រាជធានីភ្នំពេញ ÷ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមប្រឹក្សានាយក នៃធនាគារពិភពលោក នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នេះ បានអនុម័តលើកញ្ចប់ឥណទានតម្លៃ ២៧៥លានដុល្លារអាមេរិក សម្រាប់ជួយទ្រទ្រង់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជំរុញកំណើន និងភាពធនសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលវែងឆ្ងាយទៅមុខទៀត។
បើតាមសេចក្ដីប្រកាសព័ត៌មាន បង្ហាញថា ហិរញ្ញប្បទាននេះ មានប្រភពមកពីមូលនិធិ ដែលមានអត្រាការប្រាក់ទាបរបស់សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ នឹងត្រូវបានយកទៅប្រើប្រាស់សម្រាប់ជំរុញកំណែទម្រង់ សំដៅលើកកម្ពស់ភាពប្រកួតប្រជែងនៃផ្នែកឯកជន, ពង្រឹងជំហរសារពើពន្ធរបស់ប្រទេស និងផ្តល់ជំនួយដល់ក្រុមប្រជាជនងាយរងគ្រោះបំផុត។
ឥណទាននេះ គឺសម្រាប់គម្រោងដំណាក់កាលទី២ ស្តីពី ហិរញ្ញប្បទានសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា និងការរៀបចំគោលនយោបាយអភិវឌ្ឍន៍មានភាពធន់ (Second Cambodia Growth and Resilience Development Policy Financing) ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលនៅរារាំងកិច្ចខិតខំរបស់កម្ពុជាក្នុងការរើបង្រះខ្លួនចេញពីឥទ្ធពលញាំញីរ៉ាំរ៉ៃមកលើសេដ្ឋកិច្ច ពីសំណាក់ជំងឺរាតត្បាតកូវីដ-១៩។
ឥណទានថ្មីនេះ បន្ថែមពីលើឥណទានតម្លៃ ២៧៤លានដុល្លារអាមេរិក ដែលត្រូវបានផ្តល់ក្នុងឆ្នាំ២០២២ សម្រាប់គម្រោងដដែលនេះ នៅក្នុងដំណាក់កាលទី១ (first Cambodia Growth and Resilience Development Policy Financing)។
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា បានថ្លែងថា បន្ទាប់ពីបានស្តារខ្លួនចេញពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងពីស្ថានការណ៍អង្រួនកន្ត្រាក់ក្រោយមកទៀត ពេលនេះកម្ពុជាកំពុងបង្វែរការផ្តោតកិច្ចខិតខំរបស់ខ្លួន ឆ្ពោះទៅសម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ចថេរ មានគុណភាពខ្ពស់។ ឥណទានថ្មីនេះនឹងជួយជំរុញភាពប្រកួតប្រជែងនៃផ្នែកឯកជន, ពង្រឹងជំហរសារពើពន្ធរបស់រដ្ឋាភិបាល និងផ្តល់ជំនួយដល់ពលរដ្ឋកម្ពុជាដែលងាយរងគ្រោះបំផុត៕ ពិសិដ្ឋ CEN













