ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់វិស័យឯកជនត្រូវខិតខំពង្រឹងខ្លួនឯង ដើម្បីក្លាយទៅជាតួអង្គមានលំនឹងកាន់តែច្រើនលើវិស័យឯកជន ហើយកុំផ្ដេកផ្ដួលអាស្រ័យលើការផ្ដល់ការអនុគ្រោះពីរាជរដ្ឋាភិបាល ឬប្រទេសណាមួយនោះ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរទិវាសហគ្រាសធុនមីក្រូតូច និងមធ្យម នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។
រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា មានឆន្ទៈនិងការប្តេជ្ញាមោះមុតក្នុងការបន្តអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ហើយបានដាក់ចេញនូវយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងគោលបំណងលើកកម្ពស់ គាំពារ និងពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធព្រមទាំងជំរុញ និងពន្លឿនការចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីធានាឱ្យបាននូវភាពធន់ ភាពប៉ាន់ប្រមាណបាន និងភាពរីកចម្រើនទៅមុខនៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និងការងារចិញ្ចឹមជីវិតនៅកម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ជំរុញ និងលើកទឹកចិត្តឱ្យវិស័យឯកជនបន្តរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាព វិនិយោគលើការពង្រឹងស្តង់ដារ និងគុណភាពនៃផលិតផលនិងសេវាកម្មរបស់ខ្លួន បង្កើនផលិតភាពតាមរយៈការបន្តបណ្តុះបណ្តាលបុគ្គលិកនិយោជិតនិងផ្តល់នូវរបបសន្តិសុខសង្គមក៏ដូចជាការចាប់យកបច្ចេកវិទ្យា និងទំនើបកម្មខ្សែច្រវាក់ផលិតកម្ម-សេវាកម្មរបស់ខ្លួន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រសួង ស្ថាប័ន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កំពុងបន្តខិតខំបង្កើនសមត្ថភាព និងកែលម្អសេវាសាធារណៈរបស់ខ្លួនឱ្យកាន់តែងាយស្រួល រហ័ស និងមានប្រសិទ្ធភាព ហើយត្រូវបន្តធ្វើយ៉ាងណាឱ្យការផ្តល់សេវាឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ធុរកិច្ច និងរួមចំណែកបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងឆាកតំបន់ និងអន្តរជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែតបានថ្លែងថា សហគ្រាសធុនតូចនិងមធ្យម (SMEs) ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារបានច្រើននៅក្នុងប្រទេស។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «រាជរដ្ឋាភិបាលកម្ពុជានៅតែបន្ដលើកទឹកចិត្ត និងផ្ដល់ការគាំទ្រដល់វិស័យឯកជន ក្នុងនោះរាជរដ្ឋាភិបាលបានផ្ដល់ការអនុគ្រោះជាច្រើន ពិសេសក្នុងអំឡុងពេលកំពុងតែជួបការលំបាកនេះ ប៉ុន្ដែខ្ញុំសូមឲ្យវិស័យឯកជន កុំឲ្យមានផ្នត់គំនិតថា ត្រូវតែរដ្ឋផ្ដល់ការអនុគ្រោះរហូត ប្រសិនបើនៅតែបន្ដពឹងផ្អែក លើការអនុគ្រោះពីរដ្ឋរហូតនោះ នឹងមិនមានការរីកចម្រើននោះឡើយ»។
សម្ដេចធិបតីបានបន្ដថា កម្ពុជានឹងក្លាយជាប្រទេសអ្នកមានក្នុងឆ្នាំ២០៥០ ដូច្នេះមុននឹងក្លាយជាប្រទេសអ្នកមាន យើងត្រូវតែធ្វើដំណើរចាកចេញពី ប្រទេសក្រីក្រក្នុងឆ្នាំ២០២៩ នៅពេលយើងចេញពីប្រទេសអភិវឌ្ឍន៍តិច គេនឹងដកគោលការណ៍អនុគ្រោះមួយចំនួន នាំចេញទំនិញទៅប្រទេសមួយចំនួន នឹងលែងទទួលបានការអនុគ្រោះ, ប្រទេសមួយចំនួននឹងឈប់ផ្ដល់កម្ចីដល់កម្ពុជា ដូច្នេះដើម្បីក្លាយខ្លួនជាប្រទេសអ្នកមានត្រូវតែរឹងមាំ មិនអាចផ្ដេចផ្ដួលលើការអនុគ្រោះ ពីបណ្ដាប្រទេសមួយចំនួនរហូតឡើយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «នេះជាកិច្ចការសំខាន់ហើយខ្ញុំគិតថា វិស័យឯកជនត្រូវតែខិតខំប្រឹងប្រែង រដ្ឋាភិបាលនឹងជួយផ្ដល់ឲ្យ ប៉ុន្ដែខ្ញុំសូមអំពាវនាវឲ្យវិស័យឯកជន ត្រូវខិតខំពង្រឹងខ្លួនឯង ដើម្បីក្លាយជាតួអង្គកាន់តែច្រើន រីកកាន់តែធំមានលំនឹង សូម្បីតែសហគ្រាសធុនតូច និងមធ្យម នៅថ្ងៃក្រោយក៏មានការពង្រឹងខ្លួនច្បាស់លាស់ ទើបធ្វើឲ្យវិស័យឯកជនរឹងមាំ សេដ្ឋកិច្ចរឹងមាំ»៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី














