រាជធានីភ្នំពេញ ៖ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួង ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអុកស្វាម នឹងរៀបចំកម្មវិធីប្រកាស និងប្រគល់ពានរង្វាន់ ជូន ដល់បេក្ខជន-បេក្ខនារីជ័យលាភី «ពានរង្វាន់អ្នកសារព័ត៌មានឆ្នើមស្តីពី ប.ស.ស. នៃក្រសួង ការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ» នៅថ្ងៃទី២៨ ខែមិថុនា នៅភ្នំពេញ នៅសណ្ឋាគារកាំបូតឌីយ៉ាណា។
ថ្មីៗនេះ រាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា តាមរយៈស្ថាប័នជំនាញដូចជា អគ្គលេខាធិការ ដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ប.ស.ស. បានដាក់ចេញនូវការពង្រីកវិសាលភាពគ្របដណ្តប់ និងបង្កើន អត្ថប្រយោជន៍របបសន្តិសុខសង្គម ដល់កម្មករនិយោជិត ដែលធ្វើការក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ច ក្រៅប្រព័ន្ធផងដែរ។ ការពង្រីកវិសាលភាពទាំងនោះរួមមាន ការផ្តល់ជូនប័ណ្ណសមធម៌ សុខភាពដល់អ្នកធ្វើការក្នុងវិស័យកម្សាន្ត កម្មវិធីផ្តល់សាច់ប្រាក់ឧបត្ថម្ភ សម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ (ពីរ) ឆ្នាំ ។ល។ និងការដាក់ឱ្យអនុវត្ត របបសន្តិសុខសង្គមផ្នែក ថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.។ បន្ថែមលើនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ ក៏បានសម្រេចដាក់ចេញនូវ «យុទ្ធសាស្ត្រ បញ្ចកោណ» ដំណាក់កាលទី១ ដែលជាកម្មវិធីនយោបាយរបស់ខ្លួនសម្រាប់ ឆ្នាំ២០២៣-២០២៨ ដែលក្នុងចំណោមបាវចនាទាំង៥ ប្រព័ន្ធ គាំពារសង្គមត្រូវបានចាត់ទុកថាជា សសរស្តម្ភចម្បងមួយដើម្បីសម្រេចបាននូវ ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០។ ទាំងនេះសបញ្ជាក់ឲ្យឃើញថា កម្ពុជាបាននឹងកំពុងដើរលើមាគ៌ាដ៏ត្រឹមត្រូវមួយឆ្ពោះទៅការកសាងភាពធន់ សមភាពយេនឌ័រ និងបរិយាបន្ននៅក្នុងប្រព័ន្ធគាំពារសង្គមរបស់ខ្លួន។
សមាគមអ្នកសារព័ត៌មាន គឺជាតួអង្គចម្បងមួយ និងបានបន្តដើរតួរនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយគោលនយោបាយនានា របស់រាជរដ្ឋាភិបាលទៅកាន់សាធារណៈជន ដើម្បីជាព័ត៌មាន និងការផ្តល់កិច្ច សហការអនុលោមតាម។ បន្ថែមលើនេះ អ្នកសារព័ត៌មានក៏បានដើរតួរនាទីយ៉ាងសំខាន់ក្នុងការពាំនាំនូវ កង្វល់ មតិយោបល់ និងធាតុចូលនានា ពីប្រជាពលរដ្ឋ អ្នកឯកទេស និងភាគីពាក់ព័ន្ធ ទៅលើគោល នយោបាយនានា ដែលបានសម្រេចឱ្យដាក់អនុវត្តន៍ដោយរាជរដ្ឋាភិបាល។ នេះសឱ្យឃើញពីការរីកចម្រើន និងតួនាទីមិនអាចខ្វះបាន របស់អ្នកសារព័ត៌មានក្នុងការកសាង និងពង្រឹងយន្តការ គណនេយ្យភាពសង្គម នៅកម្ពុជាយើង។
ដើម្បីជួយជ្រោមជ្រែងការអនុវត្តន៍គោលនយោបាយទាំងនោះ និងដើម្បីធានាការទទួលបានអត្ថ ប្រយោជន៍ការងារសមរម្យ និងរបបសន្តិសុខសង្គម សម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌ អង្គការអុកស្វាម និង ប.ស.ស. បានសហការគ្នា និងផ្តួចផ្តើមបង្កើតកម្មវិធីប្រកួតប្រជែងពានរង្វាន់ «អ្នកសារព័ត៌មានឆ្នើម ស្តីពី ប.ស.ស.នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»។ កម្មវិធីប្រកួតប្រជែង នេះផ្តួចផ្តើមឡើងក្នុងគោលបំណងដើម្បី ៖ ក). ពង្រីកវិសាលភាព នៃការទទួលបានព័ត៌មាន និងពង្រឹង ចំណេះដឹងប្រជាពលរដ្ឋ និងកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌ ស្តីអំពីរបបសន្តិសុខសង្គម តាមរយៈ សារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមគ្រប់រូបភាព។ ខ). លើកកម្ពស់ការរាយការណ៏ ព័ត៌មាន ក្នុងចំណោមអ្នកសារព័ត៌មាន ស្តីអំពីរបបសន្តិសុខសង្គម (ប.ស.ស) និងកម្មករនិយោជិត ក្នុងវិស័យកាត់ដេរនិងវាយនភណ្ឌ គ). ពង្រឹងកិច្ចសហការគ្នារវាងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និង អង្គការសង្គមស៊ីវិល សហជីពជាមួយសហគមន៍ អ្នកកាសែត និងសារព័ត៌មាន។
លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម មានប្រសាសន៍ថា៖“សហគមន៍ប្រព័ន្ធផ្សព្វផ្សាយមានសារៈសំខាន់ណាស់ ក្នុងការបង្កើតកិច្ចសន្ទនានិងពិភាក្សាស្តីពីកិច្ចគាំពារសង្គម ការលាតត្រដាងពីវិសមភាព ការផ្តល់សំឡេងដល់ជនងាយរងគ្រោះ ធ្វើឱ្យអ្នកបង្កើតគោលនយោបាយទទួលខុសត្រូវ និងផ្តល់សិទ្ធិអំណាចដល់សាធារណជនក្នុងការតស៊ូមតិសម្រាប់ការគាំពារសង្គមប្រកបដោយសមធម៌។ ក្នុងនាមជាអ្នកឃ្លាំមើល អ្នកនិទានរឿង និងជាអ្នកវិភាគគោលនយោបាយ អ្នកសារព័ត៌មានជូនដំណឹងដល់ពលរដ្ឋ ផ្តល់សិទ្ធិអំណាចដើម្បីទាមទារការគាំំពារសង្គមដែលចាំបាច់សម្រាប់ទាំងអស់គ្នាដើម្បីរីកចម្រើន ដែលជាស្នូលនៃការបង្កើតពិភពលោកមួយកាន់តែយុត្តិធម៌ និងសមធម៌។ បេសកកម្មរបស់ អង្គការអុកស្វាម គឺដើម្បីលុបបំបាត់ភាពក្រីក្រ និងអយុត្តិធម៌ ហើយយើងបានប្តេជ្ញាធ្វើការជាមួយ និងគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធដើម្បីកាត់បន្ថយភាពក្រីក្រ និងវិសមភាពក្នុងចំណោមកម្មករនិយោជិត ក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌ ដែលភាគច្រើនជាស្ត្រី និងជាអ្នកម្តាយ ដើម្បីធានាលទ្ធភាពរបស់ពួកគេក្នុងការទទួលបានរបបសន្តិសុខសង្គម។ ការចូលរួមដ៏សកម្មរបស់អ្នកសារព័ត៌មាន ក្នុងការផ្សព្វផ្សាយពី គោលនយោបាយគាំពារសង្គម អត្ថប្រយោជន៍របបសន្តិសុខសង្គម និងបញ្ហាប្រឈមនានាក្នុងការប្រើប្រាស់
ប័ណ្ណសមាជិក ប.ស.ស. គឺរួមចំណែកជាចម្បងក្នុងការជំរុញការទទួលបានរបបសន្តិសុខសង្គម ក្នុងចំណោម កម្មករនិយោជិតវិស័យកាត់ដេរ និងវាយនភណ្ឌនៅកម្ពុជាប្រកបដោយបរិយាបន្ន និងឆ្លើយតបយេនឌ័រ»។
ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម និង ជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងថា
ក្រោមការគិតគូរ និងយកចិត្តទុកដាក់ពីសំណាក់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ការអនុវត្តរបបសន្តិសុខសង្គម មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ បច្ចុប្បន្ននេះ បេឡាជាតិសន្តិសុខសង្គម បាននិងកំពុងអនុវត្តរបបសន្តិសុខសង្គមចំនួន ៣ រួមមាន (១) ផ្នែកហានិភ័យការងារ (២) ផ្នែកថែទាំសុខភាព, និង (៣) ផ្នែកប្រាក់សោធន។ ផ្នែកហានិភ័យការងារ ត្រូវបានដាក់ឱ្យអនុវត្តសម្រាប់វិស័យឯកជននៅក្នុងឆ្នាំ២០០៨ និង
បានពង្រីកដល់វិស័យសាធារណៈនៅក្នុងឆ្នាំ២០២១។
ផ្នែកថែទាំសុខភាព បានដាក់ឱ្យអនុវត្តសម្រាប់វិស័យឯកជននៅឆ្នាំ២០១៦ និងត្រូវបានពង្រីក ដល់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន នៅឆ្នាំ២០១៨ បន្ថែមពីលើនេះ កាលពីថ្ងៃ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ រាជរដ្ឋាភិបាលបានសម្រេចដាក់ឱ្យដំណើរការកម្មវិធីរបបសន្តិ សុខសង្គមផ្នែកថែទាំសុខភាព ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. តាម គោលការណ៍ស្ម័គ្រចិត្ត ដែលនេះគឺជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមសម្រាប់កម្ពុជា ដែលបានប្រែក្លាយ សេចក្តីប្រាថ្នារបស់បុគ្គលស្វ័យនិយោជន៍ភាគច្រើន ក៏ដូចជាក្តីប្រាថ្នារបស់បងប្អូនកម្មករនិយោជិត ភាគច្រើន និងបងប្អូនមន្ត្រីរាជការរបស់យើងផងដែរ ដែលចង់ឱ្យអ្នកនៅក្នុងបន្ទុករបស់ខ្លួនអាច ទទួលបានការធានារ៉ាប់រងសុខភាពដូចខ្លួនដែរ។
ផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជនត្រូវបានដាក់ឱ្យអនុវត្តនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ក៏ជាសមិទ្ធផលមួយរបស់រាជរដ្ឋាភិបាល ដែលអនុញ្ញាតឱ្យអ្នកធ្វើការក្នុងវិស័យឯកជន ទទួលបាន នូវប្រាក់សោធន ដូចគ្នានឹងមន្ត្រីសាធារណៈ ហើយរបបប្រាក់សោធន ក៏អាចនឹងពង្រីកវិសាលភាព ទៅដល់បុគ្គលស្វ័យនិយោជន៍ នាពេលអនាគត ស្របតាមការវិវត្តសង្គម-សេដ្ឋកិច្ចកម្ពុជា។ នាពេលបច្ចុប្បន្ន ប.ស.ស. បានក្លាយជានិមិត្តរូបនៃសុខភាពក្នុងចិត្តរបស់ប្រជាជនយើង ដោយអាចជួយ កាត់បន្ថយបន្ទុកចំណាយ ពង្រឹងស្ថិរភាព និងការព្យាករណ៍បាននៃចំណូល និងធ្វើឱ្យប្រសើរឡើងនូវសុខភាព របស់ខ្លួន។
អ្នកសារព័ត៌មានគឺបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្យផ្សាយគោលនយោបាយនានារបស់រាជរដ្ឋាភិ 2 បាល ទៅកាន់សាធារណជន ដើម្បីជាព័ត៌មាន និងផ្តល់កិច្ចសហការពង្រឹងអនុលោមភាពនៃច្បាប់។ ហេតុនេះ ។ ហើយទើបកាលពីឆ្នាំ២០២៣ អង្គការអុកស្វាម បានសហការជាមួយបេឡាជាតិសន្តិសុខសង្គម នៃក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំកម្មវិធីអ្នកសារព័ត៌មានឆ្នើមស្តីពី ប.ស.ស. នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈនេះឡើង ក្នុងគោលបំណងដើម្បី៖
១. ពង្រីកវិសាលភាព នៃការទទួលបានព័ត៌មាន និងពង្រឹងចំណេះដឹងប្រជាពលរដ្ឋ និងកម្មករ និយោជិតក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌ ស្តីពីរបបសន្តិសុខសង្គម តាមរយៈសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមគ្រប់រូបភាព
២. លើកកម្ពស់ការរាយការណ៍ព័ត៌មាន ក្នុងចំណោមអ្នកសារព័ត៌មាន ស្តីពីរបបសន្តិសុខសង្គម និងកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌ
៣. ពង្រឹងកិច្ចសហការគ្នារវាងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ជាមួយនិងអង្គការសង្គមស៊ីវិល សហជីព សហគមន៍អ្នកកាសែត និងសារព័ត៌មាន។ ក្រោយការប្រកាសកម្មវិធីប្រកួតនេះជាសាធារណៈ និងបើកទទួលស្នាដៃប្រកួតកាលពីកំឡុងខែមីនា ឆ្នាំ ២០២៤កន្លងទៅ ឃើញថាមានការចាប់អារម្មណ៍ខ្លាំង ទាំងអ្នកសារព័ត៌មានមានស្ថាប័នពិតប្រាកដ ឬធ្វើការ ឯករាជ្យ ទាំងផ្នែកបោះពុម្ពផ្សាយ វិទ្យុ ទូរទស្សន៍ សារព័ត៌មានអនឡាញ និងអ្នកសារព័ត៌មានតាមបណ្ដាញ សង្គមប្លុកជាដើម។ បន្ទាប់ពីទទួលបានការដាក់ស្នាដៃប្រកួត ក្រុមការងារបានពិនិត្យយ៉ាងយកចិត្តទុកដាក់លើ អត្ថបទ/វិដេអូ របស់បេក្ខជន ដោយបានកំណត់មូលដ្ឋានក្នុងការដាក់ពិន្ទុ ផ្ដោតទៅលើ៤ចំណុច រួមមាន៖ ១. ភាពពាក់ព័ន្ធនឹងប្រធានបទដែលបានកំណត់ក្នុងសេចក្ដីប្រកាស, ២. ប្រភព និងតុល្យភាពនៃប្រភព, ៣. គុណភាព នៃទិន្នន័យ, ៤. និងភាពទាក់ទាញនៃស្នាដៃប្រកួត។ ជាលទ្ធផលយើងបានសម្រេចជ្រើសរើសស្នាដៃចំនួន៦ ដែលជាប់ជ័យលាភី នឹងត្រូវប្រកាសនាពេលបន្តិចទៀតនេះ។
ឯកឧត្តមបានបន្តថា ក្រៅពីការប្រកាស និងប្រគល់ពានរង្វាន់ជូនដល់បេក្ខជន-បេក្ខនារីជ័យលាភី កម្មវិធីនៅថ្ងៃនេះក៏មាន បទបង្ហាញអំពីវឌ្ឍនភាពនៃប្រព័ន្ធសន្តិសុខសង្គម ដែលខ្ញុំសង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រី សមាជិក សមាជិកា ជាអ្នកសារព័ត៌មានទាំងអស់ប្រាកដជាទទួលបាននូវចំណេះដឹង ធាតុចូលសំខាន់ៗ ពាក់ព័ន្ធ វឌ្ឍន ភាពនៃប្រព័ន្ធគាំពារសង្គមនិយាយជារួម និងប្រព័ន្ធសន្តិសុខសង្គម និយាយដោយឡែក។ ដើម្បីជាមូលដ្ឋាន ក្នុងការផ្សព្វផ្សាយជូនទៅដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ពង្រឹង ប្រព័ន្ធគាំពារសង្គម ឆ្ពោះទៅរកការគ្របដណ្ដប់សុខភាពជាសកល នាពេលខាងមុខ។
តាងនាមថ្នាក់ដឹកនាំ និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមធ្វើការកោតសរសើរទៅដល់ អង្គការអុកស្វាម សម្រាប់កិច្ច សហការ នៅក្នុងការរៀបចំកម្មវិធីនេះឡើង ដែលជាកត្តាមួយជួយលើកស្ទួយវិស័យសារព័ត៌មាន នៅក្នុង ប្រទេសកម្ពុជា។
កាលពីឆ្នាំ២០២៣ អុកស្វាម បានសហការគ្នាជាមួយបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សារព័ត៌មានថ្មីថ្មី និងក្លិបអ្នកការសែតកម្ពុជា (Club of Cambodian Journalists) ផ្តល់វគ្គបណ្តុះបណ្តាលស្តីពីរបបសន្តិសុខសង្គមនៅកម្ពុជា ជូនដល់សមាជិកអ្នកសារព័ត៌មាន ជាតិចំនួន ៦៥នាក់ ដែលមកពីស្ថាប័នសារព័ត៌មានចំនួន ៤៣ផ្សេងគ្នា។ វគ្គបណ្តុះបណ្តាលនោះ បានទទួល ការគាំទ្រ និងមតិយោបល់យ៉ាងវិជ្ជមានពីសិក្ខាកាម និងភាគីពាក់ព័ន្ធ។ បន្ថែមលើនេះ ក្រុមការងារក៏ទទួល បានសំណើយ៉ាងច្រើនពីអ្នកសារព័ត៌មាន និងសិក្ខាកាម ឱ្យបន្តផ្តល់វគ្គបណ្តុះបណ្តាលបែប នេះជូនដល់ សមាជិក និងអ្នកសារព័ត៌មាន ដើម្បីទទួលបានបច្ចុប្បន្នភាពគោលនយោបាយ ពង្រឹងចំណេះដឹង និងពុទ្ធិ ស្តីពីរបបសន្តិសុខសង្គមនៅកម្ពុជា។ ជាការឆ្លើយតបនឹងសំណើទាំងនោះ អង្គការអុកស្វាម ក៏បានសហការ គ្នាម្តងទៀតជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង សារព័ត៌មានថ្មីថ្មី ផ្តល់វគ្គបណ្តុះបណ្តាលស្តីពីរបបសន្តិសុខសង្គមជូនដល់សមាជិកអ្នកសារព័ត៌មាន កាលពីថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៤ ដែលមានអ្នកសារព័ត៌មានចូលរួមប្រមាណ៦៥នាក់ ដែលមក ពី៥៥ស្ថាប័នផ្សេងគ្នាទូទាំងព្រះរាជាណាចក្រកម្ពុជា។
យោងតាមស្មារីខាងលើ អង្គការអុកស្វាម និងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នា និងផ្តួចផ្តើមបង្កើតកម្មវិធីប្រកួតប្រជែងពានរង្វាន់ «អ្នកសារព័ត៌មាន ឆ្នើមស្តីពីប.ស.ស.នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»។ ការប្រកួតប្រជែងនេះបានប្រកាសជា សាធារណៈ និងបើកទទួលស្នាដៃប្រកួតប្រជែងចាប់តាំងពីថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០២៤ នៅក្នុងវគ្គបណ្តុះបណ្តាលខាងលើ។ ហើយមានបេក្ខជន-បេក្ខនារី មកពី១៧ ស្ថាប័ន សារព័ត៌មានផ្សេងៗគ្នា បានដាក់ពាក្យប្រកួតប្រជែង ក្នុងពានរង្វាន់នេះជាមួយស្នាដៃប្រកបដោយភាពឆ្នៃប្រឌិត និងស៊ីជម្រៅស្តីពីរបបសន្តិសុខសង្គម ចំណេះដឹង និងបញ្ហាប្រឈមនានា សម្រាប់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌនៅកម្ពុជា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី










