Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាងអយ្យការបានសម្រេចចោទប្រកាន់បន្ថែម លើជនសង្ស័យ ឈ្មោះ ស្រី ស៊ីណា ពីបទ រំលោភលើលំនៅឋាន

ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ជនល្មើស ស្រី ស៊ីណា ១បទល្មើសបន្ថែមទៀត គឺបទរំលោភលើលំនៅឋាន។

នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ចំណាត់ការផ្លូវច្បាប់បន្ថែមទៀតលើឈ្មោះ ស្រី ស៊ីណា។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់ សាធារណជនមេត្តាជ្រាបថា៖ បន្ទាប់ពីបានពិនិត្យលម្អិតបន្ថែមទៀត លើសំណុំរឿងករណីបាញ់ប្រហារ ប្រព្រឹត្តដោយជនសង្ស័យឈ្មោះ ស្រី ស៊ីណា ដែលបានបណ្តាលឱ្យមនុស្ស ០២ នាក់បានស្លាប់ និងមនុស្ស ០២ នាក់ទៀតបានរងរបួស កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤, តំណាងអយ្យការបាន ពិនិត្យឃើញថាជនសង្ស័យឈ្មោះ ស្រី ស៊ីណា បានដើរចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះឈ្មោះ ឡុង លីសុង ដោយពុំមានការអនុញ្ញាតពីភាគីជនរងគ្រោះឈ្មោះ ឡុង លីសុង ដែលជាម្ចាស់ផ្ទះឡើយ ដែលសកម្មភាពនេះ គឺបានបង្កើតជាបទល្មើសរំលោភលើលំនៅឋាន ។

ផ្អែកតាមអង្គហេតុខាងលើនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់បន្ថែមលើជនសង្ស័យ ឈ្មោះ ស្រី ស៊ីណា ពីបទ រំលោភលើលំនៅឋាន តាមមាត្រា ២៩៩ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណា ចក្រកម្ពុជា ដែលបទល្មើសនេះអាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ។

គួរបញ្ជាក់ថា ជនល្មើស ស្រី ស៊ីណា ត្រូវបានចោទប្រកាន់ នៅក្នុងសំណុំរឿងដាច់ដោយឡែកពីគ្នា ចំនួន ២រួចមកហើយ គឺ សំណុំរឿងទី១ ចោទប្រកាន់ពីបទឃាតកម្ម និងបទប្រើប្រាស់អាវុធដោយខុសច្បាប់ ដែលអាចជាប់ទោសដាក់ពន្ធនាគារ រហូតដល់ ១៥ ឆ្នាំ និង សំណុំរឿងទី២ ចោទប្រកាន់ពីបទប៉ុនប៉ងឃាតកម្ម និងបទប្រើប្រាស់អាវុធដោយខុសច្បាប់ ដែលអាចជាប់ទោសដាក់ពន្ធនាគារ រហូតដល់ ១៥ ឆ្នាំ។ នៅក្នុងសំណុំរឿងទី៣, យោងតាមមាត្រា ២៩៩ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បទរំលោភលើលំនៅឋានអាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ រហូតដល់ទៅ ១ឆ្នាំ។

ដូច្នេះ ការចោទប្រកាន់ក្នុងសំណុំរឿងទាំង ៣ នេះ ដោយមិនមានការស្រូបទោស នឹងធ្វើឲ្យជនល្មើស ស្រី ស៊ីណា ត្រូវប្រឈមនឹងទោសជាប់ពន្ធនាគារ រហូតដល់ ៣១ឆ្នាំ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×