ភ្នំពេញ ៖ ឯកឧត្ដម ឡយ ជេម អូស្ទីន III (Lloyd James Austin III) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ បានផ្ញើសារលិខិតថ្លែងអំណរគុណជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលស្វាគមន៍ ឯកឧត្ដមរដ្ឋមន្ត្រី ជាលើកទី២។
បើតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ដែលធ្វើឡើងនៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ មានខ្លឹមសារដូចខាងក្រោម៖ “សូមគោរពជូន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រាជធានីភ្នំពេញ
សម្ដេចតេជោប្រធានព្រឹទ្ធសភាជាទីគោរពរាប់អាន!
សូមថ្លែងអំណររគុណ សម្តេចប្រធាន ដែលបានស្វាគមន៍ខ្ញុំនៅកម្ពុជាជាលើកទីពីរ។ ខ្ញុំមានសេចក្តី រីករាយដែលបានជួប សម្តេចប្រធាន ជាថ្មីម្ដងទៀត។
ដូចដែលខ្ញុំបានលើកឡើងនៅក្នុងជំនួបរបស់យើង សហរដ្ឋអាមេរិកនៅតែមានចំណាប់អារម្មណ៍ធ្វើ ការជាមួយសម្តេចប្រធាន ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។ ខ្ញុំសង្ឃឹមថាសហរដ្ឋអាមេរិក អាចជួយកម្ពុជា ពង្រឹងសន្តិសុខរបស់ខ្លួន ទៅតាមរបៀបដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា។
ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះចម្លើយដ៏ស្មោះត្រង់មិនលាក់លៀមរបស់សម្តេច ចំពោះសំណូមពរបស់ខ្ញុំ។ ខ្ញុំសង្ឃឹមថានឹងបន្តកិច្ចពិភាក្សាអំពីមធ្យោបាយដ៏ល្អបំផុត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើង ហើយខ្ញុំទន្ទឹងរង់ចាំនូវទំព័រថ្មីនេះនៃទំនាក់ទំនងការពារជាតិរបស់ប្រទេសយើងទាំងពីរ។
សូម សម្តេចប្រធាន ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ”៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី




