រាជធានីភ្នំពេញ៖ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសារទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។
ក្នុងទិវាដ៏វិសេសវិសាលនេះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងថ្នាក់ដឹកនាំនៃស្ថាប័នពាក់ព័ន្ធ ទស្សនាការតាំងពិព័រណ៍ស្តីពីសមិទ្ធិផលនៃការអប់រំ ព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្ម របស់ក្រសួង/ស្ថាប័ន អង្គការមិនមែនរដ្ឋាភិបាល និងសមាគមនានា និងស្តង់របស់ក្រសួងសុខាភិបាល បង្ហាញសមិទ្ធិផលនៃការព្យាបាលអ្នកញៀនគ្រឿងញៀននៅតាមសេវាសុខាភិបាលសាធារណៈផងដែរ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា ក៏បានបង្ហាញ ឯកឧត្តមសន្តិបណ្ឌិតឧបនាយករដ្ឋមន្រ្តី ពីសមិទ្ធផលរបស់ក្រសួងសុខាភិបាល ក្នុងការព្យាបាលអ្នកញៀនគ្រឿងញៀន និងកម្មវិធីកាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពីការប្រើប្រាស់គ្រឿងញៀន ដែលក្រសួងសុខាភិបាល បានរួមចំណែកជួយសង្រ្គោះអ្នកប្រើប្រាស់គ្រឿងញៀន។
ក្នុងវេលាទស្សនាការតាំងពិព័រណ៍របស់ក្រសួងសុខាភិបាល ឯកឧត្តមសន្តិបណ្ឌិតឧបនាយករដ្ឋមន្រ្តី បានសំដែងនូវទឹកចិត្តរីករាយ និងបង្ហាញពីភាពចាំបាច់នៃតួនាទីរបស់ក្រសួងសុខាភិបាលក្នុងការព្យាបាលអ្នកញៀនគ្រឿងញៀន និងបានលើកទឹកចិត្តឱ្យមានកិច្ចសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញឿន។
ពិធីនេះប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តី និងឯកឧត្តម លោកជំទាវតំណាងក្រសួង-ស្ថាប័ន ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ តំណាងអង្គទូតប្រចាំនៅកម្ពុជា អង្គការជាដៃគូ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបផងដែរ។
សូមរំលឹកថា គ្រឿងញៀន សារធាតុគីមីផ្សំ និងសារធាតុគីមី ចំនួនសរុប ៧,៣៥តោន ត្រូវបានយកមក ដុតបំផ្លាញចោល នៅវេលាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីតាំងឡឥដ្ឋមួយកន្លែង ស្ថិតក្នុងសង្កាត់សំរោងខាងត្បូង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ពិធីដុតបំផ្លាញនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងក្នុងនោះមានការចូលរួមពីឯកឧត្តម ងួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឯកឧត្តមឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
គ្រឿងញៀនដែលត្រូវដុតបំផ្លាញនៅពេលនេះ មានចំនួន៥៤សំណុំរឿង ក្នុងនោះមានទៀតសាលក្រមស្ថាពរ និងសេចក្ដីសម្រេចមុនអង្គសេចក្ដី។
គ្រឿងញៀនដែលរៀបចំដុតបំផ្លាញនៅពេលនេះ សរុបចំនួន៤ តោន ១០០គីឡូក្រាម១០៨,៧៦ ក្រាម និងវគ្គក្រោយទៀត គឺការបំផ្លាញដោយវិធីសាស្ត្រ បន្សាបនូវសារធាតុគីមីផ្សំ ចំនួន៣ តោន ២៥៤គីឡូក្រាម ដែលជាអាស៊ីតមិន អាចធ្វើការបំផ្លាញដោយវិធីដុតបាន ដោយត្រូវរង់ចាំការបន្សាប។
ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនអះអាងថា គ្រឿងញៀនជាង៤តោន ដែលត្រូវដុតបំផ្លាញចោលនេះ មានតម្លៃជួញដូរជាង២២ លានដុល្លារ និងតម្លៃចែកចាយប្រមាណជាង ៦៦ លានដុល្លារ ខណៈក្រុមឧក្រិដ្ឋជនគ្រឿងញៀន ដែលសមត្ថកិច្ចឃាត់ខ្លួនបាន ជាង១ម៉ឺននាក់ ក្នុងនោះជនបរទេសភាគច្រើនគឺជាជនជាតិវៀតណាមនិងជនជាតិចិន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី


















