ស្រុកអង្គរបូរី ៖ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ និងសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០៧និង៣០នាទីព្រឹក ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី បានទទួលពាក្យបណ្តឹងពីឈ្មោះ ប វ ច ក ភេទស្រី អាយុ ១៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ បានប្តឹងជនសង្ស័យឈ្មោះ ទួន តេ ភេទប្រុស អាយុ ៥១ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំ ជាមួយគ្នា(ត្រូវជាឳពុកចុង)។
ដោយកាលពីឆ្នាំ២០២៣ មិនចាំថ្ងៃខែឡើយ វេលាប្រហែលម៉ោង ៣ទៅ៤ទៀបភ្លឺ ជនសង្ស័យឈ្មោះ ទួន តេ (ត្រូវជាឳពុកចុង) បានធ្វើសម្មភាពរំលោភសេពសន្ថវៈខ្លួនបានសម្រេចជាញឹកញាប់ចាប់តាំងពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ បណ្តាលឱ្យជនរងគ្រោះ មានផ្ទៃពោះ ៨ខែ ដោយជនសង្ស័យគំរាមមិនអោយប្រាប់អ្នកណាឡើយ។
ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលបាស្រែ រហូតដល់វេលាម៉ោង ១០និង០០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ទួន តេ ចំណុចភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ យកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី។
បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំ ដើម្បីចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី



