បន្ទាយមានជ័យ ÷នៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អៀត ឈាម (អៀត ណំ) ហៅឃ្មុំ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់បណ្តោះអាសន្នមាត់អូរគោកស្បែង ភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅវេលាម៉ោង២០និង០០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ចំណុចមាត់អូរ ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ការឃាត់ខ្លួននេះធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ វឿន វុត្ថា ហៅសារ៉េត,ញាញ់ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅចំណុចមាត់អូរ ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា តាមការរៀបរាបរបស់ជនរងគ្រោះនៅវេលាកើតហេតុ ជនសង្ស័យបានប្រើអំពើហិង្សាលើប្អូនរបស់ខ្លួនបណ្តាលឱ្យរបួស ហើយជនរងគ្រោះខឹងយ៉ាងខ្លាំង ក៏បានបបួលប្អូនប្រុសទៅតាមរកជនសង្ស័យដើម្បីសួរនាំ ហើយក៏កើតជាហិង្សាដោយជនសង្ស័យនិងបក្ខពួក២នាក់ទៀត បានយកដំបងបួនជ្រុង និងកាំបិតម្នាក់មួយដើម ព្រួតគ្នាកាប់និងវាយមកលើខ្លួន និងប្អូនប្រុស ឈ្មោះ វឿន គឹមស្រេង ភេទប្រុស អាយុ១៧ឆ្នាំ បណ្តាលឱ្យបែកក្បាលហូរឈាមជាច្រើនកន្លែង រងរបួសធ្ងន់ធ្ងរផ្នែកក្បាលនិងខ្លួន រហូតសន្លប់បាត់បង់ស្មារតី បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា-ជប៉ុន មង្គលបូរី ត្រូវស្លាប់បាត់បង់ជីវិត នៅវេលាម៉ោង០៤ទៀបភ្លឺ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។
បន្ទាប់ពីទទួលពាក្យបណ្ដឹងកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការកំណត់មុខសញ្ញា និងស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ នៅចំណុចមាត់អូរគោកស្បែង ស្ថិតនៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំណែកបក្ខពួកបានរត់គេចខ្លួន។
ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពវាយនិងកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ចំណែកបក្ស២នាក់ទៀតកម្លាំងកំពុងស្រាវជ្រាវបន្ត៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី






