ខេត្តត្បូងឃ្មុំ ÷ ទោះបីជាមានការរឹតបន្តឹងនៅតាមច្រកទ្វារទ្វេភាគីកម្ពុជា-វៀតណាម យ៉ាងណាក៏ដោយក្នុងការទប់ស្កាត់នាំទំនិញគេចពន្ធចេញចូល ប៉ុន្តែយ៉ាងណា នៅតែមានការដឹកជញ្ជូនចេញតាមច្រករបៀង និងច្រកទ្វេភាគីជារឿយៗ មិនដែលខាន, ជាក់ស្ដែងនៅច្រកដូនរ័ត្ន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ គេសង្កេតឃើញនៅតាមដងផ្លូវក្រាលកៅស៊ូ តភ្ជាប់ពីលេខ ៧ មកដល់ព្រំដែនវៀតណាម គឺមានរថយន្តខ្នាតយក្សប្រភេទវេអងចំនួនពីរគ្រឿងដឹកជ័រកៅស៊ូស្អុយចេញទៅកាន់ប្រទេសវៀតណាមយ៉ាងរំភើយ កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២៤ ឆ្លងកាត់ច្រកទ្វេភាគីនេះយ៉ាងស្រួល។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា : នៅតាមផ្លូវក្រាលកៅស៊ូក្នុងឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កន្លងទៅ គេសង្កេតឃើញមានឈ្មួញដឹកជ័រកៅស៊ូស្អុយដែលមើលទៅជាលក្ខណៈគ្រួសារ បានយកទៅលក់នៅក្នុងប្រទេសវៀតណាមចេញតាមច្រកដូនរ័ត្ន គឺមិនមានការរារាំងណាមួយពីកម្លាំងមន្ត្រីសមត្ថកិច្ច ក៏ដូចជាកម្លាំងគយប្រចាំច្រកនោះទេ ដោយគេលើកហេតុផលថាលក្ខណៈតូចតាចគ្រួសារតែប៉ុណ្ណោះ គឺពលរដ្ឋលក់គ្រាន់បានលុយដោះស្រាយជីវភាពគ្រួសារ។
ជាមួយនោះ សូម្បីតែបារាសសម្រាប់បើកបិទ ក៏ត្រូវបានបើកចំហឲ្យរថយន្តទាំងពីរគ្រឿងចេញទៅយ៉ាងរលូន។ គេមានចម្ងល់មិនដឹងថា ឈ្មួញចំណាយលុយប៉ុន្មានដើម្បីនាំចេញស្រួលយ៉ាងដូច្នេះ។
តាមប្រភពច្បាស់ការបានទម្លាយឲ្យដឹងថា មានរថយន្តវេរអង្គខ្នាតយក្សចំនួន ២គ្រឿង បានដឹកជ័រកៅស៊ូស្អុយរាប់រយតោនចេញពីប្រទេសកម្ពុជា
ដោយបើកតាមផ្លូវក្រាលកៅស៊ូកាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ដោយចេញទៅបន្តបន្ទាប់គ្នា។ នៅតាមដងផ្លូវគេឃើញមានកម្លាំងសមត្ថកិច្ចបានឲ្យរថយន្តដឹកជ័រកៅស៊ូនេះឈប់ហើយថតរូបបន្ទាប់មកអនុញ្ញាតឱ្យរថយន្តនេះបន្តដំណើរទៅមុខទៀត ។
ជាមួយនោះ គេឃើញមានកម្លាំងសមត្ថកិច្ចក៏ដូចជាគយប្រចាំច្រកដូនរត័្ន បានបើកបារ៉ាស់ចំហយ៉ាងធំដោយឱ្យរថយន្តដឹកជ័រកៅស៊ូដែលមិនទាន់កែច្នៃនេះចូលទៅក្នុងប្រទេសវៀតណាមយ៉ាងរំភើយតែម្ដង គឺមិនមានការទប់ស្កាត់នោះទេ។
សូមបញ្ជាក់ថា កន្លងមកមានរថយន្តដឹកជ័រកៅស៊ូធុនតូចជាងនេះចំនួនពីរថយន្តបម្រុងនឹងឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាមតាមច្រកក្នុងស្រុកមេមត់ តែត្រូវបានកម្លាំងជំនាញគយ បានឃាត់រថយន្តទាំងពីរគ្រឿងមិនឲ្យចេញទៅវៀតណាមនោះទេ គឺបានឲ្យម្ចាស់ជ័រកៅស៊ូនាំយកមកលក់នៅសិប្បកម្មកែច្នៃកៅស៊ូក្រែបមួយកន្លែងក្នុងស្រុកតំបែរ ដោយតម្រូវឲ្យចេញជាកៅស៊ូក្រែបសិនទើបអនុញ្ញាតឲ្យចេញទៅវៀតណាម។
ជុំវិញរថយន្តធុនយក្សដឹកជ័រកៅស៊ូពីរគ្រឿងដែលចេញទៅវៀតណាមដោយស្រួលៗបែបនេះ ភ្នាក់ងារ CEN បានសុំការបំភ្លឺពីប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនដូនរ័ត្នហ្នឹង តែប្រធានគយ លោក គង់សារឿន តែមិនអាចទាក់ទងបំភ្លឺបានដោយទូរស័ព្ទរោទិ៍ច្រើនដង តែមិនមានអ្នកលើក។
ចំណែក ឯកឧត្តមបណ្ឌិត ជាម ចន្ទសោភ័ណ្ឌ អភិបាលខេត្តវិញ មានប្រសាសន៍តាមទូរស័ព្ទឱ្យដឹងនារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ថា ជ័រកៅស៊ូស្អុយដែលដឹកតាមរថយន្តចេញទៅវៀតណាមនោះ មិនមានមន្ត្រីណាហាមឃាត់ទេ ព្រោះបងប្អូនប្រជាពលរដ្ឋប្រមាណជាង១០គ្រួសារ ពួកគាត់បានហ៊ុនគ្នាដឹកតាមរថយន្តយកទៅលក់នៅប្រទេសវៀតណាម ដើម្បីយកលុយមកដោះស្រាយជីវភាពគ្រួសារ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី








