Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចក្រឡាហោម ស ខេង ៖ យើងគប្បីនៅចាំគោលការណ៍ជាមូលដ្ឋានរបស់គណបក្សយើង គឺធ្វើអំពើល្អ នឹងទទួលបាននូការគាំទ្រ ផ្តល់យុត្តិធម៌ពិតប្រាកដពីអ្នកបោះឆ្នោត និងពីប្រជាពលរដ្ឋ

បាត់ដំបង ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៤) នាព្រឹកថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។

អញ្ជើញមានប្រសាសន៍ក្នុងឱកាសដ៏ថ្លៃថ្លានោះ សម្ដេចក្រឡាហោម ស ខេង បានសម្តែងនូវការអរគុណ និងកោតសរសើរចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំក្រុមការងារគណបក្សគ្រប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងយកអស់ស្មារតីទទួលខុសត្រូវ ហើយសម្រេចបានជោគជ័យយ៉ាងត្រជះត្រចង់ក្នុងការបោះឆ្នោតចុងក្រោយទាំង ២លើក ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ នៃខេត្តបាត់ដំបងរបស់យើង។
សម្តេចមានប្រសាសន៍បន្តថា យើងគប្បីនៅចាំគោលការណ៍ជាមូលដ្ឋានរបស់គណបក្សយើង គឺធ្វើអំពើល្អ។ ធ្វើអំពើល្អ នឹងទទួលបាននូការគាំទ្រ ផ្តល់យុត្តិធម៌ពិតប្រាកដពីអ្នកបោះឆ្នោត និងពីប្រជាពលរដ្ឋ។

សម្តេចមានប្រសាសន៍បន្ថែមថា យើងបានអំណាចហើយ យើងមិនត្រូវមានមោទនភាព ធ្វើសកម្មភាពផ្តេសផ្តាសដោយមិនទទួលខុសត្រូវនោះទេ។ សម្រាប់ការងារគណបក្ស ក្រៅពីអ្វីដែលមាននៅក្នុងសុន្ទរកថានេះ សម្តេចបានស្នើថា គណបក្សត្រូវតែរៀបចំពិនិត្យឡើងវិញ នូវអង្គការចាត់តាំងរបស់គណបក្សរបស់យើង មិនមែនកែសម្រួលរចនាសម្ព័នទេ គឺអំពីសមាសភាព ហើយត្រូវអ្នកមានសមត្ថភាព និងឆន្ទៈដើម្បីធ្វើការងារ។ ត្រូវធ្វើបច្ចុប្បន្នភាពចំពោះសមាជិកគណបក្ស។

សម្តេចមានប្រសាសន៍គូសបញ្ជាក់ថា បញ្ហាជាក់ស្តែងដែលត្រូវយកចិត្តទុកដាក់នៅនឹងមូលដ្ឋានរបស់យើងសព្វថ្ងៃនេះ ក៏ដូចជាកន្លងមកដែរ និងបន្តទៅមុខទៀតជារួមយើងបន្តគាំទ្រ នូវកម្មវិធីនយោបាយ និងគោលការណ៍នានារបស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា។ ប៉ុន្តែរឿងជាក់ស្តែងនៅមូលដ្ឋាន គឺការបន្តអនុវត្តកំណែទម្រង់ ដែលរដ្ឋាភិបាលបានកំណត់ហើយ គឺកំណែទម្រង់លើគ្រប់វិស័យ។ ហើយកំណែទម្រង់ថ្នាក់ក្រោមជាតិនេះ នៅតែមានសារៈសំខាន់ និងមិនអាចបោះបង់ចោលបាន។ យើងត្រូវខិតខំបន្តអនុវត្តនូវតួនាទីភារកិច្ច សិទ្ធិអំណាចទាំងឡាយដែលថ្នាក់ជាតិបានផ្ទេរមកឱ្យ។

សម្តេចមានប្រសាសន៍សង្គត់ធ្ងន់ថា ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គឺនៅតែជាកិច្ចការប្រចាំថ្ងៃរបស់យើង ធ្វើយ៉ាងណាលុបបំបាត់គ្រឿងញៀន លុបបំបាត់ក្មេងទំនើង លុបបំបាត់ល្បែងស៊ីសងខុសច្បាប់។ល ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×