្សទាំងអស់ ឱ្យបន្តស្វែងយល់ថែមទៀត អំពីផលប៉ះពាល់ និងគ្រោះថ្នាក់ ដែលបង្កឡើងដោយសារធាតុញៀន ក៏ដូចជា ការចូលរួមជាមួយរាជរដ្ឋាភិបាល បង្កើតជាចលនាជាតិមួយ ចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហារួម នឹងត្រូវចូលរួមបង្ការ ទប់ស្កាត់ និងលុបបំបាត់ទាំងអស់គ្នា ស្របតាមទស្សនៈវិស័យ “ចូលរួមទាំងអស់គ្នា ដើម្បី ជីវិត និងសហគមន៏គ្មានគ្រឿងញៀន” ។ ដូច្នេះ ដើម្បី ឈានទៅលុបបំបាត់ការផ្គត់ផ្គងគ្រឿងញៀនខុសច្បាប់ ការលុបបំបាត់ គ្រោះថ្នាក់ដែលពាក់ព័ន្ធ និងការប្រើប្រាស់ គ្រឿងញៀន ការពង្រឹងប្រសិទ្ធភាពអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំងសមត្ថកិច្ច និងទាំងប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្តឱ្យបានសកម្ម និងជាប់ជាប្រចាំ ដើម្បី ឈានទៅសម្រេចបាននូវគោលដៅ អនុវត្តផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ឆ្នាំ២០២៤ ក៏ដូចជា ការកសាងបាននូវសហគមន៍ និងជីវភាពសង្គម គ្មានគ្រឿងញៀន ពិសេស អនុវត្តតាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ចំពោះគ្រឿងញៀនដែលដុតបំផ្លាញចោលក្នុងឱកាសនោះមានទម្ងន់៣.៧០គីឡូក្រាម។
នាឱកាសនោះដែរ ឯកឧត្តម ប្រធានគណៈកម្មធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានដាក់ចេញ នូវវិធានការណ៍ដោយចាប់ផ្តើមពីពេលនេះ ទីកន្លែងនេះដូចតទៅ ៖
ទី១ ៖ សម្រាប់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងប្រជាការពារ ពិសេស កម្លាំងប៉ុស្តិ៍ រដ្ឋបាលនគរបាល ត្រូវប្រើប្រាស់នូវវិធានការណ៍ ផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត តាមរយៈវេទិកានានា ពិសេស វេទិកាផ្សព្វផ្សាយ គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ។ ត្រូវតាមដាន និងគ្រប់គ្រងឲ្យបានមុខសញ្ញា ជួញដូរ និង ប្រើប្រាស់គ្រឿងញៀន គ្រប់ប្រភេទ ដែលមាននៅក្នុងសហគមន៍ និងឈានដល់ការបង្ក្រាបនៅនឹងកន្លែង ឲ្យបានទាន់ពេលវេលា ឬចាត់វិធានការណ៍បង្ក្រាប ឲ្យខាងតែបានតាមដីកា តុលាការ ។ ត្រូវកសាងឯកសារ ឲ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ និងទាន់ពេលវេលា ស្នើសុំដីកាតុលាការដើម្បី បង្ក្រាបមុខសញ្ញាទាំងនេះ ឲ្យអស់ពីក្នុងមូលដ្ឋាន និងសហគមន៍ ។
ទី២ ៖ សម្រាប់អាជ្ញាធរ ភូមិ ឃុំ ស្រុក ត្រូវចូលរួមឱ្យបានសកម្ម ជាមួយនឹងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ជាពិសេស សូមចលនាប្រជាពលរដ្ឋចូលរួមក្នុងសកម្មភាពនេះ ឲ្យបានច្រើនកុះករ។
ទី៣ ៖បងប្អូនប្រជាពលរដ្ឋ សូមយោគយល់ទៅដល់សមត្ថកិច្ច ក្នុងការបំពេញនិតិវិធីបង្ក្រាបបទល្មើសគ្រប់ប្រភេទដោយចូលរួមសហការក្នុងនាមជាពលរដ្ឋល្អ ។សូមបញ្ជាក់ថាទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀននេះកាលពីឆ្នាំ២០២៣ កន្លងទៅគឺបានប្រារព្ធធ្វើឡើងនៅខេត្តត្បូងឃ្មុំ ដោយរួមបញ្ចូលគ្នាបីទៅបួនខេត្ត៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី















