Thursday, May 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋជាង ៦០គ្រួសារ នៅភូមិចតុឡោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅតែបន្តស្វែងរកការអន្តរាគមន៍ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ខេត្តកំពង់ធំ ៖ នៅថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ធំបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ប្រជាពលរដ្ឋជាង ៦០គ្រួសារ នៅភូមិចតុឡោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅតែបន្តស្វែងរកការអន្តរាគមន៍ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ថ្មីៗនេះ រដ្ឋបាលខេត្តកំពង់ធំ ទទួលបានព័ត៌មានបានចុះផ្សាយថា មានបងប្អូនប្រជាពលរដ្ឋជាង ៦០គ្រួសារ ដែលរស់នៅក្នុងឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅតែបន្តស្វែងរកការអន្តរាគមន៍ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចតេជោ ហ៊ុន សែន ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ដើម្បីរកដំណោះស្រាយសមស្របដល់ពួកគាត់ ដោយបានអះអាងថា ការតវ៉ា របស់ពួកគាត់កន្លងមកនៅរដ្ឋបាលឃុំ ស្រុក ខេត្ត ពុំទាន់ឃើញមានដំណោះស្រាយណាមួយមានយុត្តិធម៌ សមធម៌ សមស្របដើម្បីឱ្យពួកគាត់អស់ចិត្ត មានតែបង្ខំចិត្តដាក់ទៅថ្នាក់ជាតិបន្តទៀត ដើម្បីសុំឱ្យសម្តេចបវរធិបតី និង សម្តេចតេជោ ជួយរកយុត្តិធម៌ជូន ប្រជាពលរដ្ឋមានការខកចិត្ត ដោយមានការឃុបឃិតគ្នាជាប្រព័ន្ធ យកដីដែលសម្តេចកាត់ឆ្កៀល ជូនប្រជាពលរដ្ឋដើម្បីប្រកបអាជីវកម្មចិញ្ចឹមជីវិត និងស្តារជីវភាពប្រជាពលរដ្ឋឱ្យផុតពីការ លំបាកនោះ បែរជាមិនបានធ្លាក់ដល់ដៃប្រជាពលរដ្ឋដែលធ្លាប់តែកាន់កាប់ និងអាស្រ័យផលនៅលើដីនោះ ពិតប្រាកដទៅវិញ ។

ប្រជាពលរដ្ឋបានអះអាងបន្តទៀតថា ដីនៅចំណុចអាងទឹកចិនម្តុំត្រពាំងជ្រោយអង្ក្រង ស្ថិតក្នុងភូមិចតុឡោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នោះ គឺពួកគាត់ខ្លះបានកាន់កាប់ និងអាស្រ័យផល ជាបន្តបន្ទាប់តាំងពី ឆ្នាំ១៩៩១ ដោយធ្វើស្រូវឡើងទឹក ហើយនៅក្នុងឆ្នាំ១៩៩៨ រដ្ឋបាលបានដកដីនេះទុកជាដី របស់រដ្ឋ ជាដែនព្រៃអភិរក្សសត្វខ្សឹប និងជាដែនតំបន់៣ ដែលរដ្ឋបានហាមឃាត់ ក្រោយមកនៅខែមករា ឆ្នាំ២០២៤ ពួកគាត់ឃើញក្រុមគ្រឿងចក្រនៅឈូសឆាយភ្ជួររាស់នៅលើដីដែលពួកគាត់បានកាន់កាប់នេះ ទើបនាំគ្នាទៅតវ៉ា ។ មេកាគ្រឿងចក្រម្នាក់ឈ្មោះ ហាក់ នៅភូមិថ្នល់ជាតិ ឃុំបារាយណ៍ បាននិយាយថា គាត់មកធ្វើលើដីនេះ គឺគាត់បានជួលពីគេទេ នៅលើផ្ទៃដីទំហំប្រមាណ ១២០ហិកតា ចំណែកមេកាម្នាក់ទៀតឈ្មោះ ម៉េត ជុក បាននិយាយថា គាត់ជាតំណាងប្រជាពលរដ្ឋដែលជាម្ចាស់ដីនេះ ជាមួយគ្នានេះដែរគាត់ក៏បានទៅ សួរនាំមេឃុំ ក៏ដូចជាលោកអភិបាលស្រុក ទើបបែកធ្លាយដឹងរឿងថា ដីដែលនៅតំបន់ដែលពួកគាត់ធ្លាប់អាស្រ័យផលនោះ ត្រូវបានរាជរដ្ឋាភិបាល កាត់ឆ្កៀលឱ្យមកប្រជាពលរដ្ឋដែលធ្លាប់បានកាន់កាប់ និងអាស្រ័យផល ប៉ុន្តែឈ្មោះត្រូវបានគេរៀបចំទៅឱ្យអ្នកផ្សេង និងបក្សពួកដែលពុំធ្លាប់បានកាន់កាប់ និងអាស្រ័យផលនៅលើដីនេះទៅវិញ ។ ចំណែកពួកគាត់ដែលធ្លាប់បានកាន់កាប់ និងអាស្រ័យផលនៅលើដីនោះពិតប្រាកដ បែរជាមិនមានសូម្បីតែមួយគ្រួសារ ដែលធ្វើឱ្យពួកគាត់ខកចិត្តជាខ្លាំង ។

ដើម្បីធ្វើការស្រាយបំភ្លឺទៅនឹងព័ត៌មានដែលបានចុះផ្សាយ និងសូមជម្រាបជូនដល់សាធារណៈជនឱ្យ បានជ្រាបផងដែរថា អាជ្ញាធរទន្លេសាប និងរដ្ឋបាលខេត្តកំពង់ធំ បានដឹកនាំក្រុមការងារនៃមន្ទីរពាក់ព័ន្ធ និង ទីបញ្ជាការស្រាលស្រុកបារាយណ៍ ចុះពិនិត្យទីតាំងគ្រឿងចក្រឈូសឆាយដីព្រៃលិចទឹក និងជីកប្រឡាយទឹកថ្មីនៅចំណុចអាងទឹកចិនម្តុំត្រពាំងជ្រោយអង្ក្រង ស្ថិតក្នុងភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំដោយទទួលបានលទ្ធផលដូចខាងក្រោម៖ ១-ទីតាំងដែលប្រជាពលរដ្ឋបានជីកប្រឡាយទឹក និងភ្ជួរដីធ្វើស្រែនេះ ស្ថិតនៅក្នុងដីតំបន់២ ដែលរាជរដ្ឋាភិបាល បានកាត់ឆ្កៀលជូនប្រជាពលរដ្ឋតាមរយៈអនុក្រឹត្យលេខ ២៨ អនក្រ.បក ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ។

២-ប្រជាពលរដ្ឋចំនួន ៦០គ្រួសារ ដែលទាមទារដីនៅក្នុងតំបន់កាត់ឆ្កៀលនេះ តាមការបញ្ជាក់របស់ អាជ្ញាធរឃុំ ស្រុក ពុំដែលមានដីនៅក្នុងតំបន់នេះទេ និងពុំមានឈ្មោះនៅក្នុងបញ្ជីស្នើសុំកាត់ឆ្កៀលផងដែរ ។ ៣-ចំពោះទីតាំងដែលប្រជាពលរដ្ឋចំនួន ៦០គ្រួសារ ធ្លាប់បានអាស្រ័យផលនោះ គឺស្ថិតនៅក្នុងដីតំបន់៣ ក្រៅពីតំបន់កាត់ឆ្កៀល ។

រដ្ឋបាលខេត្ត មានការសោកស្តាយចំពោះសារព័ត៌មាន ដែលពុំមានគោលការណ៍គ្រប់ជ្រុងជ្រោយពី សំណាក់អាជ្ញាធរ និងសូមស្វាគមន៍ជានិច្ចក្នុងការសហការផ្តល់ និងទទួលព័ត៌មានពីគ្រប់មជ្ឈដ្ឋានទាំងអស់ និងស្នើឱ្យសារព័ត៌មានដែលបានចុះផ្សាយ និងសារព័ត៌មានដទៃទៀតដែលមានបំណងចង់ស្វែងយល់ករណីខាងលើឬព័ត៌មានផ្សេងទៀត សូមទំនាក់ទំនងសួរព័ត៌មានដោយផ្ទាល់មករដ្ឋបាលខេត្ត ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×